backup og meta

អាហារសំខាន់ៗទាំងនេះ ជួយទ្រទ្រង់សុខភាពសួតឲ្យរឹងមាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 15, 2022

    អាហារសំខាន់ៗទាំងនេះ ជួយទ្រទ្រង់សុខភាពសួតឲ្យរឹងមាំ

    ការញ៉ាំអាហារប្រចាំថ្ងៃ បានជួយទ្រទ្រង់សុខភាព និងជំនួយថាមពលដល់រាងកាយឲ្យដំណើរបានល្អ។ បន្ថែមពីនេះ ការញ៉ាំអាហារឲ្យបានត្រឹមត្រូវក៏រឹតតែប្រសើរ ព្រោះ បានរួមចំណែក ជួយដល់ការព្យាបាល បញ្ហាខូចខាត នៃសរីរាង្គកាយរបស់យើង។ តួយ៉ាងដូចជា បញ្ហាសួត ក៏ត្រូវការរបបអាហារណាដែលសម្បូរទៅដោយ​សារធាតុចិញ្ចឹមសំខាន់ៗជាប្រចាំ ដើម្បីដំណើរការប្រព័ន្ធដង្ហើម​បាន​ល្អ​។

    ១. ជាតិខ្លាញ់

    ចំណុចនេះ គឺសំដៅទៅលើប្រភេទ អាហារដែលមានផ្ទុកទៅដោយសារធាតុខ្លាញ់ ២ប្រភេទ នោះគឺ ខ្លាញ់ Monounsaturated (ខ្លាញ់មិនឆ្អែត) និង ខ្លាញ់ Polyunsaturated (ខ្លាញ់ឆ្អែត)។ ខ្លាញ់ទាំងពីរមានតួនាទីយ៉ាងសំខាន់ជួយគ្រប់គ្រងប្រព័ន្ធចរន្ដ​សម្ពាធឈាមពីបេះដូង បែងចែកទៅកាន់​ផ្នែកផ្សេងៗនៃសរីរាង្គ​ទាំងអស់ក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះសារធាតុចិញ្ចឹម ក្នុងប្រភេទខ្លាញ់ទាំងពីរនេះក៏បាន ចូលរួមកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល LDL (ជាខ្លាញ់មិនល្អ) និងបញ្ហារលាក ដូចជាជំងឺរលាកសួតជាដើម ដែលអាចបណ្ដាលឲ្យសួតមិនអាចដំណើរការល្អ ហើយពិបាកដកដង្ហើម។ ខ្លាញ់ទាំងពីរ ត្រូវបានរកឃើញ មានដូចជាប្រេងអូលីវ ប្រេងរុក្ខជាតិ ប្រេងសណ្ដែក ផ្លែប៊័រ ប្រេងផ្កាឈូករ័ត្ន ប្រេងល្ង គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ ត្រីសាល់ម៉ុន និង​ ត្រីសាឌីន។

    អត្ថបទទាក់ទង៖

    ២. ប្រូតេអ៊ីន

    អាហារប្រូតេអ៊ីន ជាប្រភេទអាហារដែលសរីរាង្គកាយទាំងអស់ត្រូវការជាចាំបាច់ ដើម្បីផលិតកោសិកាប្រព័ន្ធភាពស៊ាំ និងជំនួយថាមពល។ ក្នុងបំណែងចែក​នៃរបបអាហារប្រចាំថ្ងៃជាក់ស្ដែង យើងអាចញ៉ាំអាហារដែលមាន ប្រូតេអីនយ៉ាងតិចឲ្យបាន ២ពេល ព្រោះការធ្វើបែបនេះ នឹងជួយឲ្យសរីរាង្គកាយរបស់យើង​ទទួលបាន​ជាតិប្រូតេអ៊ីនគ្រប់គ្រាន់ បូករួមទាំងភាពរឹង​មាំ នៃប្រព័ន្ធភាពសាំ។ មិន ត្រឹមតែប៉ុណ្ណោះ ប្រភពប្រូតេអ៊ីន ក៏បានជួយបង្កើន​សមត្ថភា​ព​ធ្វើការរបស់សួត​ឲ្យកាន់តែប្រសើរ ដោយកាត់បន្ថយ កោសិការអសកម្ម។ របបអាហារប្រូតេអ៊ីនដែលផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់សួតមានដូចជា សាច់គ្មានខ្លាញ់ ស៊ុត និង​សណ្តែក ជាដើម។

    ៣. ជាតិសរសៃ

    ក្នុងចំណុចនេះផ្ដោតសំខាន់ទៅលើ ប្រភេទអាហារដែលមានផ្ទុកនូវជាតិ​កាបូអ៊ីដ្រាត ហើយមានជាតិសរសៃខ្ពស់ ដែលអាច​ជួយគ្រប់គ្រងប្រព័ន្ធរំលាយអាហារ និងកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះ ប្រភេទអាហារសរសៃ បានជួយដល់មុខងារ​សួត​ក្នុងការប្រឆាំងទៅនឹងបញ្ហា រលាក ព្រោះថា ការរលាកសួត អាចបណ្ដាលឲ្យឈានទៅដល់​មាន​បញ្ហា​ធ្ងន់​ធ្ងរនៃជំងឺហឺត និង ជំងឺ​ស្ទះដង្ហើមរ៉ាំរ៉ៃ (COPD)បាន។ អាហារសរសៃត្រូវមាននៅក្នុង សណ្តែក ដំឡូងជ្វា ផ្លែប៊ឺរី ផ្លែប៉ោម អង្ករសម្រូប ប៉ាស្តា នំបុ័ង និងគ្រាប់ធញ្ញជាតិទាំងមូល។

    ៤. ផលិតផលស្រស់

    ក្នុងន័យនេះគឺផ្ដោតសំខាន់ទៅលើការញ៉ាំអាហារប្រភេទ​បន្លែ ផ្លែឈើស្រស់ ដែលមានផ្ទុកទៅដោយ​សារធាតុរ៉ែ វីតាមីន សរសៃ​ហ្វៃប៊ឺ និងប៉ូតាស្យូម។ តួយ៉ាងដូចជា ជាតិប៉ូតាស្យូម ដែលសម្បូរក្នុងផ្លែចេក ផ្ដល់អត្ថប្រយោជន៍ជាខ្លាំង ក្នុងការគ្រប់គ្រងសម្ពាធឈាម និងធ្វើឲ្យ​ការរំលាយអាហារដំណើរការប្រសើរឡើង ដូច្នេះ មានសារៈសំខាន់ណាស់សម្រាប់សុខភាព ដើម្បីរក្សាមុខងារសួតបានល្អជៀសផុតពីជំងឺ។ បន្លែ ផ្លែឈើស្រស់ ទាំង​នេះមានដូចជា ផ្លែប៊ឺរី ចេក ម្នាស់ ទំពាំងបាយជូ ប្រូខូលី សណ្តែក និង​ប៉េងប៉ោះ ជាដើម។

    ចេកជំនួយសួត

    ចំណុចសំខាន់

    ការទទួលបានអាហារឲ្យត្រឹមត្រូវ និងល្អបំផុតសម្រាប់សុខភាពគឺជា​រឿងចាំបាច់ ក្នុងការបញ្ជៀសខ្លួនពីជំងឺផ្សេងៗ របបអាហារដែលសំខាន់បំផុត​សម្រាប់សុខភាព សួត នោះគឺមានដូចជា៖
    • អាហារមានខ្លាញ់
    • អាហារមានជាតិប្រូតេអ៊ីន
    • អាហារមានជាតិសរសៃ
    • អាហារស្រស់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម