ជំងឺរើមជាជំងឺសើស្បែកមួយដែលមនុស្សមួយចំនួនធ្លាប់កើត ហើយអ្នកខ្លះទៅរកពេទ្យឲ្យព្យាបាល និងអ្នកខ្លះទៀតនៅធ្វើតាមបែបបុរាណទៅរកគ្រូស្ដោះ ផ្លុំ ឬវ៉ៃឲ្យឆាប់ចេញអស់។ ទង្វើបែបនេះត្រូវលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅថា អាចឈឺលើសដើមទៅវិញ។
លោកបានបញ្ជាក់ទៀតថា ជំងឺរើមបង្កឡើងដោយវីរុស Varicella-zoster ដូចគ្នាទៅនឹងជំងឺអុតស្វាយដែរ តែបើនិយាយឲ្យស្រួលស្ដាប់ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើតជំងឺនេះសុទ្ធសឹងតែជាអ្នកដែលធ្លាប់កើតមានជំងឺអុតស្វាយ ព្រោះវាបង្កឡើងដោយវីរុសដូចគ្នា។
មេរោគក្រោយពេលចូលទៅសំងំក្នុងប្រព័ន្ធប្រសាទហើយ វារង់ចាំឱកាសលេចឡើងនៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ដូចជាញ៉ាំអាហារមិនទៀងទាត់ ស្រ្តេស រាងកាយមិនបានងូតទឹកសម្អាត ជាពិសេសអ្នកកើតជំងឺអេដស៍ឧស្សាហ៍ចេញខ្លាំងណាស់។
ផលវិបាកនៃជំងឺរើម គឺឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យស្បែកខូចដោយបន្សល់ស្លាកស្នាម។ លោកបន្តទៀតថា នៅពេលដែលប្រព័ន្ធការពាររាងកាយយើងខ្លាំងវានឹងបាត់ដោយខ្លួនឯង តែសម្រាប់អ្នកខ្លះទៀតអាចនឹងប្រើពេលព្យាបាលយូរ។
សម្រាប់អ្នកជំងឺមួយចំនួនដែលគ្មានប្រព័ន្ធភាពស៊ាំខ្លាំងត្រូវការព្យាបាលរយៈពេលយូរ តែក្រោយលេប ឬលាបថ្នាំ ៣-៤ ថ្ងៃមិនទាន់ធូរ ក៏ងាកទៅរកគ្រូខ្មែរ។ អ្នកដែលនិយមឲ្យគ្រូខ្មែរវ៉ៃ ទះឲ្យចេញអស់ រឹតតែមានបញ្ហាស្បែកថែមទៀត ព្រោះបើទះតប់ខ្លាំងពេក ស្បែកកាន់តែកកិត ឬដាច់រលាត់ ធ្វើឲ្យមេរោគដទៃទៀតជ្រាបចូល។
អត្ថបទពាក់ព័ន្ធ៖
- ៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត
- ដួលគ្រេច ឬមានគ្រោះថ្នាក់ បើមានសញ្ញាទាំងនេះបញ្ជាក់ថាបាក់ឆ្អឹងហើយ
- បើស្បែកស្ងួតគ្មានជាតិ សាកញ៉ាំរបស់ទាំងនេះ
- គ្រោះថ្នាក់ខ្លាំង បើកូនកើតស្អូច ឬអុតស្វាយ ត្រាំទឹករុក្ខជាតិ និងខ្ចៅខ្យងឲ្យងូត
- អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិចក៏មានវិធីជួយបាន
- ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ
ដូចនេះពេលកើតរើមត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីព្យាបាលដោយថ្នាំលេប ឬលាប ហើយយើងត្រូវញ៉ាំអាហារដែលសម្បូរជីវជាតិ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំទើបអាចជួយប្រយុទ្ធប្រឆាំងជាមួយមេរោគនោះ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់អនាម័យខ្លួនប្រាណ ដោយងូតទឹកដុសសាប៊ូ កម្ចាត់ញើស បាក់តេរីដែលជាប់ ផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបានញឹកញាប់ និងកុំឲ្យមានការកកិតកន្លែងកើតរើម។
[embed-health-tool-due-date]