ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ ដូចជា ការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃជាដើម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពថ្លើម ឬកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាសញ្ញាសុខភាពអាចឲ្យយើងសម្គាល់ដឹងបានខ្លះថា ថ្លើមរបស់យើងមានសុខភាពមិនល្អ។
ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ ដូចជា ការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃជាដើម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពថ្លើម ឬកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាសញ្ញាសុខភាពអាចឲ្យយើងសម្គាល់ដឹងបានខ្លះថា ថ្លើមរបស់យើងមានសុខភាពមិនល្អ។

ជំងឺខាន់លឿងជាប្រភេទជំងឺម្យ៉ាងដែលធ្វើឲ្យស្បែក និង ភ្នែកអ្នកជំងឺមានសភាពលឿង។ បញ្ហាលឿងនេះកើតឡើងដោយសារតែសារធាតុ bilirubin ដែលផលិតពីកោសិកាគ្រាប់ឈាមក្រហម ហើយថ្លើមមិនអាចបំបែកបាន។ ក្នុងករណីដែលថ្លើមមិនអាចបំបែកសារធាតុនេះបាន នោះមានន័យថា សុខភាពថ្លើមចុះខ្សោយ អាចមានជំងឺ ដូចជា ក្រិនថ្លើម ឬរលាកថ្លើមជាដើម។ ដូច្នេះប្រសិនបើជួបប្រទះជំងឺខាន់លឿង ត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការឡើងកន្ទួលក្រហមរមាស់លើស្បែកដោយគ្មានមូលហេតុ ក៏ជាសញ្ញាបង្ហាញថាថ្លើមមានសុខភាពខ្សោយហើយ។ ពីព្រោះថា ការឡើងកន្ទួលរមាស់ចេញពីខាងក្នុងស្បែកបណ្ដាមកពីទឹកប្រមាត់មានការកើនឡើងខណៈដែលថ្លើមគ្មានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ។ ការរមាស់នេះថ្វីដ្បិតតែមិនបង្កផលប៉ះពាល់ដល់ស្បែក ប៉ុន្ដែវាជា រោគសញ្ញាមួយបង្ហាញពីសុខភាពថ្លើម។
ខ្សោយឆាប់អស់កម្លាំងក៏ជាសញ្ញាមួយពាក់ព័ន្ធទៅនឹងសុខភាពថ្លើម។ ព្រោះថា នៅពេលដែលថ្លើមមានបញ្ហា គឺគ្មានសមត្ថភាពអាចបំបែកជាតិពុលក្នុងអាហារ ហើយក៏មិនអាចស្រូបយកសារធាតុសំខាន់ៗដើម្បីចិញ្ចឹមរាងកាយបានគ្រប់គ្រាន់ផងដែរ។ ម្យ៉ាងវិញទៀត អាការៈខ្សោយ ឆាប់អស់កម្លាំងនេះ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀត នៃជំងឺរលាកថ្លើម។
សុខភាពថ្លើមមិនល្អ ក៏បណ្ដាលឲ្យបាត់បង់ចំណង់អាហារ និងស្រកគីឡូខុសធម្មតា។ ព្រោះថ្លើមមានមុខងារបំប្លែងសារធាតុចិញ្ចឹមចេញពីរបបអាហារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់រាងកាយ។ ប្រសិនបើថ្លើមមានបញ្ហារលាក ឬខូចខាតកោរសិកាណាមួយ មិនអាចបំពេញមុខងារបានល្អទេនោះនឹងធ្វើឲ្យប៉ះពាល់ផ្នែកផ្សេងនៃទៀត នៃប្រព័ន្ធរំលាយអាហារ បណ្ដាលឲ្យអ្នកជំងឺបាត់ចំណង់អាហារ ស្រកគីឡូ ចង្អោរ ករណីខ្លះអាចក្អួត។
ថ្លើមមានមុខងារផលិតប្រូតេអ៊ីនជួយចិញ្ចឹមកោសិកា ធំ តូចទាំងឡាយក្នុងរាងកាយ ក្នុងនោះដូចជាពពួកប្រូតេអ៊ីនដែលជួយដល់សុខភាពស្បែក។ ប្រសិនជាសុខភាពថ្លើមមិនល្អ មិនអាចផលិតប្រូតេអ៊ីនបានគ្រប់គ្រាន់ពេលនោះក៏ប៉ះពាល់ដល់សុខភាពស្បែកដូចគ្នា ធ្វើឲ្យស្បែកគ្មានភាពរឹងមាំ ងាយប្រឈមការឡើងជាំពេលប៉ះទង្គិចនឹងអ្វីមួយ។
មានកត្ដាជាច្រើនដែលអាចប៉ះពាល់ដល់ការគេង ក្នុងនោះក៏បណ្ដាលមកពីបញ្ហាថ្លើមផងដែរ។ តួយ៉ាងជំងឺក្រិនថ្លើមក្នុងដំណាក់កាលដំបូង អាចបណ្ដាលឲ្យអ្នកជំងឺប្រឈមការគេងមិនលក់ ឬគេងមិនស្កប់។ ការសិក្សាបានបង្ហាញថា អ្នកជំងឺក្រិនថ្លើម មានការបញ្ចេញអ័រម៉ូនមេឡាតូនីនច្រើននៅពេលថ្ងៃ ហើយកាត់បន្ថយនៅពេលយប់ ទើបបណ្ដាលឲ្យអ្នកជំងឺគេងមិនសូវបាន។
មេឡាតូនីនជាអ័រម៉ូនម្យ៉ាងគ្រប់គ្រងលើវដ្ដនៃការគេង ជាធម្មតាអ័រម៉ូននេះបញ្ចេញពីខួរក្បាលនៅពេលយប់ គ្រប់គ្រងទៅលើការគេង ដូច្នេះប្រសិនបើមនុស្សម្នាក់មានជំងឺថ្លើម ការបញ្ចេញអ័រម៉ូននេះមានភាពមិនប្រក្រតីទើបធ្វើឲ្យអ្នកជំងឺប្រឈមការគេងមិនលក់។

ថ្លើមមានតួនាទីសំខាន់ ជួយបំបែកជាតិពុលក្នុងឈាម ប្រឆាំងការរលាក គ្រប់គ្រងកូលេស្ដេរ៉ូល ផលិតប្រូតេអ៊ីន រក្សាសារធាតុចិញ្ចឹម គ្រប់គ្រងកម្រិតជាតិស្ករ និង បង្កើតថាមពលសម្រាប់រាងកាយ។ ដូច្នេះប្រសិនបើថ្លើមមានសុខភាពមិនល្អ នោះនឹងបង្កផលវិបាកយ៉ាងច្រើនដែរ។ ចូរតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស ក្នុងករណីសង្ស័យរោគសញ្ញាដែលបានកើតឡើង។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Signs and Symptoms of Liver Damage or Disease https://www.hep.org.au/liver-health/signs-and-symptoms-of-liver-damage-or-disease/
4 Signs Your Liver Is in Trouble + Tips to Protect It https://health.clevelandclinic.org/4-signs-your-liver-is-in-trouble-and-tips-to-protect-it/
Alcohol-related liver disease https://www.nhs.uk/conditions/alcohol-related-liver-disease-arld/symptoms/
Acute liver failure https://www.mayoclinic.org/diseases-conditions/acute-liver-failure/symptoms-causes/syc-20352863
Liver disease https://www.mayoclinic.org/diseases-conditions/liver-problems/symptoms-causes/syc-20374502
កំណែប្រែបច្ចុប្បន្ន
04/10/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ