ទោះបីយើងប្រាថ្នាចង់ឮពាក្យថាស្រឡាញ់ពីមាត់កូន ដែលនៅជាទារកនៅឡើយនោះ ខ្លាំងប៉ុនណាក៏ដោយ តែធាតុពិតមិនអាចទៅរួចនោះឡើយ តែប៉ាម៉ាក់នៅតែអាចដឹងបានថាអូនៗមានចិត្តស្រឡាញ់យើងកម្រិតណាបានតាមរយៈសកម្មភាពមួយចំនួនដែរ។
១– ពេលកូនខំសម្លឹងភ្នែកប៉ាម៉ាក់
ទារកចូលចិត្តចង់សម្លឹងមើលមុខណាស់ ហើយមុខយើងគឺជាវត្ថុសំណព្វរបស់ពួកគេ។ ការសម្លឹងមិនដាក់ភ្នែកប្រកបដោយអារម្មណ៍នោះហើយ ដែលអូនៗប្រើដើម្បីទាញយកសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីប៉ាម៉ាក់ឲ្យមើលថែទាំគេ ដែលនេះគឺជាសភាវគតិរបស់សត្វមានជីវិត ដែលត្រូវធ្វើឲ្យក្លាយជាទម្លាប់ជាប្រចាំ។ អ្វីទាំងនេះក៏ជាការចាប់ផ្តើមនៃសេចក្តីស្រឡាញ់របស់កូនចំពោះយើង ព្រោះពួកគេកំពុងតែស្គាល់នូវសារៈសំខាន់របស់យើងនៅក្នុងជីវិតពួកគេ។
២– ពេលទារកអាចស្គាល់ក្លិនរបស់យើង
ទារកអាចស្គាល់អ្នកមើលថែទាំពួកគេបានត្រឹមក្នុងរង្វង់ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយអ្នកមើលថែទាំទារកនោះហើយ ដែលជានិច្ចកាលជាអាទិភាពកំពូលរបស់ទារក។ បើនិយាយចំពោះអូនៗវិញ បើសិនជាយើងឲ្យជម្រើសចំពោះក្លិនកុលាបមួយចំនួនដែលមានក្លិនក្រអូប និងអាវយឺតបែកញើសប្រឡាក់ទឹកដោះរបស់ម៉ាក់ៗ ទារកនឹងជ្រើសរើសអាវនោះគ្រប់ពេលជាមិនខាន។ សម្រាប់ទារក គ្មានអ្វីមានក្លិនល្អប្រសើរជាងក្លិននៅជាប់ម្តាយរបស់ពួកគេនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន
- កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?
- វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?
- កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ
៣– ពេលទារកញញឹមដាក់យើង
មនុស្សមួយចំនួនស្មានថាការញញឹមដំបូងគេបំផុតរបស់ទារកគឺគ្រាន់តែជាការរេផ្លិចដោយអចេតនាប៉ុណ្ណោះ។ តាមពិតការសិក្សានាពេលថ្មីៗនេះបានបង្ហាញថាការញញឹមរបស់ទារកអាចមានន័យច្រើនជាងនេះ។ ការញញឹមលើកទីមួយរបស់ទារកប្រហែលជារឿងមួយក្នុងចំណោមរឿងដ៏អស្ចារ្យបំផុត។ វាគឺជារបៀបផ្ទាល់របស់ពួកគេក្នុងការនិយាយថា “កូនស្រឡាញ់ម៉ាក់”។ នៅចន្លោះរវាងអាយុ ៦ និង ៨ សប្តាហ៍ យើងអាចចាប់បានការញញឹមពិតប្រាកដដែលនោះជាថ្ងៃដែលម៉ាក់ៗប៉ាៗគិតថាជាថ្ងៃដ៏ភ្លឺស្រស់ស្រាយមួយ។
៤– ពេលទារកព្យាយាមនិយាយនឹងយើង
ការនិយាយរហ៊ឹមៗក្នុងដំណាក់កាលដំបូងៗរបស់អូនៗ គឺសម្ដៅមកលើម៉ាក់ៗ ឬអ្នកមើលថែទាំគេហ្នឹងឯង ព្រោះអ្នកទាំងនេះជាមនុស្សដែលអូនៗទុកចិត្ត។ ភាសាដំបូងនេះនឹងផ្សារភ្ជាប់អូនៗ នឹងប៉ាម៉ាក់ ហេតុនេះហើយបានជាយើងត្រូវព្យាយាមនិយាយទៅកាន់កូនវិញ។ ការធ្វើបែបនេះ គឺជាការបង្កើតវេទិកាសន្ទនាមួយសម្រាប់យើង និងអូនៗនោះពេលក្រោយមកទៀត។
៥– ពេលទារកមានចំណាប់អារម្មណ៍ដូចយើងដែរ
ប្រសិនជាអ្វីដែលយើងបានធ្វើ ហើយអូនៗបានព្យាយាមធ្វើត្រាប់តាម មានន័យថាទង្វើនៃការត្រាប់តាមនោះជាការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមករវាងប៉ាម៉ាក់ និងអូនៗ។ ការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមកអាចនឹងចាប់ផ្តើមមានឡើងគ្រាន់តែអូនៗបានអាយុប៉ុន្មានខែប៉ុណ្ណោះ តែវាទំនងនឹងមានកាន់តែខ្លាំងពេលអូនៗអាយុ ៩ ទៅ១២ខែ។ នេះបង្ហាញថាកូនយើងនៅខាងយើង ហើយចាត់ទុកអ្វីដែលយើងធ្វើជាសាច់ការមិនមែនជាការលេងសើចទេ។
[embed-health-tool-baby-poop-tool]
៦– ពេលទារកចេះពួនពីក្រោយយើង
កុំភ្ញាក់ផ្អើលខ្លាំងពេកប្រសិនបើអូនៗចេះពួនពីក្រោយយើង នៅពេលនរណាម្នាក់ថ្មីបង្ហាញមុខដោយមិនបានរំពឹងទុកជាមុនទាល់តែសោះនោះ។ “ភាពថប់បារម្ភដោយសារមនុស្សចម្លែកមុខ” គឺជាដំណាក់កាលធម្មតា។ ប្រសិនបើកូនស្វែងរកការការពារពីយើង នោះមានន័យថាអូនៗស្រឡាញ់យើង និងជឿជាក់ថាយើងអាចការពាររក្សាពួកគេឲ្យមានសុវត្ថិភាពបាន។