backup og meta

កត្តា ៤ យ៉ាងនេះហើយ នាំឲ្យស្រ្តីជ្រើសយកសម្រាល​កូនដោយ​វះកាត់

កត្តា ៤ យ៉ាងនេះហើយ នាំឲ្យស្រ្តីជ្រើសយកសម្រាល​កូនដោយ​វះកាត់

ការ​សម្រាល​កូន​ដោយ​វះ​កាត់​អាច​មក​ពី​មូល​ហេតុ​សុខ​ភាព​ម្ដាយ ឬ​សុខ​ភាព​របស់​កូន​នៅ​ក្នុង​ផ្ទៃ ដែល​គ្រូពេទ្យ​វាយ​តម្លៃ​ថា​ត្រូវ​ធ្វើ​ការ​វះកាត់​ដើម្បី​​សុវត្ថិភាព​អ្នក​ទាំង​ពីរ​។ ក្រៅ​ពី​នេះ​ ការ​សិក្សា​មួយ​ធ្វើ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៥ និង​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៦​ លើ​ស្រ្តី​ចំនួន​១៤៣​នាក់​ដែល​បាន​សម្រាល​កូន​ដោយ​​វះកាត់​ បាន​រក​ឃើញ​ថា​អ្នក​ទាំង​នោះ​ភាគ​ច្រើន​បាន​សុំ​គ្រូពេទ្យ​សម្រាល​ដោយ​វះ​កាត់​។

បើ​តាម​ការ​សិក្សា​ខាង​លើ ក៏​ដូច​ជា​ការ​បញ្ជាក់​របស់​គ្រូ​ពេទ្យ យ៉ាង​ហោច​ណាស់​មាន​ហេតុ​ផល​បួន​យ៉ាង​សំខាន់​ដែល​ស្រ្តី​សម្រេច​ចិត្ត​ ឬ​តម្រូវ​ឲ្យ​ទទួល​ការ​​សម្រាល​កូន​ដោយ​វះ​កាត់​។

១. កាយសម្បទា​ម្ដាយ

ទាក់​ទង​នឹង​កាយ​សម្បទា​ម្ដាយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន សែន​សុខ លើក​ឡើង​ថា បើ​សិន​ជា​ម្ដាយ​មាន​ទំហំ​​អាង​ត្រគាក​តូច​ជាង​ក្បាល​របស់​កូន គឺ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បានទេ គឺ​ពេទ្យ​អាច​តម្រូវ​ឲ្យ​ម្ដាយ​វះកាត់​ដើម្បី​សម្រាល​។

លោក​បន្ត​ថា កាល​ណា​ទំហំ​ក្បាល​កូន​មិន​សមាមាត្រ​ទៅ​នឹង​អាង​ត្រគាក​របស់​ម្ដាយ នោះ​កូន​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បានទេ ហើយ​អាច​គ្រោះ​ថ្នាក់​ដល់​កូន​ផង​ដែរ បើ​សិន​ជា​មិន​ធ្វើការ​វះ​កាត់​ដើម្បី​សម្រាល​​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

២. សុខ​ភាព​កូន​ក្នុង​ផ្ទៃ​​​​​​

​​ទាក់​ទង​​នឹង​សុខ​ភាព​កូន​វិញ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត លើក​ឡើង​ថា ជា​ការ​សំដៅ​ដល់​បញ្ហា​សុក​រុំ​ក​កូន​ច្រើន​ជុំ កូន​បញ្ច្រាស (គូទ​មក​មុន កូនទទឹង ឬ​ជើង​កូន​មក​មុន) ឬ​សុខ​ភាព​កូន​ក្នុង​ផ្ទៃ​ខ្សោយ​ ដោយសារ​ម្ដាយ​ឈឺ​ពោះ​យូរ​ពេក​ ​មាន​បញ្ហា​បែក​ទឹក​ភ្លោះ ហើយ​ស្បូន​មិន​បើក​ជា​ដើម​។ ក្នុង​ករណី​ទាំង​នោះ លោក​វេជ្ជបណ្ឌិត ថា​គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​ម្ដាយ​​សម្រាល​ដោយ​វះ​កាត់​ ដើម្បី​សុវត្ថិ​ភាព​ទាំង​ម្ដាយ និង​កូន​។

សម្រាលកូន

៣. ​បញ្ហា​​ទឹក​ភ្លោះ​

ស្រ្តី​ពពោះ​មួយ​ចំនួន​អាច​ជួប​បញ្ហា​​​ទឹកភ្លោះ​តិច ឬ​បែក​ទឹក​ភ្លោះ​មុន​កំណត់ ដែល​ជា​ហេតុ​នាំ​ឲ្យ​គ្រូពេទ្យ​ណែ​នាំ​ឲ្យ​ម៉ាក់​ៗ​សម្រាល​ដោយ​វះកាត់​ដែរ។ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត លើក​​ឡើង​ថា ម៉ាក់​ៗ​អាច​ដឹង​ថា​មាន​ទឹក​ភ្លោះ​តិច​តាម​រយៈ​ការ​ឆ្លុះ​អេកូ ហើយ​ការ​មាន​ទឹក​ភ្លោះ​តិច​នេះ​ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ពិបាក​សម្រាល​តាម​ធម្មជាតិ​។

មួយ​វិញ​ទៀត ការ​បែក​ទឹក​ភ្លោះ​​មុន​ពេល​ស្បូន​បើក​ពេញ​លេញ​ ក៏​ជា​ជា​កត្តា​នាំ​ឲ្យ​គ្រូពេទ្យ​ណែ​នាំ​ឲ្យ​ម៉ាក់​ៗ​សម្រាល​ដោយ​វះ​កាត់​ដូច​គ្នា​។ លោក វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា​ការ​បែក​ទឹក​ភ្លោះ​នេះ ​អាច​ធ្វើ​ឲ្យ​កូន​ខ្សោយ មិន​​អាច​ធ្វើ​ចលនា​បាន ហើយ​បើ​មិន​វះ​កាត់​ទាន់​ពេល​ទេ​ អាច​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​។​ ​​

៤. យក​ថ្ងៃ​ល្អ

ម៉ាក់​ៗ​មួយ​ចំនួន​​មាន​ជំនឿ​លើ​ថ្ងៃកើត​របស់​កូន ថា​ជា​ថ្ងៃ​សំណាង ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​រៀប​ផែន​ការ​វះ​កាត់​សម្រាល​កូន​ទៅ​តាម​ថ្ងៃ​ដែល​ខ្លួន​ចង់​បាន ក្រោយ​ពី​កូន​គ្រប់​ខែ​។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦ ទាក់​ទងនឹង​​ស្រ្តី​ជ្រើស​​រើស​ការ​សម្រាល​កូន​ដោយ​វះ​កាត់​​នៅ​ភ្នំពេញ​បាន​រក​ឃើញ​ថា​ ក្នុង​ចំណោម​ហេតុ​ជា​ច្រើន ក្រៅ​ពី​ហេតុ​ផល​បញ្ហា​សុខ​ភាព ការ​ជ្រើស​រើស​ថ្ងៃ​ល្អ ឬ​ថ្ងៃ​មាន​ហុងស៊ុយ​ល្អ ក៏​ជា​ហេតុ​ផល​មួយ​ដែល​ម្ដាយ​សម្រេច​រៀប​ផែន​ការ​សម្រាល​ដោយ​វះ​កាត់​ដែរ​។ ហេតុ​ផល​ផ្សេង​ទៀត មាន​ដូច​ជា​ស្រ្តី​ជា​ម្ដាយ​ខ្លាច​ខូច​ទ្រង់​ទ្រាយ​ទ្វារមាស និង​ឈឺ​ចាប់​ពេល​សម្រាល​ដោយ​ធម្មជាតិ​ជា​ដើម​។​​​

​បើ​និយាយ​ពី​ការ​សម្រាល​ដោយ​វះ​កាត់​មន្ទីរ​ពេទ្យ​កាល​ម៉ែត​បាន​ផ្សាយ​លើ​វិប​សាយ​របស់​ខ្លួន​ថា​ក្នុង​មួយ​ឆ្នាំ​ផ្នែក​សម្ភព​របស់​មន្ទីរ​ពេទ្យ​​នេះ​បាន​​​ទទួល​សម្រាល​កូន​ឲ្យ​ស្រ្តី​ចំនួន១មឺននាក់ ក្នុង​ចំណោម​​នោះ​មាន​២ ៧០០​នាក់​ត្រូវ​សម្រាល​ដោយ​វះកាត់ ឬ​ស្មើ​២៧​ភាគរយ​។ ដូច​គ្នា​ដែរ នៅ​ចក្រភព​អង់គ្លេស ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់ ក្នុង​ចំណោម​បួន​នាក់​បាន​សម្រាល​កូន​ដោយ​វះកាត់ ដោយ​ផ្អែក​តាម​ហេតុ​ផល​ផ្សេងៗ​គ្នា​។​

យ៉ាង​ណា​ក៏​ដោយ លោក វេជ្ជ បណ្ឌិត ចាន់ ស៊ីណេត ប្រ​ធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី របស់​មន្ទីរ​ពេទ្យ​បង្អែក​មិត្ត​ភាព​កម្ពុជា-ចិន សែន​សុខ ថា​ជា​ទូ​ទៅ​គ្រូពេទ្យ​តែង​ណែ​នាំ​ឲ្យ​ស្រ្តី​សម្រាល​កូន​តាម​ធម្មជាតិ លើក​លែង​តែ​ក្នុង​ករណី​ការ​សម្រាល​តាម​ធម្មជាតិ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្ដាយ ឬ​កូន ឬ​ទាំង​ពី​រ​នាក់ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​។​​​

ចំណុចសំខាន់

ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់​ អាច​មក​ពី​ហេតុផល​ទាំង​នេះ៖
  • កាយសម្បទា​ម្តាយ
  • សុខភាព​កូន​ក្នុង​ផ្ទៃ
  • បញ្ហា​ទឹក​ភ្លោះ
  • យក​ថ្ងៃ​ល្អ

អត្ថបទគួរអាន៖

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Maternity, https://www.calmette.gov.kh/patient-care/clinics-and-services/gynecology-maternity-neonatology/maternity/

Cephalopelvic Disproportion (CPD), https://americanpregnancy.org/healthy-pregnancy/labor-and-birth/cephalopelvic-disproportion/

Factors associated with caesarean sections in Phnom Penh, Cambodia, https://pubmed.ncbi.nlm.nih.gov/28024672/

Caesarean section, https://www.nhs.uk/conditions/caesarean-section/

កំណែ​ប្រែបច្ចុប្បន្ន

10/09/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា?

សម្រាលកូនដោយវះកាត់ ម៉ាក់ៗអាចសម្រាលកូននៅសប្តាហ៍ ៣៧-៣៨ បានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម