តេស្តកៀសកោសិកាមាត់ស្បូនអាចជួយឱ្យស្រ្តីរកឃើញកោសិកាមិនប្រក្រតីនៅក្នុងមាត់ស្បូន មុនពេលកោសិកានោះក្លាយជាមហារីក។ ក្នុងអំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងកៀសយកកោសិកាពីមាត់ស្បូនស្រ្តីយកទៅពិនិត្យនៅក្រោមមីក្រូទស្សន៍ដើម្បីរកកោសិកាមិនប្រក្រតី ឬមហារីក។ តើស្រ្តីគួរធ្វើតេស្តកៀរកោសិកាមាត់ស្បូននៅពេលណា? ញឹកញាប់ប៉ុនណា? ហើយគួរចៀសវាងអ្វីខ្លះមុនពេលធ្វើតេស្ត?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីទាំងអស់ក្រោយពេលមានដៃគូរួមភេទ ឬរៀបអាពាហ៍ពិពាហ៍ហើយដែលស្ថិតក្នុងវ័យបន្តពូជចាំបាច់ត្រូវធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូន ព្រោះបើសិនជារកឃើញកោសិកាមិនប្រក្រតី ឬមហារីកទាន់ពេលវេលា នោះឱកាសព្យាបាលមហារីកមាត់ស្បូនអាចជា ១០០%។
ប៉ុន្តែប្រសិនបើស្រ្តីយើងធ្វេសប្រហែស និងបណ្តែតបណ្តោយមិនបានធ្វើតេស្ត រកមហារីកកោសិកាមាត់ស្បូន អាចប្រឈមនឹងគ្រោះថ្នាក់នៅពេលដែលជំងឺមហាររីកមាត់ស្បូនវិវឌ្ឍដល់ដំណាក់កាលមួយដែលពិបាកព្យាបាល ហើយបើការព្យាបាលនឹងតម្រូវឱ្យធ្វើការវះកាត់ដែលធ្វើឱ្យខាត់បង់ពេលវេលា លុយកាស និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រសិនបើក្រោយពីធ្វើតេស្តកៀសកោសិកាមាត់ស្បូនហើយ គ្រូពេទ្យឃើញមានការបំរែបំរួលកោសិកានៅលើមាត់ស្បូន នោះគ្រូពេទ្យអាចធ្វើការព្យាបាលឱ្យស្រ្តីបានទាន់ពេល និងមិនអស់ថវិកាច្រើន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ប្រសិនបើក្រោយពេលធ្វើតេស្តហើយ គ្រូពេទ្យឃើញមានការបំរែបំរួលកោសិការនៅលើមាត់ស្បូន ស្រ្តីត្រូវធ្វើតេស្តឆ្លុះមាត់ស្បូន ដើម្បីឱ្យដឹងថាកោសិកាតំបន់ណាមានការប្រែប្រួលឈានទៅរកមហារីក ហើយគ្រូពេទ្យនឹងច្រឹបយកកោសិកាដែលមានការបំរែបំរួលនោះទៅពិនិត្យមើលថា កោសិកានោះជាបំរែបំរួលកោសិកាធម្មតា ឬជាការបំរែបំរួលឈានទៅរកមហារីក។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតក៏បានបន្ថែមថា ជាទូទៅស្រ្តីគួរធ្វើតេស្តកៀសកោសិកាមាត់ស្បូន ២ ទៅ ៣ ឆ្នាំម្តង ហើយយ៉ាងយូរបំផុតគឺ ៣ ឆ្នាំ ទោះបីជាស្រ្តីអត់មានរោគសញ្ញាអ្វីក៏ដោយ។
[embed-health-tool-bmi]
មុនធ្វើតេស្តកៀសកោសិកាមាត់ស្បូន ស្រ្តីគួរចៀសវាង៖
១. រួមភេទ
ស្រ្តីត្រូវតមការរួមភេទក្នុងរយៈពេលយ៉ាងតិច ២ ទៅ ៣ ថ្ងៃមុនពេលធ្វើតេស្ត ព្រោះបើស្រ្តីរួមភេទក្នុងរយៈពេលនេះ គ្រូពេទ្យអាចបៀកបានស្ពែម៉ាតូសូអ៊ីតរបស់បុរស (មេជីវិតឈ្មោល) ដែលធ្វើឱ្យមានការច្រឡំក្នុងការពិនិត្យ។
២. ដាក់ថ្នាំគ្រប់ប្រភេទក្នុងទ្វារមាស
មុនពេលធ្វើតេស្តពីរបីថ្ងៃ ស្រ្តីគួរចៀសវាងប្រើសុលថ្នាំ ថ្នាំសម្លាប់មេរោគ ជែល អ័រម៉ូន ឬថ្នាំផ្សេងៗក្នុងទ្វារមាស ព្រោះថ្នាំទាំងនោះអាចរំខានដល់កោសិកាមាត់ស្បូន។
ជួនកាលការដាក់ថ្នាំលាងអាចទៅសម្អាតកោសិកាមាត់ស្បូនអស់ ហើយថ្នាំ ឬជែលទាំងនោះអាចបាំងកោសិកាបំរែបំរួលនៅលើមាត់ស្បូន។ ពេលគ្រូពេទ្យធ្វើការបៀកកោសិកាមាត់ស្បូន គ្រូពេទ្យអាចបៀកបានតែថ្នាំ ឬជែលទាំងនោះជំនួសឱ្យកោសិកាមាត់ស្បូនទៅវិញ។
តេស្តកៀសកោសិកាមាត់ស្បូនអាចជួយការពារស្រ្តីពីគ្រោះថ្នាក់នៃជំងឺមហារីកមាត់ស្បូន ប្រសិនបើស្រ្តីធ្វើតេស្តជាប្រចាំ។
អត្ថបទគួរអាន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ប្រយ័ត្នផងស្រីៗ! បើខ្លាចកើតមហារីកស្បូន ត្រូវចេះបង្ការ
ចំណុចសំខាន់
– មុនធ្វើតេស្តតេស្តកៀសកោសិកាមាត់ស្បូន ស្រ្តីគួរចៀសវាង៖
- រួមភេទ
- ដាក់ថ្នាំគ្រប់ប្រភេទក្នុងទ្វារមាស