យើងដឹងហើយថា វ៉ាក់សាំងថ្នាក់ជាតិសម្រាប់ទារកទើបកើតរហូតដល់អាយុ ១ ខួបកន្លះមានដូចជា វ៉ាក់សាំងរលាកថ្លើម B របេង គ្រុនស្វិតដៃជើង ខាន់ស្លាក់ តេតាណូស រលាកសួត រលាកស្រោមខួរ កញ្រ្ជិល និងស្អួច។ ចុះវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់មានអ្វីខ្លះ? ត្រូវចាក់ប៉ុន្មានដង? ហើយមានប្រសិទ្ធិភាពយូរប៉ុនណា?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹងថា វ៉ាក់សាំងសំខាន់ៗសម្រាប់មនុស្សពេញវ័យ និងមនុស្សវ័យចំណាស់រួមមាន៖
១. វ៉ាក់សាំងតេតាណូស
ចំពោះវ៉ាក់សាំងតេតាណូស យើងត្រូវចាក់ ៥ ដង ហើយត្រូវចាក់រំលឹក ១០ ឆ្នាំម្តង។ ខាងក្រោមនេះជាកាលវិភាគនៃការវ៉ាក់សាំងតេតាណូស៖
- ចាក់លើកទី ១៖ ចាប់ពីអាយុ ១៥ ឆ្នាំ
- ចាក់លើកទី ២៖ យ៉ាងតិច ១ ខែបន្ទាប់ពីចាក់លើកទី ១
- ចាក់លើកទី ៣៖ យ៉ាងតិច ៦ ខែបន្ទាប់ពីចាក់លើកទី ២
- ចាក់លើកទី ៤៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៣
- ចាក់លើកទី ៥៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៤
២. វ៉ាក់សាំងផ្តាសាយធំ
យើងត្រូវចាក់វ៉ាក់សាំងផ្តាសាយធំជារៀងរាល់ឆ្នាំព្រោះការចាក់ម្តងអាចការពារយើងពីវីរុសបង្កជំងឺផ្តាសាយធំបានតែ ៨ ទៅ ១២ ខែប៉ុណ្ណោះ។
៣. វ៉ាក់សាំងមហារីកមាត់ស្បូន
វ៉ាក់សាំងមហារីកមាត់ស្បូនអាចការពារយើងពីការឆ្លងវីរុស HPV ១៦ និង ១៨ ដែលជាកត្តាចម្បងក្នុងការបង្កជំងឺមហារីកមាត់ស្បូនបានមួយជីវិត តែត្រូវចាក់ ៣ ដង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. វ៉ាក់សាំងរលាកថ្លើម B
វ៉ាក់សាំងរលាកថ្លើម B ត្រូវការចាក់ ៣ ដង។ លើកទី ២ ត្រូវចាក់ ១ ខែបន្ទាប់ពីចាក់លើកទី ១ ហើយលើកទី ៣ ត្រូវចាក់ ៦ ខែ បន្ទាប់ពីចាក់លើកទី ២។
ពេលចាក់វ៉ាក់សាំងរលាកថ្លើម B ហើយ បើក្នុងខ្លួនយើងដុះអង់ទីករពេញលេញ វ៉ាក់សាំងនេះអាចការពារយើងពីជំងឺរលាកថ្លើម B ចន្លោះពី ៣ ទៅ ៥ ឆ្នាំ។ បន្ទាប់ពីចាក់វ៉ាក់សាំងរលាកថ្លើម B ៣ ទៅ ៥ ឆ្នាំ យើងត្រូវពិនិត្យឈាមមើល បើអង់ទីកររលាកថ្លើម B មានការថយចុះ យើងត្រូវចាក់រំលឹកវិញ។
៥. វ៉ាក់សាំងអុតស្វាយ
ការចាក់វ៉ាក់សាំងអុតស្វាយអាចការពារយើងបានមួយជីវិត ឯចំនួនដងនៃការចាក់គឺ ២ ដង។
[embed-health-tool-bmr]
៦. វ៉ាក់សាំងជំងឺឆ្កែឆ្កួត
វ៉ាក់សាំងជំងឺឆ្កែឆ្កួតមិនអាចការពារយើងបានមួយជីវិតទេ ជាទូទៅយើងអាចចាក់ការពារមុនសត្វខាំ ឬចាក់ការពារក្រោយសត្វខាំ។ បើចាក់មុនសត្វខាំ យើងត្រូវចាក់ ៣ ដង ហើយបើយើងត្រូវសត្វខាំ ទោះជារបួសនៅបរិវេណ ក ឬមុខ និងទោះជារបួសធំ ឬជ្រៅក្តី យើងត្រូវការចាក់បន្ថែមតែ ២ ដងទេ ហើយមានប្រសិទ្ធិភាពខ្ពស់។
បើយើងចាក់ក្រោយសត្វខាំ យើងត្រូវចាក់ដល់ទៅ ៥ ដងក្នុងករណីសង្ស័យថា សត្វនោះមានផ្ទុកមេរោគឆ្កែឆ្កួត។ លើសពីនេះទៅទៀត បើមុខរបួសនៅបរិវេណក ឬមុខ ហើយធំ ឬជ្រៅ យើងត្រូវចាក់ Rabies immune globulin ជុំវិញមុខរបួសបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបន្ថែមថា បើកាលពីតូច យើងមិនបានចាក់វ៉ាក់សាំងថ្នាក់ជាតិសម្រាប់កុមារទេ យើងអាចចាក់វ៉ាក់សាំងនៅពេលធំបាន។ ម្យ៉ាងទៀត វ៉ាក់សាំងមួយចំនួនត្រូវការចាក់រំលឹក ដូចជាវ៉ាក់សាំងរលាកថ្លើម B ជាដើម។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ
ចំណុចសំខាន់
- វ៉ាក់សាំងតេតាណូស
- វ៉ាក់សាំងផ្តាសាយធំ
- វ៉ាក់សាំងមហារីកមាត់ស្បូន
- វ៉ាក់សាំងរលាកថ្លើម B
- វ៉ាក់សាំងអុតស្វាយ
- វ៉ាក់សាំងឆ្កែឆ្កួត