ជាទូទៅ ជំងឺទឹកនោមផ្អែមបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗជាច្រើន។ ជំងឺរ៉ាំរ៉ៃមួយនេះ មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់សរីរាង្គដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏នាំផលវិបាកដល់ស្បែកដូចគ្នា។ ភាគច្រើន អ្នកជំងឺទឹកនោមផ្អែម ងាយប្រឈមនឹងបញ្ហាស្បែកស្ងួត ប្រេះ រមាស់ និងឆ្លងមេរោគផ្សេងៗ។ លើសពីនេះ ការប្រែប្រួលជាតិស្ករក្នុងឈាម ក៏អាចបង្កជាពងបែក ស្នាមក្រហមនៅលើស្បែក រោគសើស្បែក និងស្បែកឡើងខ្មៅនៅត្រង់បរិវេណក្លៀក ក្រលៀន និងកផងដែរ។
ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់ស្បែកយ៉ាងម៉េចខ្លះ?
វេជ្ជបណ្ឌិត Nivedita Dadu ជាគ្រូពេទ្យជំនាញខាងសើស្បែក ព្រមទាំងជាស្ថាបនិក និងប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Dadu បានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែម ឬបម្រុងទឹកនោមផ្អែមច្រើនតែមានបញ្ហាស្បែកញឹកញាប់ ឬវិបត្តិស្បែកនៅពេលជាក់លាក់ណាមួយ។ បញ្ហានេះកើតឡើងនៅពេលដែលចរន្តឈាមខ្សោយនៅក្នុងរាងកាយ ហើយសរសៃឈាម និងសរសៃប្រសាទមិនទទួលបានឈាម និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ដូច្នេះហើយ ទើបសមត្ថភាពរបស់ស្បែកចុះខ្សោយ ធ្វើឲ្យពិបាកជាសះស្បើយពីជំងឺស្បែកផ្សេងៗ។