ឈឺសុដន់ មកពីពាក្យបច្ចេកទេសភាសាក្រិក Mastodynia ជាអាការឈឺចុកចាប់ត្រង់សុដន់ ដោយសារការឡើងតឹង ឬបណ្ដាលពីបញ្ហាណាមួយ ធ្វើឲ្យមានការឈឺចាប់ ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ទៅតាមមូលហេតុជំងឺ ហើយការឈឺចាប់ នឹងវិវត្តកាន់តែខ្លាំង បើមិនព្យាបាល។

បញ្ហាឈឺសុដន់ ឧស្សាហ៍កើតមានបំផុតលើមនុស្សស្រី ប៉ុន្តែក្នុងករណីកម្រ បញ្ហាឈឺសុដន់ ក៏អាចកើតមានលើមនុស្សប្រុសដូចគ្នា។ បើមានចម្ងល់ សូមពិភាក្សាជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញាបញ្ហាឈឺសុដន់ គឺបែងចែកជា ២ប្រភេទ គឺការឈឺចាប់រយៈពេលវែង (Cyclical) និងឈឺចាប់រយៈពេលខ្លី (Non-Cyclical)។
ករណីឈឺចាប់រយៈពេលវែង អាចមានរោគសញ្ញាដូចជា៖
– ឈឺបាត់ៗ ដូចមករដូវ
– ដោះឡើងតឹង ឬរឹង
– ស្រីៗខ្លះឈឺស្ទំៗ ខ្លះឈឺដូចមានរលាក ហើយធ្ងន់សុដន់មួយចំហៀង ខណៈខ្លះទៀត ឈឺដូចគេចាក់នឹងកាំបិត ក៏មាន
– ហើមសាច់សុដន់
– អាចប៉ះពាល់លើសុដន់ទាំងសងខាង
– អាការៈឈឺចាប់ នឹងចាប់ផ្ដើមឡើងបន្តិចម្ដងៗ ហើយក្នុងករណីខ្លះ អាចចុកចាប់ប៉ុន្មានអាទិត្យ មុនពេលថ្ងៃរដូវមកដល់
– ភាគច្រើន គឺកើតលើស្រីៗមានវ័យក្មេង ប៉ុន្តែស្រីៗចំណាស់ ក៏អាចជួបប្រទះដូចគ្នា បើមានប្រើថ្នាំអ័រម៉ូនពន្យារពេលអស់រដូវ។
ករណីឈឺចាប់រយៈពេលខ្លី មានសញ្ញាដូចជា៖
– ប៉ះលើសុដន់តែម្ខាង តែអាចរាលដាលពេញទ្រូង
– ភាគច្រើនលើស្រីៗអស់រដូវ
– ការឈឺចាប់មិនបាត់ទៅវិញទេបន្ទាប់ពីផុតថ្ងៃមករដូវក៏ដោយ
– បើឈានដល់រលាកសុដន់វិញ មានន័យថា មានការកកើតរោគមិនខាន។ ស្រីៗមានជំងឺ អាចមានឡើងកម្ដៅ គ្រុន សុដន់ឡើងក្ដៅ ក្រហម និងតឹង ហើយប៉ះទៅឈឺ។ ក្នុងការបំបៅដោះកូនវិញ នឹងឈឺកាន់តែខ្លាំង។
– មានរាលដាលការឈឺចាប់ទៅកន្លែងផ្សេង ក្រៅពីតំបន់សុដន់ ដែលអាចជាសញ្ញាជំងឺរលាកឆ្អឹងជំនីរ (Costochondritis)។
អាចមានរោគសញ្ញាខ្លះមិនបានរៀបរាប់នៅខាងលើ។ បើសិនជាមានបញ្ហា ឬមន្ទិលសង្ស័យ សូមទៅពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
បើមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
![]()
មានមូលហេតុជាច្រើន អាចឲ្យស្រីៗឈឺចាប់សុដន់ ពិសេសនៅពេលមករដូវតែម្ដង។ សម្រាប់ស្រីៗវ័យក្មេងៗ ឆាប់យកកូន នឹងឧស្សាហ៍ជួបប្រទះបញ្ហានេះជាងគេ ហើយការបំបៅ ក៏ដូចគ្នា។ ស្រីៗខ្លះអាចមានអារម្មណ៍ថា សុដន់ឡើងតឹង និងមានអាការឈឺចាប់ ខណៈករណីនេះ ភាគច្រើនស្ថិតក្នុងបណ្ដុំរោគសញ្ញាមុនពេលមករដូវ (Premenstrual syndrome)។ យ៉ាងណា ផឹកស្រាច្រើន ក៏អាចធ្វើឲ្យឈឺសុដន់ដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
មានកត្តាប្រឈមជាច្រើន នាំឲ្យស្រីៗមានបញ្ហាឈឺចាប់សុដន់។ យ៉ាងណា បើមានមន្ទិលសង្ស័យ គប្បីពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ព័ត៌មានបន្ថែម។
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
គ្រូពេទ្យអាចសុំស្ដាប់បេះដូង និងសួត ដើម្បីញែកចេញជំងឺដទៃទៀតអាចកើតមាន។ បើពេលពិនិត្យសុដន់ ឃើញមានការឡើងរឹង ស្បែកប្រែប្រួល ហើយមានការហូរទឹកចេញពីចុងសុដន់ ឬឡើងកូនកណ្ដុរនៅ ក និងក្លៀក ជាដើមនោះ គ្រូពេទ្យនឹងធ្វើការវិភាគយ៉ាងម៉ត់ចត់ មុននឹងកំណត់រោគវិនិច្ឆ័យជាក់លាក់។ ករណីស្រីៗមានបញ្ហាជិតដល់អាយុអស់រដូវ ការឈឺចាប់ប្រហែលជាប្រភេទការឈឺចាប់ទៀងទាត់ ខណៈពេទ្យក៏នឹងសួរសំណួរមួយចំនួនដូចខាងក្រោយ ដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានជាក់លាក់៖
– ចូលចិត្តផឹកកាហ្វេអត់?
– កន្លែងណាឈឺចាប់ជាងគេ?
– ប៉ះពាល់លើសុដន់ទាំងពីរ ឬតែម្ខាង?
– ជក់បារីអត់?
– កំពុងប្រើប្រាស់ថ្នាំពន្យារកំណើតអត់?
– កំពុងមានផ្ទៃពោះ ឬទេ?
– មានសញ្ញាផ្សេងទៀតដូចជាសុដន់ចេញទឹករងៃ ឬឡើងរឹងចម្លែកដែរអត់?
ក្នុងករណីស្រីៗមានសញ្ញាគួរឲ្យសង្ស័យចម្លែក ឬឈឺចាប់ខ្លាំងតាមតំបន់ជាក់លាក់ណាមួយ ពេទ្យអាចស្នើឲ្យធ្វើតេស្តមួយចំនួនដូចជា៖
– ថតសុដន់ដោយកាំរស្មីអ៊ិច
– ឆ្លុះអេកូលើសុដន់
– ច្រឹបសាច់សុដន់ទៅពិនិត្យ
– ស្រីៗមានបញ្ហា នឹងត្រូវឆ្លើយសំណួរតាមតារាងជាក់លាក់ពេទ្យផ្ដល់ឲ្យ ដើម្បីកំណត់រោគវិនិច្ឆ័យ និងជ្រើសយកការព្យាបាលសមស្រប។
៨- វិធីព្យាបាលបញ្ហាឈឺសុដន់
ដោយសារតែមូលហេតុភាគច្រើន មកពីការឈឺចាប់រយៈពេលវែង ដូចនេះហើយការព្យាបាល គឺត្រូវការតែថ្នាំបំបាត់ការឈឺចាប់ និងការជ្រើសរើសអាវក្នុងសមរម្យ ត្រូវនឹងទំហំដោះប៉ុណ្ណោះ ដើម្បីជួយឲ្យអាការៈឈឺចាប់បាត់ទៅវិញ។
ចំណែកការឈឺចាប់បែបរយៈពេលខ្លី មូលហេតុអាចមានច្រើន ដូចនេះ គឺត្រូវដោះស្រាយមូលហេតុឲ្យបាន ទើបអាការៈឈឺចាប់បាត់ទៅដោយឯកឯង។
ស្រីៗមានបញ្ហាឈឺសុដន់ អាចលេបថ្នាំ ឬលាបជែលបំបាត់ការឈឺចាប់ពពួក NSAIDS នៅលើផ្ទៃស្បែកសុដន់បាន តែមិនត្រូវលាបលើស្នាមដាច់រហែកនោះទេ។
ការសិក្សានៃស្ថាប័នគិលានុបដ្ឋាយិកា The Nurse Practitioner បានបង្ហាញថា ជាតិកាហ្វេអ៊ីន មានទំនាក់ទំនងទៅនឹងការឈឺចាប់សុដន់ ហើយការជក់បារីក៏ដូចគ្នា ដោយសារតែជាតិនីកូទីនក្នុងបារី ធ្វើឲ្យសរសៃឈាមរួមតូច និងទំនោរឲ្យមានការរលាក។ ទោះជាយ៉ាងនេះ ក៏មានការសិក្សារបស់ Climateric បានប្រឆាំង ដោយលើកឡើងថា ការជក់បារី អាចបន្ថយអត្រាឡើងតឹងសុដន់បាន ចំពោះអ្នកជំងឺដែលប្រើថ្នាំអ័រម៉ូន។
ក្នុងករណីព្យាបាលខាងលើមិនមានប្រសិទ្ធភាព គ្រូពេទ្យអាចណែនាំថ្នាំមួយចំនួនដូចជា៖
– Danazol៖ សម្រាប់ព្យាបាលជំងឺដុំសាច់ក្នុងសុដន់ (Fibrocystic breast disease) តែមិនមែនជាដុំមហារីក។
– Bromocriptine៖ ថ្នាំសម្រាប់ព្យាបាលបញ្ហាសុដន់មួយចំនួន។
– Tamoxifen៖ ថ្នាំព្យាបាលជំងឺមហារីកសុដន់។
– Goserelin៖ ថ្នាំព្យាបាលជំងឺមហារីកសុដន់ ប៉ុន្តែក៏អាចប្រើព្យាបាលបញ្ហាឈឺសុដន់បាន។
– Toremifene៖ ថ្នាំព្យាបាលជំងឺមហារីក និងដើម្បីបំបាត់ការឈឺចាប់នៅសុដន់។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចបង្ការ និងគ្រប់គ្រងបញ្ហាឈឺសុដន់បានដូចជា៖
– ពាក់អាវក្នុងត្រូវនឹងទំហំសុដន់
– អាចប្រើប្រេងផ្កាកុលាបម្យ៉ាង ប្រភេទ Primrose នៅពេលយប់ ប៉ុន្តែការសិក្សាខ្លះបង្ហាញថា មិនមានប្រយោជន៍បន្ថយការឈឺចាប់ទេ ថែមទាំងហាមប្រើចំពោះស្រីៗមានជំងឺប្រកាច់ និងមានផែនការយកកូន។
– ប្រើថ្នាំប៉ារ៉ា និងអ៊ីប៊ុយប្រូហ្វែន បានដើម្បីបន្ថយការឈឺចាប់
– នៅពេលយប់គួរពាក់អាវទន់ៗ
– អាចជ្រើសរើសប្រភេទអាវក្នុងបែបកីឡា បើឧស្សាហ៍ហាត់ប្រាណ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What is Mastodynia – Definition, Symptoms, Causes, Treatment. http://www.healthcaretip.com/2017/02/What-is-Mastodynia-Definition-Symptoms-Causes-Treatment.html. Accessed May 7, 2018.
What are the causes of breast pain? https://www.medicalnewstoday.com/articles/263566.php. Accessed May 7, 2018.
កំណែប្រែបច្ចុប្បន្ន
19/03/2025
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ