ប្រុសៗកំពុងពិបាករឿងលិង្គមិនឡើងរឹង ឈប់បារម្ភទៅ ពេលនេះ “Hello គ្រូពេទ្យ” នឹងណែនាំវិធីសាស្ត្រ ៣ យ៉ាង ដោះស្រាយបញ្ហាអត់សប្បាយចិត្តរឿងយប់ព្រលប់មួយនេះ។
១- ពិនិត្យសុខភាពទៀងទាត់
ប្រុសៗរាប់លាននាក់ តែងមានបញ្ហាលិង្គមិនឡើងរឹង ហើយអាចជារឿងគួរឲ្យខ្មាសអៀន ពេលពិភាក្សាជាមួយគ្រូពេទ្យពីរឿងនេះ។ ត្រូវចាំថា បញ្ហានេះមិនមែនកើតមានលើយើងម្នាក់ទេ កុំខ្មាសអៀន ស្ទាក់ស្ទើរទៅប្រឹក្សាយោបល់ ទទួលការព្យាបាលពីគ្រូពេទ្យអី។
មួយទៀត ប្រុសៗចាស់ៗត្រូវចាំថា បញ្ហាលិង្គមិនឡើងរឹងនេះមិនមែនជារឿងធម្មតាលើមនុស្សចាស់ទេ តែឆ្លុះបង្ហាញពីបញ្ហាមួយត្រូវការព្យាបាលទៅវិញ។ មុនសម្រេចចិត្តព្យាបាលខ្លួនឯង គួរទៅជួបគ្រូពេទ្យជាមុន រកពីឫសគល់ម៉េចបានជាលិង្គមិនឡើងរឹង។ បើលើសឈាម ឡើងជាតិខ្លាញ់ក្នុងសរសៃឈាម ឬលើសជាតិស្ករ ជំងឺទាំងនេះអាចជាមូលហេតុនាំឲ្យយើងងាយជួបប្រទះបញ្ហានេះ ជាពិសេសជំងឺបេះដូង និងទឹកនោមផ្អែម ជាមូលហេតុចម្បងលិង្គមិនឡើងរឹង។
២- ហាត់ប្រាណរក្សាទម្ងន់ឲ្យល្អ
លំហាត់ប្រាណជាសកម្មភាពសំខាន់មួយ ដើម្បីរក្សាសុខភាព និងទម្ងន់។ យើងគួរទៅកន្លែងហាត់ប្រាណ ហាត់យ៉ូហ្គា ដើរ រត់ ឡើងភ្នំ ហែលទឹក ហាត់តេក្វាន់ដូ ជិះកង់ ឬអ្វីផ្សេងដែលអាចជួយបង្កើនភាពមាំមួន និងអារម្មណ៍ស្រស់ស្រាយ ពិសេសគួរហាត់ ឬធ្វើសកម្មភាពទាំងនេះយ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្ដាហ៍ និងម្តង ៣០ នាទីយ៉ាងតិច។
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកថា ប្រុសៗអត់ធ្វើលំហាត់ប្រាណ ងាយជួបបញ្ហាលិង្គមិនឡើងរឹងខ្ពស់ជាងប្រុសៗធម្មតាដល់ទៅ ៤១%។ ជាងនេះទៀត ការហាត់ប្រាណក៏ជួយរក្សាទម្ងន់ថែមទៀតផង។ អ្នកមានទំហំចង្កេះធំក៏ងាយមានបញ្ហាខាងលើដែរ អ៊ីចឹង យើងគួរធ្វើលំហាត់ប្រាណឲ្យបានទាន់ពេល និងរក្សាតុល្យភាពអាហារ។ គួរញ៉ាំអាហារសម្បូរវីតាមីន ដូចជា បន្លែ ផ្លែឈើ និងមានបរិមាណប្រូតេអ៊ីន (សាច់) គ្រប់គ្រាន់ និងសារធាតុខ្លាញ់ល្អ។
[embed-health-tool-pregnancy-weight-gain]
៣- កុំស្មុគស្មាញពេក
និយាយពីបញ្ហាលិង្គមិនឡើងរឹង អារម្មណ៍ស្មុគស្មាញជាជនដៃដល់ចម្បងក្នុងរឿងនេះ។ បើយើងអាចកម្ចាត់ស្រ្តេស និងឫសគល់វាបាន អាអូនតូចអាចធ្វើបានល្អប្រសើរឡើងវិញ។ ទុកបញ្ហានៅកន្លែងការងារមួយឡែក ត្រឡប់មកផ្ទះជាមួយអារម្មណ៍រីករាយ បើទោះយើងវក់នឹងការងារក៏ដោយ គួរទុកមួយឡែកសិន មិនថារវល់ការងារគ្មានពេលសម្រាកប៉ុនណា ត្រូវរកពេលលំហែម្ដងម្កាល។ ធ្វើការច្រើនពេក មិនត្រឹមតែប៉ះពាល់ដំណើរឡើងរឹងរបស់លិង្គប៉ុណ្ណោះទេ វាក៏ជះឥទ្ធិពលមិនល្អដល់ការរស់នៅរបស់យើងដូចគ្នា។
ប្រុសៗយើងអាចភ្ញាក់ផ្អើលពីប្រសិទ្ធភាពបន្ទាប់ពីសាកវិធីសាស្ត្រខាងលើ ហើយបើវិធីខាងលើនៅតែមិនបានផល កុំស្ទាក់ស្ទើរឆាប់ទៅរកគ្រូពេទ្យប្រឹក្សាយោបល់ និងទទួលយកការព្យាបាលត្រឹមត្រូវតាមវេជ្ជសាស្ត្រ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ