backup og meta

រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Aug 02, 2023

    រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

    សំណព្វ​ចិត្ត​របស់​ម៉ាក់ប៉ា ដែល​ទើប​នឹង​កើត​ពិត​ជា​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ខ្ពស់​អស់​ពី​បេះដូង ឬ​ចេញ​ថើប​ចូល​ថើប​ជាមិន ខាន។ សុខភាព​កូន​តូច​ ពិត​ជា​រឿង​សំខាន់​បំផុត ក្រោយ​ការ​ថែទាំ ពិនិត្យ តាមដាន​អំឡុង​ពពោះ ៩ខែ ១០ថ្ងៃ និង​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ។

    ការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយ​របស់​ទារក​​ទើប​នឹង​កើត​ អាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ចំពោះ​ពួកគេ។ តើ​​ម៉ាក់ប៉ា​ចាប់​អារម្មណ៍​ទេ​ថា កូន​តូច​យើង​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​អ្វី ខ្លះ? អាច​ធ្ងន់ធ្ងរ​ទេ? ច្បាស់​ណាស់ ក្នុង​នាម​ជា​ម៉ាក់​ថ្មីថ្មោង ឬ​កូន​ដំបូង យើង​​អាច​បារម្ភ​ច្រើន ឬ​ផ្ដល់​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ជា​ដើម។ ថ្ងៃ​នេះ​​ ក្រុម​ការងារ “Hello គ្រូពេទ្យ” សូម បង្ហាញ​ពី​បញ្ហា​ស្បែក ដែល​ឧស្សាហ៍​ កើត​ចំពោះ​ទារក​ទើប​កើត។

    ៦ចំណុច​ខាងក្រោម​នេះ​ហើយ ​ដែល​តែង​តែ​​ធ្វើ​ឲ្យ​ស្បែក​ទារក​ ជួប​បញ្ហា​ច្រើន​បំផុត៖

    ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក​

    បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​(ជាតិ)​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូចៗ​ពណ៌​ស ​ឬលឿង​​លើ​​មុខ​របស់​ទារក​ ជា​ការ​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ មីលៀ ​ក៏​អាច​ចេញ​នៅ​អញ្ចាញធ្មេញ​របស់​​ទារក​ទើប​នឹង​កើត​​ដែរ។ ជា​ធម្មតា​ អាការៈនេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ចំពោះ​ការ​ប្រើ​សារធាតុ​ប្រេង ​និង​ក្រែម​ ដើម្បី​លាបឱ្យ​កូន មិន​អាច​ធ្វើ​ឱ្យ​កន្ទួល​ស/លឿង​នេះ​ថមថយ​ទេ​ តែ​បែរ​ជា​ផ្ដល់​ផលមិនល្អ​ដល់​ស្បែក​របស់​ទារក​វិញ​ទេ។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- ចំហាយ​ក្តៅ ឬ ចែងថ្ងៃ 

    កន្ទួល​ខ្ទុះ​តូចៗ ពណ៌​ក្រហម​ ​ដែល​មាន​​ពងបែក ​ច្រើន​កើត​មាន​នៅ​លើ​ខ្នង ​ឬ​​​បរិវេណ​ដើម​ទ្រូង​​ទារក នេះ​ជា​រោគ សញ្ញា​របស់​ចែងថ្ងៃ ឬ​ចំហាយក្ដៅ។ មីលៀរៀ​ ​បង្ក​ឡើង​ដោយ​​​ការ​កកស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។

    ៣- អាចម៍​ក្របី​លើ​ក្បាល 

    ក្រា-ដលខេប ​ឬ​ខ្មែរ​យើង​ហៅ​សាមញ្ញ​ថា “អាចម៍​ក្របី” ​ជា​បញ្ហា​ស្បែក​ដែល​បណ្ដាល​មក​ពី​លើស​​ជាតិ​ខ្លាញ់​ម្យ៉ាង​ ឈ្មោះ​ ស៊ីប៊ឺម ​(Sebum)។ ជាតិ​ខ្លាញ់​ខាង​លើ​នេះ​មាន​នាទី​​​ធ្វើ​ឱ្យ​ស្បែក​ ​និង​កោសិកា​ស្អិត​ជាប់​គ្នា បង្ក​ទៅ​ជា​ក្រ-មរ ​ដំបៅ​ពណ៌​លឿងៗ​ស្អិត​ជាប់​នឹង​ស្បែក​​​ក្បាល​ទារក។

    ៤- មុន​ ឬ​ស្រែង​ទឹកដោះ 

    ចាប់​ពី​​កើត​រហូត​ដល់​ ៤​ខែ​ ទារក​ប្រមាណ​ជាង​ ៣០% ​តែងតែ​កើត​​មាន​បញ្ហា​មុន​ ឬ​ស្រែង​ទឹកដោះ​​លើ​មុខ ដែល​លោក​អ្នក​​សង្កេត​ឃើញ​ច្រើន​បំផុត​គឺ​ចាប់​ផ្ដើម​មាន​នៅ​សប្ដាហ៍​ទី​២ បន្ទាប់​ពី​ទារក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ។ អ្នក​ជំនាញ​ជឿ​ថា ការ​រលាក​ក្រហមៗ​​ ហើយ​មាន​ខ្ទុះ​ (ពណ៌) សៗ ​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ការវិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក។ តែ​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ទេ ព្រោះ​បញ្ហា​នេះ​នឹង​រលាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ ដោយ​មិន​ចាំបាច់​ប្រើ​ប្រេង​ ឬ​ក្រែម ដើម្បី​ព្យាបាល​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​លើស​ដើម​ចំពោះ​ស្បែក​ទារក​ទើប​នឹង​កើត។

    ៥- កន្ទួល​ក្រហម 

    នេះ​​ជា​ការ​រីក​រាល​ដាល​នៃ​ការ​រលាក​ក្រហម (ខ្លះ​មាន​ខ្ទុះ​ពណ៌ស ឬ​លឿង​នៅ​ចំ​កណ្ដាល) ដែល​ច្រើន​កើត​មាន​នៅ​លើ​ខ្នង​ មុខ​​ ដើមទ្រូង​ ឬ​ដៃ​របស់​ទារក។ បញ្ហា​នេះ​មិន​មាន​អ្វី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ទារក​នោះ​ទេ​ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​បន្តិច​ម្តងៗ​ ២-៣ខែ ​ដំបូង។

    ៦- ដៅ ឬ​ស្នាម​ពី​កំណើត(ពណ៌ខ្នៅ) 

    ស្នាម​​នេះ​អាច​​នៅ​ជាប់​រហូត​ពេញ​មួយ​ជីវិត​របស់​ទារក ឬ​មួយ​ចំនួន​អាច​រលុប​​បាត់​វិញ​អំឡុង​ពេល​ណាមួយ អាស្រ័យ​ទៅ​តាម​ការវិវត្តរបស់​ស្បែក​ទារក។

    ជា​ធម្មតា​ស្នាម​ពី​កំណើត(ខ្នៅ) ​មាន​ច្រើន៖

    – ខ្នៅ​ពណ៌បៃតង​ (Mongolian spots)៖ ស្នាម​ខ្នៅ ឬ​ដៅ​នេះ ​សឹង ៩០% កើត​​ចំពោះ​​ទារក​​អាស៊ី ជនជាតិ​ដើម​អាមេរិក​ អាហ្វ្រិក​កាត់​អាមេរិក​ ឬ​​អាមេរិកឡាទីន។ ស្នាម​នេះ​មាន​ពណ៌បៃតង​ក្រមៅ ឬ​​ស្រាល ហើយ​ឧស្សាហ៍​មាន​​នៅ​ម្តុំ​​ខ្នង​ ឬនៅ​គូទ​ទារក​ទើប​នឹង​កើត។​ ស្នាម​នេះ​គ្រាន់​ក៏​អាច​នឹង​បាត់​ទៅវិញ ដែរ តែ​ត្រូវ​ប្រើ​ពេល​ល្បាក់ ២ឆ្នាំ (រហូត​ទារក​អាយុ ២ខួប)។ ទោះ​ជា​មិន​បាត់ ១០០% ក៏​​​ពណ៌​ស្រាល​ជាង​មុន​បន្តិច​ម្តងៗ​ដែរ។

    -ស្នាម​ដៅ​​ក្រហម ឬ​ផ្កាឈូក ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ក្រសាខាំ (Stork bites pink birthmark)៖ ស្នាម​នេះ​បង្កប់​ទៅ​នឹង​សាច់ ​​រាបស្មើ​ គ្រាន់​តែ​មាន​​​ពណ៌​រាង​ផ្កា​ឈូក​ស្រាល(លេចឡើង)។ បញ្ហា​នេះ​ច្រើន​មាន​នៅ​លើ​ខ្ទង់​ច្រមុះ ​ក្រោម​ត្របក​ភ្នែក​ ឬនៅ​កញ្ចឹង​ក​ របស់​ទារក។ តាម​ការ​និយាយ​តៗ​គ្នា បើ​ស្នាម​នេះ​មាន​នៅ​ខាង​មុខ​គឺ​គេ​គិត​ថា ​ជា​ស្នាម​ថើប​របស់​ទេវតា ​តែ​បើ​នៅ​ខាង​ក្រោយ​វិញ​គេ​ថា​ ជា​ស្នាម​សត្វ​ក្រសារ​ខាំ​ទៅវិញ។

    – ផ្នូក (Infantile hemangiomas)៖ ជា​បណ្ដុំ​សរសៃ​​ឈាម ហើយ​វា​នឹង​បន្ត​រីក​លូតលាស់​ធំ​ឡើងៗ ​តាម​អាយុ​​របស់​ទារក។ ផ្នូក​ចាប់​ផ្ដើម​មើល​ឃើញ​កាន់​តែ​​​ច្បាស់​ចាប់​ពី​ទារក​កើត​មក​បាន​ ២-៤សប្តាហ៍។ ស្នាម​នេះ​ក៏​អាច​បាត់​វិញ​ដែរ​ក្នុង ​រយៈពេល​ប្រហែល ៨ឆ្នាំ ​ដោយ​មិន​ចាំបាច់​​ព្យាបាល​អ្វី​ទាំង​អស់។

    សង្ឃឹម​ថា​នេះ​អាច​ជា​ចំណេះដឹង​ថ្មី ចំពោះ​អ្នក​​ដែល​ទើប​មាន​កូន​ដំបូង។ សូម​ជួយ​ ចែក​រំលែក​បន្ត​ ដើម្បី​ឲ្យម៉ាក់ប៉ាថ្មីថ្មោង ឬ​កំពុង​ត្រៀម​ខ្លួន​មាន​អូន​តូច​ផ្សេង​ទៀត​ដឹង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Aug 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម