ពោះមិនទាន់គ្រប់ខែផង ស្រាប់តែបេប៊ីប្រញាប់ចេញមកក្រៅ ករណីនេះគេហៅថា កូនមិនគ្រប់ខែ។ ប៉ាម៉ាក់ ជាពិសេសម៉ាក់ៗ ប្រាកដជាសោកសៅ ក្តុកក្តួល អាណិតអូនៗខ្លាំងមិនខាន ពេលខ្លះអាចគិតថា សុខចិត្តពិបាកជំនួសអូនៗ បើអាច។
ម៉ាក់ប៉ា ត្រូវដឹងថា កូនកើតមិនគ្រប់ខែមិនមានន័យថា អូនៗមិនអាចធំលូតលាស់ដូចបេប៊ីដទៃទៀតឯណា គ្រាន់តែថាអ្វីដែលម៉ាក់ប៉ាត្រូវដឹង អូនៗមិនគ្រប់ខែត្រូវការការថែទាំពិសេស ដូចអ្វី “Hello គ្រូពេទ្យ” រៀបរាប់ខាងក្រោមនេះ៖
១- កើតមិនគ្រប់ខែត្រូវថែទាំនៅកន្លែងសង្គ្រោះបេប៊ី
អូនៗកើតមិនគ្រប់ខែ មានន័យថា មិនទាន់ត្រៀមខ្លួនរួចរាល់មកមើលភពផែនដីនៅឡើយ។ រាងកាយអូនៗមិនទាន់លូតលាស់សរីរាង្គពេញលេញនៅឡើយ ផ្នែកខ្លះក្នុងចំណោមសរីរាង្គសំខាន់ៗ មិនទាន់អភិវឌ្ឍពេញលេញដូចជា សួត ស្បែក និងសរីរាង្គរំលាយអាហារ ក៏ដូចជាប្រព័ន្ធភាពស៊ាំ។
សម័យមុន អូនៗកើតមិនគ្រប់ខែ មានឱកាសតិចតួចអាចរស់រានមានជីវិត ប៉ុន្តែដោយសារវិស័យវេជ្ជសាស្ត្រសម័យនេះកាន់តែទំនើប មានបរិក្ខារវេជ្ជសាស្ត្រជាច្រើន ផ្តល់ឲ្យបេប៊ីអាចមានជីវិតប្រកបដោយសុខភាពល្អ ក្រោមការថែទាំពិសេស អាចមានរយៈពេលរាប់សិបថ្ងៃ សប្តាហ៍ ឬខែ។
២- កន្លែងណាខ្លះមានការថែទាំពិសេស
NICU (Naonatal Intensive Care Unit) ជាផ្នែកប្រពោធនកម្ម (កន្លែងសង្គ្រោះបេប៊ី) សម្រាប់បេប៊ីទើបកើតថ្មី និងមិនគ្រប់ខែ ទទួលបានការថែទាំចាំបាច់។ ផ្នែក NICU ផ្តល់ឲ្យបេប៊ីមិនគ្រប់ខែទទួលបានបរិយាកាសអស្ចារ្យបំផុត។ ទីនោះមានបុគ្គលិកយកចិត្តទុកដាក់ប្រព័ន្ធពិសេស បរិក្ខារវេជ្ជសាស្ត្រទាន់សម័យ គ្រូពេទ្យឯកទេសប្រចាំការ ២៤/៧ សេវាកម្មល្អបំផុតសម្រាប់បេប៊ី។
៣- សម្ភារៈបិរក្ខារខ្លះចាំបាច់
– ប្រព័ន្ធត្រួតពិនិត្យតាមដាន និងផ្តល់សញ្ញាអាសន្ន៖ ឧបករណ៍ទាំងនេះ ប្រើប្រាស់ដើម្បីត្រួតពិនិត្យតាមដានសន្ទស្សន៍ សញ្ញាជីវិតបេប៊ី ដូចជា ចង្វាក់បេះដូង សីតុណ្ហភាពរាងកាយ សម្ពាធឈាម ចង្វាក់ដង្ហើម និងអុកស៊ីសែនក្នុងឈាម ដោយបង្ហាញលើអេក្រង់ ដូចជាទូរទស្សន៍ទទួលព័ត៌មានពីខ្សែភ្លើងតភ្ជាប់បន្ទះស្អិតបិទលើរាងកាយបេប៊ី។ បើមានភាពមិនប្រក្រតី ឧបករណ៍បន្លឺសំឡេង ផ្តល់សញ្ញាអាសន្នទៅគ្រូពេទ្យ និងគិលានុប្បដ្ឋាកភ្លាមៗ។
– ឧបករណ៍ជំនួយដង្ហើម៖ មានវិធីសាស្រ្តច្រើនជំនួយការដកដង្ហើមខុសៗគ្នា អាស្រ័យលើតម្រូវការបេប៊ី ប៉ុន្តែវិធីសាស្ត្រទាំងអស់មានគោលដៅតែមួយគត់ ដើម្បីជួយអូនៗដកដង្ហើមត្រឹមត្រូវ។ វិធីសាស្ត្រទាំងនោះអាចមាន បំពង់ស៊កតាមមាត់ចូលក្នុងបំពង់ខ្យល់ ម៉ាស៊ីនសប់ដង្ហើម (C-PAP) ឬឃ្លុបឃ្លុំគ្របសម្រាប់ផ្តល់អុកស៊ីសែនជាដើម។
[embed-health-tool-child-growth-chart]
– វិធីសាស្ត្រផ្តល់អាហារ៖ បរិក្ខារនេះដើម្បីផ្តល់ឲ្យអូនៗទទួលបានអាហារូបត្ថម្ភ មានខ្សែបំពង់បញ្ចូលទៅក្នុងសរសៃវ៉ែន បំពង់ស៊កបញ្ចូលក្នុងរន្ធផ្ចិត ខ្សែបំពង់សម្រាប់ផ្តល់អាហារស៊កតាមមាត់ តាមច្រមុះ និងខ្សែបំពង់បញ្ចូលតាមសរសៃវ៉ែនធំកណ្តាល។
– សម្ភារៈបរិក្ខារដទៃទៀត៖ មានកែវក្រុងបេប៊ី ដើម្បីរក្សាសីតុណ្ហភាពសមស្រប បង្ការមេរោគ សំឡេងរំខាន ក៏ដូចជាអំពូលបញ្ចាំងភ្លើងប៊ីលី (Bili) ដើម្បីជួយបង្ការបញ្ហាស្បែកលឿង និងភ្នែកលឿង។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
៤- អ្វីគួរធ្វើពេលបេប៊ីនៅក្នុង (NICU)
– ព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយអូនៗឲ្យបានច្រើនតាមអាចធ្វើទៅបាន យកល្អប៉ះពាល់ថ្នមៗ។
– និយាយ អាន ឬច្រៀងឲ្យអូនៗស្តាប់ ព្យាយាមប្រាស្រ័យទាក់ទងជាមួយអូនៗ ជួយអូនៗឲ្យកាន់តែមានផាសុកភាព ពេលឮសំឡេងម៉ាក់ប៉ា។
– ប្តូរកន្ទបលាមក ទឹកនោម។
– ពេលពេទ្យងូតទឹកអូនៗលើកដំបូងត្រូវតែមានប៉ាម៉ាក់នៅទីនោះដែរ ព្រោះរៀនសូត្រជំនាញមានប្រយោជន៍ អាចជួយយើងបាននៅពេលក្រោយ។