បង្ហើយក្មេងទើបកើតទន់ខ្លាំងណាស់ ហេតុនេះហើយទើបម៉ាក់ប៉ា ឬចាស់ៗមួយចំនួនតែងយកប្រេងកូឡា ឬពន្លៃបុក ទៅលាបលើបង្ហើយនោះឲ្យឆាប់រឹង។ តែគ្រូពេទ្យថា ធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលក្មេង។
[embed-health-tool-baby-poop-tool]
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា បង្ហើយក្មេងជាកន្លែងផ្តុំនូវកោសិកាប្រព័ន្ធប្រសាទ វានឹងរីកលូតលាស់បន្តិចម្តងៗទៅតាមវ័យធំធាត់របស់ទារក កាលណាយើងរបស់អ្វីមួយទៅលាប ឬបិទ ប្រៀបបាននឹងបង្អាក់ការលូតលាស់។
ក្រៅពីប៉ះពាល់ដល់ការលូតលាស់ខួរក្បាលទារក ការយកប្រេងកូឡា ពន្លៃ ឬស្លឹករុក្ខជាតិផ្សេងៗមកបុក រួចបិទនៅលើបង្ហើយ ធ្វើឲ្យកើតជាកំណកដុំៗ ដែលចាស់ៗចំណាំហៅថាអាចម៍ក្របីនោះ ក្បាលក្មេងខ្លះកកើតទៅជារោគផ្សិត ព្រមទាំងមានការប៉ះពាល់ដល់ផ្លូវដង្ហើមនិងឈានដល់ការរលាកសួតក៏មាន ដោយសារការស្រូបសារធាតុទាំងនោះ។
អត្ថបទគួរអាន៖
លោកវេជ្ជបណ្ឌិតបន្តថា បង្ហើយកូន ម៉ាក់ប៉ាមិនចាំបាច់ប៉ះពាល់អ្វីទាំងអស់ គ្រាន់ងូតទឹករួចយកកន្សែងទន់មកផ្តិតថ្នមៗឲ្យស្ងួតទឹកនៅលើក្បាល ពិសេសបង្ហើយ នោះបង្ហើយនឹងវិវត្តទៅជារឹងតាមវ័យរបស់ទារក អាចនៅអាយុជិត១ខួប ឬយូរជាងនេះ។