backup og meta

ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 09, 2022

    ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព

    ស្ពៃជើងទា ឬ ភាសារស្រួលស្ដាប់ថា ស្ពៃតឿ ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងនិងមានលក់ច្រើននៅលើទីផ្សារ។ ទាំងរសជាតិ និងគុណប្រយោជន៍ចំពោះសុខភាពច្រើន ថែមទាំងមានតម្លៃក៏ធូរថ្លៃ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដផងដែរ។

    ១.ជួយពង្រឹងសុខភាពឆ្អឹង

    សារធាតុរ៉ែសំខាន់ៗដែលមាននៅក្នុងបន្លែបៃតងមួយប្រភេទនេះ គឺជាមុខសញ្ញាសំខាន់ជួយពង្រឹងទៅដល់សុខភាពឆ្អឹងឲ្យរឹងមាំ។ ក្នុងបរិមាណ ស្ពៃតឿ ១០០ក្រាម មានផ្ទុកសារធាតុរ៉ែ កាល់ស្យូម ៧០ មិលី្លក្រាម អាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរាងកាយ បាន ៧% ជាតិដែក ១,៧ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ២០% ម៉ាញ៉េស្យូម ១២ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ៣% និង ផូស្វ័រ ៤០ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ៥%។

    ២.ជំនួយភ្នែក

    វីតាមីនចម្រុះដែលមានក្នុង បន្លែបៃតងមួយប្រភេទនេះ ដូចជា វីតាមីន A, E និង B6 មានតួនាទីសំខាន់ ជាផ្នែកមួយជួយពង្រឹងទៅដល់មុខងាររបស់ភ្នែក ដោយជំរុញឲ្យភ្នែកកាន់តែមើលឃើញច្បាស់ល្អ។ ការសិក្សាបានបង្ហាញ​ថាវីតាមីន B6 ជួយកាត់បន្ថយការវិវត្ដរបស់ភ្នែកតាមវ័យ។

    ៣.ពង្រឹងប្រព័ន្ធភាពស៊ាំ

    វីតាមីន C ក៏ស្ថិតក្នុងផ្នែកមួយនៃពពួកវីតាមីនចម្រុះដែលមានក្នុងស្ពៃតឿនេះផងដែរ។ ជាក់ស្ដែងក្នុងបរិមាណស្ពៃតឿ ១០០ក្រាម​ផ្ដល់អត្ថប្រយោជន៍វីតាមីន C ៤៥ ក្រាម ដែលបរិមាណនេះច្រើន មិនចាញ់ពពួកផ្លែឈើនោះទេ។ វីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរឹងមាំ អាចប្រឆាំងទៅនឹងជំងឺមេរោគផ្សេង និងជួយព្យាបាលមុខរបួសឆាប់ជាសះស្បើយទៀតផង។

    ៤.សម្រួលសរសៃឈាម និងចង្វាក់បេះដូង

    ក្នុងស្ពៃតឿមានភា្ជប់មកជាមួយរ៉ែជាតិដែក ដែលជាផ្នែកមួយជួយសម្រួលដំណើរការចរន្ដសរសៃឈាម និងបេះ​ដូង​ឲ្យធ្វើការបានល្អ។ ក្នុងបរិមាណស្ពៃតឿ ២០០ក្រាម ផ្ដល់ឲ្យជាតិដែក១,៦ក្រាម។ មិនត្រឹមតែប៉ុណ្ណោះស្ពៃនេះក៏មានជាតិសរសៃច្រើន និងគ្មានជាតិស្ករ ដែលជាចំណែកមួយជួយដល់ពង្រឹងដល់សុខភាពថ្លើម និងលំពែង ផងដែរ។

    ៥.ជំនួយសុខភាពស្បែក

    ដោយសារតែស្ពៃនេះមានកម្រិតវីតាមីន C ខ្ពស់ដូច្នេះហើយ គឺមានអត្ថប្រយោជន៍ជួយឲ្យស្បែកមាន​សុខភាពល្អ ស្រស់ថ្លា ថែមទាំងបង្កើនការលូតលាស់កោសិកា និងខូឡាជេនកាន់តែល្អប្រសើរ។ អ្នកមានបញ្ហស្បែក​ឡើងស្រអាប់ អាលែកហ្ស៊ីនឹងកម្ដៅថ្ងៃ ស្ពៃតឿក៏ជាផ្នែកមួយនៃអាហារជួយកាត់បន្ថយបញ្ហាទាំងនោះបានដែរ។

    ៦.រក្សាតុល្យភាពទម្ងន់

    ក្រៅតែពីផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកខាងក្នុង ស្ពៃតឿង ក៏ជាប្រភេទអាហារស្ថិតក្នុងក្រុមរបបអាហារ​ជួយរក្សាតុល្យភាពទម្ងន់រក្សារាងបានល្អមិនឡើងខ្លាញ់ ព្រោះថាបន្លែមួយប្រភេទនេះ សម្បូរសារធាតុចិញ្ចឹម វីតា​មីន រ៉ែ គ្មានជាតិខ្លាញ់ និងជាតិស្ករនោះទេ។ ដូច្នេះសម្រាប់អ្នកមានបំណងចង់រក្សារាង និងសម្រកគីឡូ អាចងាក​មក​សាកល្បង​ស្ពៃនេះបាន។

    ស្ពៃតឿ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម