គាំងបេះដូងមានន័យថាបេះដូងលែងដំណើរការ ឬការស្លាប់ភ្លាមៗដោយសារបេះដូងលែងដំណើរការដែលភាគច្រើនបណ្តាលមកពីវិបត្តិចង្វាក់បេះដូង និងជំងឺគាំងបេះដូង។ មូលហេតុអ្វីខ្លះបណ្តាលឱ្យយើងគាំងបេះដូង? បើយើងមានហានិភ៏យគាំងបេះដូង យើងគួរធ្វើ និងចៀសវាងអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកជំងឺទូទៅនៅមន្ទីរពេទ្យកាល់ម៉ែតបានឱ្យដឹងថាកត្តាដែលបណ្តាលឱ្យយើងគាំងបេះដូងគឺឈាមដែលទៅចិញ្ចឹមបេះដូងមានការថយចុះដែលបណ្តាលឱ្យបេះដូងស្លោក (សាច់បេះដូងខូច ឬងាប់) ហើយងាយឆ្លងចរន្តភ្លើង។
លើសពីនេះទៅទៀត មូលហេតុដែលបណ្តាលឱ្យឈាមទៅចិញ្ចឹមបេះដូងអត់គ្រប់គ្រាន់ទៅតាមតម្រូវការគឺបណ្តាលមកពីជំងឺសរសៃឈាមបេះដូងដែលសរសៃឈាមបេះដូងមានកកកំណកខ្លាញ់។ នៅពេលកំណកខ្លាញ់ដាច់ ឬរហែកនឹងបង្កទៅជាដុំឈាមញ៉ុកជិតសរសៃឈាមបេះដូងដែលបណ្តាលឱ្យយើងមានហានិភ័យ និងឈានទៅដល់គាំងបេះដូង។
មូលហេតុអ្វីខ្លះបណ្តាលឱ្យយើងមានជំងឺសរសៃឈាមបេះដូង?
ជំងឺសរសៃឈាមបេះដូង (ការមានកំណកខ្លាញ់កក ឬស្ទះក្នុងសរសៃឈាមបេះដូង) បណ្តាលមកពីកត្តាដូចជា៖
- ការលើសសម្ពាធឈាម
- ការជក់បារី
- ការលើសជាតិខ្លាញ់ក្នុងឈាម
- ការមានអាយុច្រើន
- ជំងឺទឹកនោមផ្អែម
- ការធាត់
- ការមិនធ្វើលំហាត់ប្រាណ
សញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងមានអ្វីខ្លះ?
ចំពោះសញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងរួមមាន៖
- ថប់ទ្រូងស្ទះខ្សល់
- ចុកណែនដើមទ្រូង (អាចនៅកណ្តាលសន្ទះទ្រូង ឬទ្រូងខាងធ្វេង) ដែលដូចមានអីគាប
- ឈឺចាក់មកថ្គាមខាងក្រោម ឬដៃខាងធ្វេង
- ហត់
- បែកញើស
- ងងឹតមុខរហូតដល់សន្លប់
- ឈឺចុងដង្ហើម (កម្រ)
- ឈឺទ្រូងខាងស្តាំ (កម្រ)
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
អ្នកធ្លាប់ ឬមានហានិភ័យគាំងបេះដូងគួរធ្វើ និងចៀងវាងអ្វីខ្លះ?
បើយើងមានជំងឺស្ទះសរសៃឈាមបេះដូង ធ្លាប់ ឬមានហានិភ័យគាំងបេះដូង យើងគួរ៖
- ឈប់ជក់បារី
- កាត់បន្ថយទម្ងន់
- កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ (អាហារចៀន ឆា បំពង ឬសាច់ជាប់ខ្លាញ់ជាដើម)
- ចៀសវាងហូបអាហារប្រៃ
- ហាត់ប្រាណ
- កាត់បន្ថយការញុំាគ្រឿងស្រវឹង
- ប្រើប្រាស់ថ្នាំឱ្យបានទៀងទាត់ បើមានជំងឺលើសឈាម ឬទឹកនោមផ្អែម
ពេលសមាជិកគ្រួសារមានសញ្ញាព្រមានគាំងបេះដូង យើងគួរធ្វើម៉េច?
បើអ្នកជំងឺមានអាការៈចុកណែនទ្រូង និងស្ទះដង្ហើមខ្លាំង យើងគួរទៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬ ហៅឡានពេទ្យជាបន្ទាន់។ បើអ្នកជំងឺទៅមន្ទីរពេទ្យទាន់ពេលវេលា គ្រូពេទ្យអាចជួយសង្រ្គោះអាយុ ជីវិតបាន តែពេលខ្លះអ្នកជំងឺចុកទ្រូងតែមួយភ្លែតទេគឺគាំងបេះដូងភ្លាមហើយអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។
[embed-health-tool-heart-rate]
ការគាំងបេះដូងអាចព្យាបាលតាមរបៀបណាខ្លះ?
គ្រូពេទ្យអាចព្យាបាលការគាំងបេះដូងដោយពង្រីកសរសៃបេះដូងតាមរយៈការដាក់រ៉ឺស័រនៅកន្លែងដែលសរសៃឈាមបេះដូងស្ទះ។
យើងអាចកាត់បន្ថយហានិភ័យគាំងបេះដូងដោយកែប្រែរបៀបរស់នៅដូចជា ចៀសវាងបារី កាត់បន្ថយអាហារប្រៃ ខ្លាញ់ និងគ្រឿងស្រវឹង ហាត់ប្រាណ និងញុំាថ្នាំឱ្យបានទៀងទាត់ បើមានជំងឺលើសឈាម ឬទឹកនោមផ្អែម។
អត្ថបទគួរអាន៖
- ប្រយ័ត្នផង! ឧស្សាហ៍ឡើងឈាម អាចគាំងបេះដូង
- អ្នកជំងឺទឹកនោមផ្អែម តិចនិកការពារខ្លួនពីបញ្ហាគាំងបេះដូង
- គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?
- ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?
- កុំប្រហែសឲ្យសោះ ! បញ្ហាសុខភាពធម្មតាទាំងនេះ តាមពិតអាចជាសញ្ញាជំងឺបេះដូង
- សញ្ញាជំងឺបេះដូងសំខាន់ៗ ប្រុសៗគួរយកចិត្តទុកដាក់ឲ្យមែនទែន
ចំណុចសំខាន់
– បើយើងមានជំងឺស្ទះសរសៃឈាមបេះដូង ធ្លាប់ ឬមានហានិភ័យគាំងបេះដូង យើងគួរ៖
- ឈប់ជក់បារី
- កាត់បន្ថយទម្ងន់
- កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ (អាហារចៀន ឆា បំពង ឬសាច់ជាប់ខ្លាញ់ជាដើម)
- ចៀសវាងហូបអាហារប្រៃ
- ហាត់ប្រាណ
- កាត់បន្ថយការញុំាគ្រឿងស្រវឹង
- ប្រើប្រាស់ថ្នាំឱ្យបានទៀងទាត់ បើមានជំងឺលើសឈាម ឬទឹកនោមផ្អែម