
មានជំងឺរ៉ាំរ៉ៃជាប់កាយ គឺជាសុបិន្ដអាក្រក់មួយក្នុងជីវិត ពិសេសបើមានមហារីកតែម្តង យ៉ាងណាជំងឺនៅតែអាចព្យាបាលបង្កកុំឲ្យរាលដាលបាន។ សម្រាប់ស្រីៗ មហារីកឧស្សាហ៍កើតមានបំផុត គឺមហារីក ហើយអ្វីដែលគួរឲ្យបារម្ភខ្លាំងនោះគឺថា ក្រោយការព្យាបាលមហារីកដោះ បំណងប្រាថ្នាស្រីៗគ្រប់រូបចង់បានបំផុត គឺមានផ្ទៃពោះ ប៉ុន្តែអ្វីដែលគ្នាយើងកំពុងខ្លាច ពពោះអាចធ្វើឲ្យមានមហារីករើឡើងវិញដែរអត់? “Hello គ្រូពេទ្យ” នឹងបកស្រាយចម្ងល់ទាំងប៉ុន្មានគ្នាយើងចង់ដឹងបំផុត។
១- ព្យាបាលដោយសារធាតុគីមីអាចមានកូនបានអត់?
គ្នាយើងទទួលការព្យាបាលដោយសារធាតុគីមីភាគច្រើន មានការខូចខាតទៅលើក្រពេញអូវែ ដោយសារតែជាតិថ្នាំទាំងនោះធ្វើឲ្យយើងប្រឈមអត់កូន។ ទោះបីជា ស្រីៗមួយចំនួន នៅតែអាចមានអូនៗគួរឲ្យស្រលាញ់ក្រោយព្យាបាលមហារីកដោះដោយគីមី ប៉ុន្តែចាំបាច់បំផុត គួរតែពិភាក្សាជាមួយគ្រូពេទ្យមុនពេលព្យាបាល។
២- មហារីកអាចកើតឡើងវិញទេ?
តាមការសិក្សាបញ្ជាក់ ករណី មហារីក រើឡើងវិញ គ្មានជាប់ទាក់ទងរឿងមានផ្ទៃពោះទេ។ លើសពីនេះ គេបានរកឃើញថា បំបៅកូនដោយទឹកដោះម៉ាក់ៗ អាចបន្ថយហានិភ័យនាំឲ្យមានមហារីកដោះម្តងទៀតបាន។
៣- ក្រោយព្យាបាលយូរប៉ុណ្ណាទើបអាចមានកូន?
ពេទ្យបានណែនាំស្រីៗកើត មហារីក និងព្យាបាលបានជោគជ័យ គួរតែចាំយ៉ាងតិច ២ឆ្នាំ ចាំយកកូន ព្រោះរយៈពេល ២ឆ្នាំ គ្រប់គ្រាន់សម្រាប់ឲ្យគ្រូពេទ្យដឹងថាមានមហារីកកើតឡើងវិញ ឬអត់។ ប៉ុន្តែរឿងនេះ ក៏អាស្រ័យលើស្ថានភាពសុខភាពយើងដែរ ព្រោះពេលខ្លះអាចលើសពី ២ឆ្នាំ ដោយសារតែកត្តាអាយុ ប្រភេទមហារីក និងចំនួនកូនចង់បានតែម្តង។
៤- ធ្លាប់កើតមហារីកដោះអាចប៉ះពាល់កូនអត់?
គ្មានការសិក្សាណាបង្ហាញថា ជំងឺមហារីកដោះអាចប៉ះពាល់ដល់កូនយើងទេ។
អត្ថបទពាក់ព័ន្ធ៖
- ក្រោយព្យាបាលជំងឺមហារីកសុដន់ ចាំបាច់ត្រូវញ៉ាំអាហារល្អៗ និងហាត់ប្រាណផង
- កំពុងពពោះ ស្រាប់តែសុដន់ប្រែប្រួលខុសប្រក្រតី គួរធ្វើតេស្តចាំបាច់ទាំងនេះ
៥- មានផ្ទៃពោះអំឡុងពេលកំពុងព្យាបាលប៉ះពាល់កូនអត់?
ថ្នាំយើងប្រើប្រាស់អំឡុងពេលព្យាបាល អាចប៉ះពាល់ដល់ការលូតលាស់គភ៌បាន រីឯករណីឈប់ព្យាបាលភ្លាមៗ អាចធ្វើឲ្យយើង ប្រឈមខ្ពស់កើតមហារីកម្តងទៀត។ ដូចនេះ គួរតែចាំពេលព្យាបាលចប់សព្វគ្រប់ ចាំយកកូន។
៦- ក្រោយការព្យាបាលមហារីកអាចបំបៅដោះកូនបានអត់?
អំឡុងពេលព្យាបាល មហារីក ស្រីមានការពិបាកក្នុងការបំបៅដោះកូន ចំពោះដោះដែលមានជំងឺ។ ទោះស្រីៗមួយចំនួនអាចធ្វើបាន ប៉ុន្តែយើងគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៧- ពិភាក្សាជាមួយគ្រូពេទ្យ
បើគ្នាយើងកំពុងតែមាន ឬធ្លាប់មានមហារីកដោះ ហើយចង់បានកូន គួរតែពិភាក្សាជាមួយគ្រូពេទ្យពីវិធីព្យាបាលបែបណាមិនសូវប៉ះពាល់ដល់ការមានកូន ឬការរើឡើងវិញរបស់មហារីក។ ពិភាក្សាបែបនេះ គឺអាចជួយបានច្រើន ហើយស្រីមានជំងឺមហារីកដោះ ក៏នៅតែអាចមានកូនបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕