backup og meta

ម៉ាក់ប៉ាដឹងអត់ តើគួរដាក់ទារកគេងម៉េចទើបសុវត្ថិភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 18

    ម៉ាក់ប៉ាដឹងអត់ តើគួរដាក់ទារកគេងម៉េចទើបសុវត្ថិភាព?

    ទារកគេងច្រើន ជាពិសេសទារកទើបកើត។ ទារកទើបកើតគេង​ប្រហែល​ ១៦-២០ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទារកទើបកើតក្រោមអាយុ ១ ខួប​ងាយ​មានហានិភ័យស្លាប់ភ្លាមៗដោយសារការគេងណាស់។ តើម៉ាក់​ប៉ា​​​គួរដាក់ទារក​ទើបកើត​គេង​បែប​ណា និងក្នុងបរិយាកាសបែប​ណាទើប​មានសុវត្ថិភាព?

    សភាកុមារអាមេរិក (AAP) បានឱ្យដឹងថា ទារកទើបកើតក្រោមអាយុ ១ ខួបអាច​ស្លាប់​ពេល​គេង​ដោយសារ៖

  • ការថប់ដង្ហើមពេលគេង
  • ការជាប់ក្នុងប្រឡោះនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម
  • ការទាក់ ឬជាប់កនៅពេលគេងដែលបណ្តាលឱ្យថប់ដង្ហើម
  • ដើម្បីធានាថាទារកទើបកើតមានសុវត្ថិភាពក្នុងពេលគេង ម៉ាក់ប៉ាត្រូវ​ប្រយ័ត្នចំពោះបរិយាកាស និង​ឥរិយាបថក្នុងការគេងរបស់ទារកដូចជា៖

    ១. ដាក់ទារកគេងផ្ងារ

    ម៉ាក់ប៉ាត្រូវដាក់ដាក់ទារកគេងផ្ងារគ្រប់ពេល មិនថាថ្ងៃ ឬយប់ទេ ព្រោះការគេងផ្ងារអាចការពារ​ទារក​ពីការថប់ដង្ហើមពេលកំពុងគេង។ លើស​ពីនេះទៅគេងផ្អៀងទៀត ទារកដែលគេងផ្ងារ​មានហានិភ័យ​ស្លាប់​ភ្លាមៗតិចជាងទារកដែល ឬគេងផ្កាប់

    ២. កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក

    ម៉ាក់ប៉ាអាចគិតថា ការដាក់អូនតូចឱ្យគេងលើពូក ឬកម្រាលទន់ៗអាច​ធ្វើឱ្យអូនតូច​មានផាសុកភាព​ក្នុងពេលគេង ប៉ុន្តែតាមពិតការគេងលើពូក ឬកម្រាលទន់ៗអាចធ្វើឱ្យអូនតូច​ថប់ដង្ហើម​ដោយសារ​បាំង​មុខ ឬច្រមុះនឹងពូក ឬកម្រាលទៅវិញ ព្រោះពូក ឬកម្រាលទន់ៗមិនអាច​ទ្រទម្ងន់​អូនតូចបានល្អ​ដែល​ធ្វើឱ្យអូនតូចទ្រុឌចុះក្រោម។

    ៣. ដាក់ទារកឱ្យគេងដាច់តែឯង

    ម៉ាក់ប៉ាគួរចៀសវាងដាក់អូនតូចគេងលើគ្រែជាមួយម៉ាក់ប៉ា ដើម្បីការពារ​ការគេងសង្កត់​ពីលើអូនតូច​ដែលធ្វើឱ្យអូនតូចថប់ដង្ហើម និងការពារអូនតូចពីក្រឡាប់ធ្លាក់ពីលើគ្រែ។ ម៉ាកប៉ាគួរដាក់អូនតូច​ឱ្យ​គេង​ដាច់​តែឯងក្នុងអង្រឹងរហូតដល់ ៦ ខែ ឬមួយឆ្នាំក្នុងបន្ទប់ជាមួយម៉ាក់ប៉ា។

    ៤. ចៀសវាងដណ្តប់ភួយឱ្យទារក

    ម៉ាក់ប៉ាអាចស្លៀកពាក់អាវដៃវែង ខោជើងវែងឱ្យអូនតូចដើម្បី​ការពារកុំឱ្យអូនតូចរងា​ជំនួសឱ្យការ​ដណ្តប់​ភួយឱ្យអូនតូច ព្រោះភួយដែលម៉ាក់​ប៉ាដណ្តប់ឱ្យអូនតូចអាចគ្របមុខ និងច្រមុះអូនតូច ប្រសិន​បើអូនតូច​រើ ឬក្រឡាប់។

    ទារកគេង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៥​. មិនត្រូវដាក់របស់របរនៅកន្លែងគេងទារក

    ម៉ាក់ប៉ាមិនត្រូវដាក់ប្រដាប់ប្រដាលេង តុក្កតា ភួយ ឬខ្នើយឱបជុំវិញ ឬនៅកន្លែងគេងអូនតូចទេ ព្រោះ​អាចបាំងមុខ ឬច្រមុះអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម។

    ៦. កន្លែងគេងទារកមិនត្រូវមានផ្សែងទេ

    ម៉ាក់ប៉ាត្រូវប្រាកដថា បរិយាកាសកន្លែងគេងអូនតូចគ្មានផ្សែងដូចជា ផ្សែងធូប ធូបមូស ឬបារីជាដើម ​ដើម្បីឱ្យអូនតូចដកដង្ហើមបានស្រួល និងមិនពុលដោយសារផ្សែង។

    ៧. មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេ

    ម៉ាក់ប៉ាអាចគេងលក់ពេលដាក់អូនតូចគេងពោប ឬទ្រោបលើម៉ាក់ប៉ា ជាពិសេសពេលអង្គុយ​លើ​សាឡុង ឬកៅអីយោលដែលអាចធ្វើឱ្យអូនតូចធ្លាក់ ឬរអិលចូលទីតាំងដែលធ្វើឱ្យអូនតូចដកដង្ហើម​មិនរួច ឬថប់ដង្ហើម។

    ពេលទារកគេង ម៉ាក់ប៉ាគួរឧស្សាហ៍មើលអូនតូចផង ក្រែងអូនតូចដាក់​ដៃបាំងមុខ ឬច្រមុះ គេង​ផ្អៀង ឬពោបដែលអាចបណ្តាលឱ្យអូនតូចពិបាក​ដកដង្ហើម ឬថប់ដង្ហើម។

    អត្ថបទគួរអាន៖

    ចំំណុចសំខាន់

    ដើម្បីកាត់បន្ថយហានិភ័យស្លាប់ពេលគេង ម៉ាក់ប៉ាត្រូវប្រយ័ត្នចំពោះបរិយាកាស និងឥរិយាបថក្នុង​ការគេងរបស់ទារកដូចជា៖
    • ដាក់ទារកគេងផ្ងារគ្រប់ពេលដើម្បីការពារការថប់ដង្ហើមពេលកំពុង​គេង
    • កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក ព្រោះពូក ឬកម្រាលទន់ៗមិនអាចទ្រទម្ងន់អូនតូចបានល្អដែលធ្វើឱ្យអូនតូចទ្រុឌចុះក្រោមដែលអាចបាំងមុខ ឬច្រមុះអូនតូច
    • ដាក់ទារកឱ្យគេងដាច់តែឯង ចៀសវាងម៉ាក់ប៉ាគេងសង្កត់ពី​លើ​អូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម
    • មិនត្រូវដាក់របស់របរនៅកន្លែងគេងទារកទេ ព្រោះអាចបាំងមុខ ឬច្រមុះអូនតូច
    • កន្លែងគេងទារកមិនត្រូវមានផ្សែងទេ ព្រោះអាចបណ្តាលឱ្យទារក​ពុល ឬពិបាកដកដង្ហើម
    • មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេដែលអាចបណ្តាល​ឱ្យ​ថប់ដង្ហើម
    • ចៀសវាងដណ្តប់ភួយឱ្យទារក ព្រោះភួយអាចគ្របមុខ និងច្រមុះ​អូន​​តូច ប្រសិនបើអូនតូចរើ ឬ​ក្រឡាប់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 18

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម