សកម្មភាពសប្បាយៗ ជួយអភិវឌ្ឍជំនាញយល់ដឹងរបស់កូនៗ ប៉ាម៉ាក់កុំរំលង!
ការកសាងគ្រឹះដ៏រឹងមាំនៅពេលដែលកូននៅវ័យក្មេង អាចជួយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ប្រសើរសម្រាប់កូន។ ពិតណាស់ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនេះ ការអភិវឌ្ឍជំនាញយល់ដឹងមានសារៈសំខាន់ណាស់ ហេតុនេះហើយ ប៉ាម៉ាក់គួរបញ្ចូលសកម្មភាពមួយចំនួន ដែលជួយឲ្យក្មេងទទួលបានបទពិសោធន៍ជាក់ស្តែង ដូចជាលើកទឹកចិត្តឲ្យកូនចូលរួមក្នុងសកម្មភាពសប្បាយៗដែលផ្ដោតទៅលើការចងចាំ ការយល់ចិត្តទុកដាក់ និងការផ្ចង់អារម្មណ៍ជាដើម។

សកម្មភាពជួយដល់ការអភិវឌ្ឍជំនាញយល់ដឹងរបស់ក្មេង
១. តម្រៀបអក្សរ
ការរៀនអាន និងចងចាំអក្សរជាវិធីសាស្ត្រដ៏ល្អបំផុតដែលជួយអភិវឌ្ឍជំនាញយល់ដឹងរបស់កូន។ ប៉ាម៉ាក់ អាចជួយបង្រៀនកូនឲ្យស្គាល់អក្សរ ដោយការស្តាប់ចំរៀង មើលសៀវភៅ ឬលេងល្បែងផ្គុំអក្សរ។
២. រៀនចំណាំរូបរាង និងពណ៌
ជាមួយគ្នានេះដែរ ប៉ាម៉ាក់ក៏អាចជួយបង្រៀនកូនឲ្យស្គាល់ពីពណ៌ និងរូបរាងរបស់វត្ថុអ្វីមួយ នៅពេលដែលលេងជាមួយនឹងកូន ដូចជាឲ្យកូនប្រាប់ពណ៌ និងរូបរាងរបស់បាល់ ឬផ្លែក្រូច។ សកម្មភាពតូចតាចទាំងនេះ អាចជួយឲ្យក្មេងស្គាល់ពីរូបរាង និងពណ៌ជាក់លាក់របស់វត្ថុផ្សេងៗបាន។
៣. ហ្គេម
ការលេងហ្គេម អាចពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា បង្កើនភាពច្នៃប្រឌិត ហើយក៏ជាកត្តាចម្បងក្នុងការអភិវឌ្ឍជំនាញយល់ដឹង។ ប្រភេទនៃហ្គេម អាចមានភាពខុសៗគ្នាអាស្រ័យទៅតាមវ័យ។ សម្រាប់ក្មេងតូចៗ ប៉ាម៉ាក់គួរស្វែងរកហ្គេមណាដែលទាក់ទងទៅនឹងរូបរាង និងពណ៌ ហើយសម្រាប់ក្មេងដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ យើងគួរតែឲ្យកូនលេងហ្គេមផ្គុំរូបភាព។

៤. សួរសំណួរ
ចំណែកឯការសួរសំណួរទាក់ទងទៅនឹងតថភាពជាក់ស្តែង អាចជួយអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងបង្កើនភាពច្នៃប្រឌិតដល់កូនបាន។ សំណួរទាំងនេះ ក៏អាចជួយឲ្យក្មេងចេះវិភាគពីបញ្ហា និងចេះត្រិះរិះពិចារណាថែមទៀតផង។
៥. នាំកូនដើរលេងកម្សាន្ត
ការទៅកម្សាន្តនៅកន្លែងគួរឲ្យទាក់ទាញដូចជា សារមន្ទីរ បណ្ណាល័យ មានឥទ្ធិពលដ៏អស្ចារ្យទៅលើជំនាញយល់ដឹងរបស់ក្មេង។ កន្លែងប្រភេទនេះ អាចជួយឲ្យក្មេងយល់ដឹងពីរឿងរ៉ាវផ្សេងៗ ដែលជួយដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់កូន។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ