សុខភាពផ្លូវចិត្ត មានសារសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលរាតត្បាតនៃវីរុសកូវីដ-១៩នេះតែម្ដង។ ការសិក្សាបានរកឃើញថា អ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហើយក៏ដោយ តែបើកំពុងមានជំងឺទាក់ទងនឹងផ្លូវចិត្ត នឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ-១៩ នេះបើយោងតាមការសិក្សាថ្មីមួយដែលចេញផ្សាយនៅក្នុងJAMA Network Open។
ក្រុមអ្នកស្រាវជ្រាវនៅUC San Francisco ដែលធ្វើការជាមួយក្រុមស៊ើបអង្កេតមកពីប្រព័ន្ធថែទាំសុខភាព San Francisco VA និងបានតាមដានទិន្នន័យរបស់អ្នកជំងឺជាងពីរសែននាក់ដែលបានចាក់វ៉ាក់សាំងរួច។ ជាលទ្ធផល ជាងពាក់កណ្ដាលនៃអ្នកចូលរួមក្នុងការសិក្សា (៥១%) ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានបញ្ហាសុខភាពផ្លូវចិត្តក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ និងជិត១៥% នៃអ្នកទាំងនេះមានវិជ្ជមានកូវីដ-១៩។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានរាយការណ៍ថា ហានិភ័យនេះនឹងកាន់តែខ្ពស់ចំពោះអ្នកដែលមានអាយុលើសពី៦៤ឆ្នាំ។ តាមការសិក្សានេះដែរបានឲ្យដឹងថា ក្រុមអ្នកដែលមានអាយុលើស៦៥ឆ្នាំ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនមានហានិភ័យខ្ពស់ជាងរហូតដល់ទៅ២៤% ហើយចំពោះអ្នកដែលមានជំងឺផ្លូវចិត្តមានហានិភ័យខ្ពស់ជាង២៣%។ រីឯអ្នកជំងឺបាយប៉ូឡា (ជាស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកជំងឺប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង) មានហានិភ័យខ្ពស់ជាង១៦% ស្របពេលដែលអ្នកដែលមានជំងឺថប់បារម្ភមានហានិភ័យខ្ពស់ជាងអ្នកដែលមិនមានជំងឺផ្លូវចិត្តចំនួន១២%។
អានបន្ត៖
បន្ថែមពីនេះ ក្រុមអ្នកស្រាវជ្រាវបានបន្តថា ការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ចំពោះអ្នកដែលមានជំងឺផ្លូវចិត្ត (៣% ទៅ១៦%) អាចប្រៀបធៀបនឹងការកើនឡើងនៃការឆ្លងវីរុសកូវីដ-១៩ លើអ្នកដែលមានស្ថានភាពសុខភាពផ្លូវកាយ (៧% ទៅ២៣%) ដូចជាជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺតម្រងនោមជាដើម។ ហេតុនេះហើយ អ្នកដែលមានជំងឺផ្លូវចិត្តអាចចាត់ចូលជាក្រុមដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ-១៩ ដែលគួរតែផ្ដល់អាទិភាពក្នុងការចាក់ដូសជំរុញ និងបង្កើនការការពារសំខាន់ៗផ្សេងទៀត។