អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេដងដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាម។ ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬញ៉ាំថ្នាំជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។ នេះតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត។
ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមមួយចំនួនអាចស្រដៀងគ្នាទៅនឹងរោគសញ្ញា នៃការមានផ្ទៃពោះទូទៅដែរ ហើយកង្វះជាតិដែកនៅកម្រិតស្រាល មិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។
តែបើក្នុងករណីភាពស្លេកស្លាំងកម្រិតមធ្យម ឬធ្ងន់ធ្ងរ រោគសញ្ញាដូចខាងក្រោមនឹងស្ដែងចេញ៖
– អស់កម្លាំងខ្លាំង និងទន់ខ្សោយ
– ស្បែកស ស្លេកជាងធម្មតា
– មានការញ័រទ្រូង ញ័របេះដូង
– ហត់ ដង្ហើមខ្លី
– វិលមុខ ឬឈឺក្បាល
ស្រ្តីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន៖
– ស្ត្រីមានកូនច្រើនហើយញឹក
– ស្ត្រីមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ (កូនភ្លោះ)
– ស្ត្រីដែលក្អួតញឹកញាប់ដោយសារចាញ់កូន
– ស្ត្រីដែលញ៉ាំជាតិដែកមិនបានគ្រប់គ្រាន់
– ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ។
[embed-health-tool-ovulation]