ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗប្រាប់ឱ្យធ្វើនេះ ឬហាមមិនឱ្យធ្វើនោះដែលធ្វើឱ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុសដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាពមិនស្រួលខ្លួន ឬបញ្ហាពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុសសាមញ្ញអ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង?
១. រំលងពេលញុំាអាហារ
ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬញុំាមិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំាអាហារអាចធ្វើឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដក្រពះជាដើម។
លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗមិនគួររំលងពេលញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។
២. ញុំាសម្រាប់ពីរនាក់
ជាការពិតដែលម៉ាក់ៗមានអាអូននៅក្នុងផ្ទៃមែន តែម៉ាក់ៗមិនចាំបាច់ញុំាអាហារសម្រាប់មនុស្សពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់លើសគីឡូដែលនឹងបង្កហានិភ័យសុខភាពដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺទឹកនោមផ្អែមពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។
ជាងនេះទៅទៀត ទារកដែលកើតពីម្តាយធាត់លើសគីឡូ មានទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាសទី ២ និងត្រូវការកាឡូរីបន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។
៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ
ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាកធ្វើចលនា តែមិនមានន័យថាម៉ាក់ៗមិនអាចហាត់ប្រាណបានទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ដូចជា ការរត់ ការឈរជើងមួយ ការលើកដុំដែកធ្ងន់ៗ ឬត្រូវប្រើកម្លាំងខ្លាំងជាដើម។
លំហាត់ប្រាណស្រាលៗដូចជាការដើរ និងការពត់ពែនខ្លួនជាដើមជួយឱ្យម៉ាក់ៗមានសុខភាពល្អ ជំរុញចលនាឈាមរត់ កាត់បន្ថយស្រ្តេស និងជួយឱ្យរាងកាយម៉ាក់ៗធន់នឹងភាពលំបាកនៅពេលសម្រាល។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៤. មិនចាប់អារម្មណ៍ថែសុខភាពផ្លូវចិត្ត
ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលពពោះធ្វើឱ្យម៉ាក់ៗស្រ្តេស បូកផ្សំនឹងការពិបាកក្នុងខ្លួនដូចជា ពិបាកគេង អង្គុយ ដើរ រមួលក្រពើជាដើម ឬការប្រែប្រួលរូបរាងកាន់តែធ្វើឱ្យម៉ាក់ៗមានអារម្មណ៍មិនល្អ។ ភាពតានតឹងទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗមានជំងឺបាក់ទឹកចិត្ត ឬប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកូនក្នុងផ្ទៃ។
ដូច្នេះ ម៉ាក់ៗគួរកាត់បន្ថយភាពតានតឹងតាមរយៈការស្តាប់តន្រ្តី ដើរលំហែ ហាត់ប្រាណ ដកដង្ហើមវែងៗ មើលរឿងកប្លែង ធ្វើចិត្តឱ្យសប្បាយៗ ឬគិតពីរឿងល្អៗជាដើម។
[embed-health-tool-bmi]
៥. គេងមិនបានគ្រប់គ្រាន់
ការគេងមិនសូវបានពេលយប់ដោយសារត្រូវក្រោកនោមញឹកញាប់ ឬដោយសារពោះកាន់តែធំជាហេតុចម្បងបង្កឱ្យម៉ាក់ៗឆាប់អស់កម្លាំង ឬមិនសូវមានកម្លាំង។ ទោះជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ម៉ាក់ៗត្រូវប្រាកដថា គេងបាន៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយបើម៉ាក់ៗគេងបានតិចនៅពេលយប់ ម៉ាក់ៗអាចគេងថ្ងៃបន្ថែម ១ ម៉ោងទៅ ២ ម៉ោង។
ការគេងមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះអាចបង្កឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺបម្រុងក្រឡាភ្លើង (បង្កឱ្យម៉ាក់ៗពពោះលើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម) ដែលអាចបណ្តាលឱ្យសម្រាលមិនគ្រប់ខែ។
ក្រៅពីកំហុសដូចខាងលើ ម៉ាក់ៗពពោះក៏គួរចៀសវាងការជក់បារី ញុំាគ្រឿងស្រវឹង កាត់បន្ថយជាតិកាហ្វេអ៊ីន អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ដែរ។
អត្ថបទគួរអាន៖
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
- ទាំងនេះ ជាមូលហេតុធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ
- វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ
- ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួនអាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
- វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ
- ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?