backup og meta

ក្មេងតូចៗអាចញ៉ាំត្រីសាច់បាន បើសិនជាម៉ាក់ប៉ាធ្វើរបៀបនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 12, 2020

    ក្មេងតូចៗអាចញ៉ាំត្រីសាច់បាន បើសិនជាម៉ាក់ប៉ាធ្វើរបៀបនេះ!

    ទារក​ចាប់​ពី​អាយុ ៦ ខែ ទៅ​ឲ្យ​ម៉ឹម​តែ​ទឹក​ដោះ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់ៗ​ត្រូវ​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន។ អាហារ​បន្ថែម​ដំបូង​ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង​តូចៗ​ចាប់​ពី​អាយុ ៦ខែ ឡើង ត្រូវ​តែ​ជ្រាយ ទន់ ម៉ដ្ត សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម និង​ងាយ​ស្រួល​រំលាយ។

    នៅ​ឯកសារ​ស្តី​ពី​ការ​ចិញ្ចឹម និង​គាំពារ​ទារក​និង​កុមារ​ឲ្យ​មាន​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ បាន​បញ្ជាក់​ថា ពេល​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ យើង​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ផុយ ហើយ​ពាត (កិន) ​ឲ្យ​ម៉ដ្តល្អ។

    តើ​ក្មេង​តូចៗ​អាច​ញ៉ាំ​ត្រី​សាច់​បាន​ទេ? ចម្លើយ ក្មេង​អាច​ញ៉ាំ​បាន តែ​យើង​ត្រូវ​រៀប​ចំ​របៀប​នេះ៖

    – ត្រី៖ គួរ​ស្ងោរ​ឲ្យ​ឆ្អិន​ល្អ ហើយ​បេះ​ឲ្យ​ល្អិតៗ កុំ​ឲ្យ​ដោយ​ឆ្អឹង

    – សាច់៖ ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ត ហើយ​ស្ងោរ​ឲ្យ​បាន​ឆ្អិន និង​ផុយ​ល្អ

    – បន្លែ៖ ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ត ហើយ​ស្ងោរ​ឲ្យ​បាន​ឆ្អិន និង​ផុយ​ល្អ។

    ខាង​ក្រោម​ជា​ប្រភេទ​អាហារ និង​បរិមាណ​ត្រូវ​ផ្តល់​ឲ្យ​ទារក​ទៅ​តាម​អាយុ៖

    ១. ក្មេង​អាយុ ៦ ខែ

    កូន​អាយុ​បាន ៦ ខែ ម៉ាក់​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ ហោច​ណាស់​ឲ្យ​បាន ៨ដង/ថ្ងៃ និង​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន។

    ប្រភេទ​អាហារ៖ បបរ​ខាប់​គ្រប់​គ្រឿង ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ

    ចំនួន​ដង៖ ២ដង/ថ្ងៃ

    បរិមាណ៖ ២-៣ ស្លាប​ព្រា​បាយ/ពេល។

    ២. ក្មេង​អាយុ ៧-៨ ខែ

    ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ ហោច​ណាស់​ឲ្យ​បាន ៨ ដង/ថ្ងៃ និង​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន។

    ប្រភេទ​អាហារ៖ បបរ​ខាប់​គ្រប់​គ្រឿង ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ត ស៊ុត ឬ​សាច់ ល្ពៅ និង​បន្លែ​ស្លឹក​បៃតង​ចាស់​ដែល​ពាត ចិញ្ច្រាំ​ម៉ដ្ត។

    ចំនួន​ដង៖ ៣ ដង/ថ្ងៃ

    បរិមាណ៖ ៣ ស្លាបព្រា​បាយ-កន្លះ​ចាន​ចង្កឹះ/ពេល។

    ៣. ក្មេង​អាយុ ៩-១២ខែ

    កូន​អាយុ​បាន ៩-១២ ខែ ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ ហោច​ណាស់​ឲ្យ​បាន ៦ ដង/ថ្ងៃ និង​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន។

    ប្រភេទ​អាហារ៖ បបរ​ខាប់​គ្រប់​គ្រឿង ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ត ស៊ុត ឬ​សាច់ ល្ពៅ និង​បន្លែ​ស្លឹក​បៃតង​ចាស់​ដែល​ពាត ចិញ្ច្រាំ​ម៉ដ្ត។

    ចំនួន​ដង៖ ៣ ដង/ថ្ងៃ

    បរិមាណ៖ កន្លះ-១ចាន​ចង្កឹះ/ពេល

    និង​ត្រូវ​ផ្តល់​បន្ថែម​នូវ​អាហារ​ក្រៅ​ពេល (អាហារ​សម្រន់) ១ដង/ថ្ងៃ ដូច​ជា​ចេកទុំ ល្ហុងទុំ ស្វាយទុំ ចេកស្ងោរ ដំឡូងជ្វា ត្រាវ ជាដើម។

    ក្រៅ​ផ្តល់​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន យើង​ក៏​អាច​ផ្តល់​ចេក ស៊ុត​ផ្នែក​លឿង ដំឡូងជ្វា ឬ​ល្ពៅ​ឲ្យ​កូន​ញ៉ាំ​បាន​ដែរ ដោយ​យក​បន្លែ​ផ្លែឈើ​ទាំង​អស់​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន រួច​យក​ស្លាបព្រា​កោស​ល្អិតៗ និង​ពាត​(កិន)ឲ្យ​ម៉ដ្ត។ ក្រោយ​ពាត​រួច បើ​សិន​ជា​បន្លែ​ផ្លែឈើ​ទាំង​នោះ​ស្ងួត​ពេក ម៉ាក់ៗ​អាច​យក​ទឹកដោះ​លាយ​ជាមួយ​អាហារ​ទាំង​នោះ​ឲ្យ​មាន​ជាតិ​សើម និង​ទន់ ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​លេប។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម