ស្រីៗណាក៏ប្រាថ្នាចង់មានសុដន់ស្អាតនឹងគេ មិនថាទំហំ និងពណ៌ចុងសុដន់ទេ។ បើចុងសុដន់មានពណ៌ស៊ីជម្ពូទៀត នឹងសប្បាយចិត្ត តែបើវាប្រែឡើងជាខ្មៅ ក្រមៅ ស្រគាំ ទាំងអ្នកនៅលីវ ឬមានគ្រួសារហើយ ចាប់ផ្ដើមខកចិត្ត។ “Hello គ្រូពេទ្យ” នឹងលើកយកបញ្ហានេះមកបង្ហាញជាមួយហេតុផល និងដំណោះស្រាយ។
ម៉េចបានចុងសុដន់ប្រែទៅពណ៌ក្រមៅ?
ពណ៌ចុងសុដន់យើង អាស្រ័យទៅតាមពណ៌ស្បែក។ ស្បែកស្រីៗសម្បុរស ពណ៌ចុងសុដន់ អាចមានពណ៌ស៊ីជម្ពូ តែបើអ្នកមានសម្បុរស្រអែម ឬសណ្ដែកបាយ ចុងសុដន់ក៏ប្រែប្រួលតាមហ្នឹង គឺអាចពណ៌ត្នោត ឬក្រមៅតែម្ដង។ តែក៏មានករណីពិសេសមួយចំនួន ក៏អាចធ្វើឲ្យចុងសុដន់ប្ដូរទៅពណ៌ក្រមៅ ស្រគាំបានដែរ។
១- ពណ៌រោម
ការមានរោមនៅបរិវេណក្បាលសុដន់ មិនមែនជាករណីទូទៅ ឬគ្រប់គ្នាមានទេ។ ប៉ុន្តែ ចំពោះអ្នកមានរោមនៅក្បាលសុដន់ នឹងប្រែប្រួលដូចពណ៌រោម។ បើសិនជារោមពណ៌ត្នោត ឬក្រមៅ ចុងសុដន់អាចមានពណ៌ដូចគ្នា។
២- វ័យផ្លាស់ប្ដូររូបរាង
អំឡុងអាយុ ១១ ឆ្នាំ ជាវ័យលូតលាស់របស់ក្មេងស្រីទៅកាន់ភាពពេញវ័យរបស់គេ។ អាយុប៉ុណ្ណេះ គឺជាដំណាក់កាលពេញរូបពេញរាង និងលូតលាស់។ ដូច្នេះ ចុងសុដន់អាចប្រែពណ៌ទៅជាក្រមៅជាងមុន អត់មានអីចម្លែកទេ។ ជាធម្មតា វានឹងត្រលប់មកពណ៌ដើមវិញ ពេលចប់វ័យជំទង់។
៣- មករដូវ
មករដូវ ក៏អាចជាមូលហេតុមួយធ្វើឲ្យចុងសុដន់ប្រែពណ៌បានដែរ។ ស្ត្រីមួយចំនួនថា ចុងសុដន់គេប្រែពណ៌ក្រមៅអំឡុងពេលមករដូវ ឡើងហើម តឹងណែន ឬឈឺ (សង្កៀរ)។ វានឹងបាត់ទៅវិញ ពេលអស់រដូវ។
៤- មានផ្ទៃពោះ
អំឡុងរាងកាយប្រែប្រួលច្រើន ពេលពពោះ ការប្រែប្រួលពណ៌ស្បែកទៅជាក្រមៅ ជារឿងធម្មតា។ ដំបូង ពណ៌ក្រមៅនេះ នឹងកើតឡើងលើស្បែកមុខ ឬរង្វង់ភ្នែក បន្ទាប់ពីចូលដល់ខែទី៣ ឬទី៤ រង្វង់ជុំវិញក្បាលសុដន់នឹងប្រែពណ៌ទៅជាក្រមៅដែរ។ មិនមែនប្រែប្រួលតែពណ៌រង្វង់ចុងសុដន់ទេ ប៉ុន្តែទំហំសុដន់ ក៏រីកធំជាងមុន។
បញ្ហានេះអាចនឹងត្រលប់ទៅធម្មតាវិញ ក្រោយសម្រាល។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៥- ការបំបៅដោះកូន
ម៉ាក់ៗបំបៅកូនដោយដោះ ឬទឹកដោះគោ អាស្រ័យតាមស្ថានភាព លក្ខខណ្ឌជីវភាព ឬជម្រើស។ ករណីបំបៅកូនដោយដោះជាប្រចាំ ពិតជាធ្វើឲ្យចុងសុដន់ប្រែទៅពណ៌ “ក្រមៅ” ប៉ុន្តែពណ៌ដែលស្រីៗទូទៅអត់ចង់បានមួយនេះ នឹងប្រសើរឡើងវិញ ឬត្រលប់ទៅពណ៌តាមស្បែកវិញ ក្រោយឈប់បំបៅ។
៦- អាយុកាន់តែច្រើន
ពេលស្រីៗយើងអាយុកាន់តែច្រើន សម្រស់មិនចាំដូចក្មេងទេ ហើយពណ៌ក្បាលសុដន់ ក៏ប្រែទៅក្រមៅ។
៧- ជំងឺ ឬប្រើថ្នាំ
ពេលឈឺ ភាគច្រើនប្រាកដជាប្រើថ្នាំ។ អំណាចថ្នាំ អំឡុងសុខភាពអត់ល្អ ក៏អាចជាមូលហេតុអាចធ្វើឲ្យចុងសុដន់ប្ដូរពណ៌ទៅក្រមៅបានដែរ។
ធ្វើម៉េចឲ្យចុងសុដន់ប្រែមកស៊ីជម្ពូវិញ?
បើសិនចុងសុដន់យើងប្រែពណ៌ក្រមៅ ដោយសារលក្ខខណ្ឌដូចរៀបរាប់ខាងលើ វានឹងប្រែជាស៊ីជម្ពូវិញ បើយើងមានសម្បុរស និងក្រមៅបន្តិច បើយើងមានសម្បុរស្រអែម ឬខ្មៅ ក្នុងករណីរាងកាយយើងប្រក្រតីឡើងវិញ។
យ៉ាងណា មានវិធីធម្មជាតិមួយចំនួន អាចជួយកែខៃបញ្ហានេះ ក្រៅពីប្រើផលិតផលប្ដូរពណ៌ក្បាលសុដន់ដែលមានលក់លើទីផ្សារ ដូចជា៖
– លាបវីតាមីន C លើកន្លែងបរិមាណក្រមៅ
– ចិតត្រសក់ ឬក្រូចជាបន្ទះស្ដើងៗ រួចបិទលើបរិវេណក្រមៅមួយស្របក់។ ប៉ុន្តែ កុំប្រើញឹកញាប់ពេក ព្រោះអាចធ្វើឲ្យស្បែករមាស់ ឡើងកន្ទួលក្រហម។
បើចង់បានរបៀបព្យាបាល ឬដោះស្រាយបែបផលិតផលជំនួយ ឬវិធីសាស្ត្រពេទ្យ គួរប្រឹក្សាជាមួយអ្នកជំនាញ។ ចៀសវាងចេះតែប្រើរបស់តាមចង់ ឬអៀនប្រៀនអត់ហ៊ានស្វែងរកជំនួយ។
អត្ថបទគួរអាន៖
- តិចនិកជ្រើសរើសអាវក្នុង ឲ្យត្រូវទៅតាមទម្រង់ដើមទ្រូងស្រីៗ
- មូលហេតុមួយចំនួននេះ អាចបណ្តាលឱ្យកើតគីសលើទ្វារមាស
- ស្រីៗចង់ឲ្យក្លិនកន្លែងសម្ងាត់ល្អ សាកល្បងអាហារប៉ុន្មានមុខនេះ
- ស្រីៗពាក់អាវទ្រនាប់គេងពេលយប់ ប៉ះពាល់អ្វីខ្លះ?
- ឈឺចុងសុដន់មិនមែនមកពីការបំបៅដោះទាំងអស់ទេ នេះក៏អាចជាមូលហេតុ
[embed-health-tool-ovulation]