កម្រិតជាតិដែកប៉ុន្មានដែលកូនត្រូវការប្រចាំថ្ងៃ? ជាតិដែកជាសារធាតុរ៉ែដែលមានមុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា ព្រមទាំងជាធាតុផ្សំមួយយ៉ាងសំខាន់របស់ហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីននៅក្នុងគ្រាប់ឈាមក្រហម។ ការខ្វះជាតិដែកបង្កឱ្យកូនមានផលវិបាកសុខភាពផ្សេងៗ ដូចនេះហើយទើបប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ការពារកូនកុំឲ្យខ្វះជាតិដែក។
១. កម្រិតជាតិដែកកូនត្រូវការតាមវ័យ
ជាទូទៅទារកទើបកើតរហូតដល់អាយុ ៦ ខែមានជាតិដែកស្តុកទុកក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ផលិតឈាមក្រហមហើយ មិនចាំបាច់ត្រូវការជាតិដែកបន្ថែមទេ។ ចាប់ពីអាយុ ៧ ខែឡើងទៅ កម្រិតជាតិដែកកូនត្រូវការប្រចាំថ្ងៃប្រែប្រួលតាមវ័យ៖
- ទារកអាយុ ៧-១២ ខែ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ
- កុមារអាយុ ១-៣ ឆ្នាំ៖ ៧ មិល្លីក្រាមក្នុងមួយថ្ងៃ
- កុមារអាយុ ៤-៨ ឆ្នាំ៖ ១០ មិល្លីក្រាមក្នុងមួយថ្ងៃ
- កុមារអាយុ ៩-១៣ ឆ្នាំ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ
- ក្មេងស្រីអាយុ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ
- ក្មេងប្រុសអាយុ ១៤-១៨ ឆ្នាំ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ
២. ផលប៉ះពាល់នៃការខ្វះជាតិដែកលើកុមារ
លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា នៅពេលខ្វះជាតិដែក កូននឹង ជួបផលវិបាកសុខភាពធំៗបីយ៉ាង៖
ក. លូតលាស់យឺត
គ្រាប់ឈាមក្រហមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកា។ បើកុមារខ្វះជាតិដែក ការផលិតគ្រាប់ឈាមក្រហមក៏ថយចុះ។ ដូច្នេះការដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅគ្រប់កោសិកាក៏មិនបានល្អ ដែលជាហេតុធ្វើឱ្យកុមារខ្វះសារធាតុចិញ្ចឹម និងលូតលាស់យឺត។
[embed-health-tool-vaccination-tool]
ខ. ខ្សោយបេះដូង
បេះដូងមាននាទីច្រចាច់ឈាមដើម្បីនាំយកសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅឱ្យកោសិកា។ នៅពេលកុមារមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក ការផលិតគ្រាប់ឈាមមានការថយចុះ។ ពេលនោះបេះដូងត្រូវខំធ្វើការច្របាច់ឈាមខ្លាំងជាងធម្មតា ហើយយូរៗទៅសាច់ដុំបេះដូងដែលខំប្រឹងច្របាច់ឈាមបន្ថែមនឹងចុះខ្សោយ។
គ. អភិវឌ្ឍខួរក្បាលយឺត
ខួរក្បាលត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដូប៉ាមីន( dopamine) ដែលធ្វើឱ្យយើងរីករាយ។ កាលណារាងកាយកូនខ្វះជាតិដែក ខួរក្បាលផលិតអ័រម៉ូនដូប៉ាមីនតិច ឬមិនផលិតដែលបណ្តាលឱ្យកូនមានបញ្ហាផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬថប់បារម្ភដែលប៉ះពាល់ដល់ការអភិវឌ្ឍ ខួរក្បាល និងប្រាជ្ញាសា្មរតី។ អ័រម៉ូនដូប៉ាមីនក៏ជួយដល់ការចងចាំ ការគេង ការរៀន និងការផ្តោតអារម្មណ៍ដែរ។ ដូចនេះការខ្វះជាតិដែកអាចប៉ះពាល់ដល់ការសិក្សារបស់កូនដែរ។
៣. វិធីការពារកូនពីបញ្ហាខ្វះជាតិដែក
– បញ្ចូលអាហារសម្បូរជាតិដែកដូចជា ត្រី សាច់ ស៊ុត ដំឡូងបារាំង ផ្សិត ប៉េងប៉ោះ ខាត់ណាខៀវ សណ្តែក ដំឡូងជ្វា ល្ពៅជាដើមក្នុងរបបអាហារកូន។
– កូនអាយុចាប់ពី ៦ ខែឡើង ម៉ាក់ប៉ាត្រូវឱ្យកូនញុំាបបរខាប់គ្រប់គ្រឿងបន្ថែមពីលើការបំបៅដោះ ឬទឹកដោះគោម្សៅដើម្បីឱ្យកូនទទួលបានសារធាតុចិញ្ចឹម និងជាតិដែកគ្រប់គ្រាន់។
– កូនអាយុចាប់ពីមួយឆ្នាំឡើងទៅ ម៉ាក់ប៉ាចៀសវាងឱ្យកូនញុំាទឹកដោះគោស្រស់ ឬទឹកដោះគោក្រដាសលើសពី ៧១០ មិល្លីលីត្រ ឬលើសពីពីរកំប៉ុង ឬពីរកែវក្នុងមួយថ្ងៃ ព្រោះការញុំាទឹកដោះគោស្រស់ ឬទឹកដោះគោក្រដាសច្រើនធ្វើឱ្យកូនឆ្អែត មិនញុំាអាហារផ្សេងទៀតដែលបណ្តាលឱ្យកូនខ្វះសារធាតុចិញ្ចឹម និងជាតិដែក។ មួយវិញទៀត ការញុំាកាល់ស្យូមច្រើនរារាំងរាងកាយកូនក្នុងការស្រូបយកជាតិដែកពីចំណីអាហារ។
ដើម្បីឱ្យរាងកាយកូនស្រូបយកជាតិដែកបានល្អ ម៉ាក់ប៉ាគួរឱ្យកូនញុំាអាហារសម្បូរជាតិវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុង ត្រសក់ ប៉េងប៉ោះ ពេលញ៉ាំអាហារសម្បូរជាតិដែក។
អត្ថបទគួរអាន៖
- ទាំងនេះជាគុណសម្បត្តិសំខាន់ៗរបស់ជាតិដែកសម្រាប់សុខភាពរាងកាយ
- ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ
- កូនខ្វះជាតិដែក អាចបណ្ដាលឲ្យស្លេកស្លាំងមិនល្អចំពោះសុខភាព ប្រញាប់បំពេញឡើងវិញ
- តិចនិកការពារកូនពីបញ្ហាកង្វះជាតិដែក ប៉ាម៉ាក់គួរដឹង
- អ្វីជាជាតិដែក? អាចរកបានពីអាហារណាខ្លះ?
- ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា? ជាតិដែកជួយអ្វីខ្លះ?
ចំណុចសំខាន់
- លូតលាស់យឺត
- ខ្សោយបេះដូង
- អភិវឌ្ឍខួរក្បាលយឺត
- បញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារកូន
- ចៀសវាងឱ្យកូនញុំាទឹកដោះគោស្រស់ ឬទឹក ដោះគោក្រដាសលើសពីពីរកំប៉ុង ឬពីរកែវក្នុងមួយថ្ងៃ