ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំឮកដល់ប្រជាពលរដ្ឋខ្មែរយើង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ក្នុងនោះផងដែរ ក្រសួងបានដាក់ចេញនូវវិធីបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ដែលរួមមាន៖
-ត្រូវចៀសវាងការក្អក ឫកណ្តាស់ ដោយមិនមានការការពារដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាល
-កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់
-ពាក់ស្រោមដៃ និងម៉ាស់ ឫយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងចោចសម្អាតរោម
-ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរសម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស
-ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឫពិបាកដកដង្ហើម ឫមានបញ្ហាសុខភាពហើយត្រូវទៅពិនិត្យព្យាបាលជំងឺឲ្យបានត្រឹមត្រូវ
-ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឲ្យយឺតជាង៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឫពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលមិនមានសមត្ថភាពព្យាបាលផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ
[embed-health-tool-bmi]
-សូមអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ មេត្តាជួយធ្វើការណែនាំការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារ នៅតាមទីតាំងនានា និងរៀបចំទុកដាក់ម្ហូបអាហារឲ្យបានល្អនៅតាមទីវត្តអារាម (កុំទុកដាក់ច្របូកច្របល់គ្នា) ដើម្បីជៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាព និងទប់ស្កាត់ការលក់ស្រាបិត ឫលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំបងប្អូនប្រជាពលរដ្ឋ ជៀសវាងយកសារធាតុមេតាណុល លាយធ្វើស្រា ស ឫស្រាថ្នាំ ដែលបង្កឲ្យពុល និងស្លាប់បាត់បង់អាយុជីវិត។
ដូច្នេះ ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនខ្មែរយើងនៅក្នុងរដូវភ្ជុំបិណ្ឌនេះ គ្នាយើងចាំបាច់ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា។
អត្ថបទគួរអាន៖