សុខភាពមិនរឹងមាំ មិនប្រាកដថាមិនអាចធ្វើជាម៉ាក់ៗនឹងគេនោះឡើយ។ អត្ថបទមុន “Hello គ្រូពេទ្យ” ធា្លប់ប្រាប់ស្រីៗគ្នាយើងរួចហើយ ជាពិសេស អ្នកមានជំងឺហឺតចង់មានផ្ទៃពោះយកអាអូនម្នាក់ពីរនាក់នឹងគេ ច្បាស់ជាយល់ហើយដែរ។ ការផ្ដាច់ដោះមិនមែនចេះតែធ្វើតាមចិត្តចង់ទេ។ ដឹងហើយថា មានកត្តាច្រើនយ៉ាង ដូចជា រវល់ការងារ រកស៊ី ឬកត្តាសុខភាពម្ដាយអត់ល្អ ជាដើម។ ប៉ុន្តែរឿងសំខាន់មួយដែលត្រូវដឹងគឺ ការបំបៅដោះកូនតិចជាង ៦ ខែ អាចមានបញ្ហាច្រើន ធ្វើឲ្យសុខភាពទារកខ្សោយ ឬអាចបង្កឲ្យកើតហឺត រួមផ្សំផលលំបាកច្រើនទៀត។
១- អីទៅជាហឺត?
ហឺត ជាជំងឺរ៉ាំរៃបណ្តាលមកពីរលាកផ្លូវដង្ហើមលេចចេញជាការក្អក ដកដង្ហើមឮសូរងឺតៗ ឬដង្ហក់ញឹកញាប់ ហើយច្រើនកើតមានអំឡុងវ័យក្មេង។ រោគសញ្ញាហឺត ចាប់ផ្តើមពីស្រាលទៅធ្ងន់អាស្រ័យតាមសុខភាពយើង។ តាមការស្រាវជ្រាវថ្មីមួយបង្ហាញថា អូនៗបៅដោះម៉ាក់ៗរយៈពេល ៦ ខែដំបូង មិនងាយប្រឈមនឹងជំងឺនេះទេ។
២- ម៉េចរយៈពេលបំបៅដោះទាក់ទងនឹងហឺត?
តាមការស្រាវជ្រាវបង្ហាញថា អូនៗមិនបានបៅដោះម៉ាក់ៗ ប្រឈមហានិភ័យកើតហឺតប្រហែល ៥០% បើធៀបនឹងអាអូន ដែលបៅដោះម្តាយ បានលើស ៦ ខែ។ បៅទឹកដោះគោ អមជាមួយអាហាររឹង មាន ២០% អាចលេចចេញរោគសញ្ញាដកដង្ហើមឮសូរងឺតៗ បែបនេះបំបៅអូនៗបានកាន់តែយូរកាន់តែអាចជួយការពារអូនៗពីការកើតហឺត។
[embed-health-tool-baby-poop-tool]
៣- អ្វីជាអំណះអំណាងបញ្ជាក់លើការសិក្សានេះ?
ក្មេងៗជាង ៥ ពាន់នាក់ ក្នុងប្រទេសហូឡង់ គឺជាអំណះអំណាង ដោយសុទ្ធទទួលការសាកសួរពីក្រុមជំនាញពាក់ព័ន្ធការបៅដោះ និងទម្លាប់ហូបចុករបស់ក្មេងៗ ក៏ដូចជាសួរនាំប៉ាម៉ាក់ពីរោគសញ្ញាហឺតកូនពីអាយុ ១-៤ ឆ្នាំ ផងដែរ។ ការសិក្សារកឃើញថា ក្មេងៗ ៩២,៣% បានបំបៅដោយទឹកដោះ ម៉ាក់ៗ ភាគច្រើនបំបៅដោះអូនអូនចន្លោះ ៣ ខែកន្លះប៉ុណ្ណោះ ក្នុងនោះ ២១% ប៉ុណ្ណោះបន្តបំបៅអូនអូនដល់ ៤ ខែ អាស្រ័យដោយកត្តាម្ដាយរវល់ផ្សេងៗគ្នា។
ជាលទ្ធផល ក្មេងៗមិនបានបៅដោះម៉ាក់ៗ មិនត្រឹមតែមានរោគសញ្ញាដកដង្ហើមឮសូរទេ នៅមានរោគសញ្ញាពិបាកដកដង្ហើម ក្អកស្ងួត និងមានស្លេសអំឡុងពេល ៤ ឆ្នាំដំបូង ធៀបទៅនឹងអូនៗបៅដោះម៉ាក់បាន ៦ ខែយ៉ាងតិច មានសុខភាពល្អជាង។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
៤- បំបៅដោះកូនតែមួយមុខគត់មានប្រយោជន៍អីខ្លះ?
អ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចពន្យល់លម្អិតពីមូលហេតុនៃការបំបៅដោះកូនតែមួយមុខ ជួយប្រឆាំងនឹងជំងឺហឺត ឬយ៉ាងណាទេ ប៉ុន្តែតាមការស្រាវជ្រាវកន្លងមក បំបៅដោះជួយដល់ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហាររបស់ក្មេង។ ហេតុនេះម៉ាក់ម៉ាក់គួរតែបំបៅដោះអូនៗតែមួយមុខគត់យ៉ាងហោចណាស់ឲ្យបាន ៤ ខែ។
ទោះបីការសិក្សាខាងលើពុំសូវជាក់លាក់ តែបំបៅដោះកូន នៅតែមានអត្ថប្រយោជន៍ខ្ពស់ ដូចជា កាត់បន្ថយហានិភ័យជំងឺឆ្លងលើអូនអូន មហារីកក្រពេញអូវែ មហារីកសុដន់លើម៉ាក់ម៉ាក់ ជាដើម។ ហេតុនេះទោះបីលំបាកយ៉ាងណា ម៉ាក់ម៉ាក់គ្រប់រូបគួរព្យាយាមបំបៅអូនអូនឲ្យបានយូរតាមដែលអាចធ្វើទៅបាន។