គ្នាយើងមួយចំនួនញ៉ាំនុះញ៉ាំ មិនខ្វល់ថាពេលណាទេ ទោះជិតគេងក៏ឃ្លាន និងត្រូវទៅញ៉ាំឲ្យឆ្អែតសិនដែរទើបនៅសុខ។ ទម្លាប់នេះមិនល្អទេ មិនត្រឹមប៉ះពាល់សុខភាពប្រឈមជំងឺធាត់ ថែមទាំងប៉ះពាល់ដល់ដំណេករបស់យើង អាចគេងមិនគ្រប់គ្រាន់ និងនាំឲ្យថ្ងៃថ្មីក្លាយជាថ្ងៃមិនល្អបាន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ ចង់ណែនាំអាហារមួយចំនួន មិនគួរញ៉ាំមុនចូលគេង បើមិនចង់គេងមិនស្កប់ស្កល់នោះ។
១- ភីហ្សា
គ្នាយើងគួរពិចារណាឡើងវិញពីទម្លាប់ញ៉ាំភីហ្សានៅពេលយប់ជ្រៅ ក្រោមហេតុផលជាច្រើន យើងគួរបោះបង់ទម្លាប់នេះចោល។ ការសិក្សាថ្មីៗរកឃើញថា ឈីសដែលតែងឃើញមានលើភីហ្សានឹងធ្វើឲ្យយើងសុបិនអាក្រក់ ខណៈអាស៊ីដក្នុងទឹកប៉េងប៉ោះអាចនាំឲ្យយើងឈឺពោះអំឡុងពេលម៉ោង ២រំលងអធ្រាត្រ ត្រូវក្រោកទៅបន្ទប់ទឹក។ លើសពីនេះ ភីហ្សាក៏ត្រូវចាត់ទុកជាអាហារមិនគួរញ៉ាំមុនពេលចូលគេង ព្រោះអាហារល្ងាចដែលយើងញ៉ាំរួចមានផ្ទុកកាឡូរីកម្រិតខ្ពស់រួចជាស្រេច នាំឲ្យរាងកាយមិនត្រូវការកាឡូរីបន្ថែមដ៏ច្រើនមានក្នុងភីហ្សាទៀតនោះទេ។
២- បឺរហ្គឺរ
អាហារដែលញ៉ាំទៅធ្វើឲ្យឡើងគីឡូខ្លាំង ធាត់ខ្លាំងដូចជាពពួកបឺរហ្គឺរ នឹងធ្វើឲ្យក្រពះពោះវៀនយើងធ្វើការកាន់តែធ្ងន់ នាំឲ្យបង្កជាបញ្ហាជាច្រើនអំឡុងពេលយើងព្យាយាមគេងឲ្យលក់ស្កប់ស្កល់។ ការសិក្សាថ្មីៗនេះបង្ហាញថា ញ៉ាំខ្លាញ់ឆ្អែតច្រើនពេកមានទំនាក់ទំនងនឹងបញ្ហាគេងមិនលក់ ហើយពិបាកក្រោកនៅពេលព្រឹក។
៣- កាហ្វេ
គ្នាយើងជាច្រើននៅពេលយប់ជ្រៅនៅតែគិតដល់រឿងផឹកកាហ្វេ ដោយជឿថាមិនប៉ះពាល់ដល់ការងងុយគេងរបស់យើងក៏ពិតមែន ប៉ុន្តែភាគច្រើនក្នុងចំណោមគ្នាយើងញៀនកាហ្វេបែបនេះ តែងមិនទទួលបានសំណាងនោះឡើង ព្រោះនៅពេលកាហ្វេចាប់ផ្តើមជះឥទ្ធិពលលើដំណេករបស់យើង នោះយើងត្រូវរង់ចាំពេល ៦ម៉ោងទៅមុខទៀតទើបអាចងងុយគេងជាថ្មី។
អត្ថបទពាក់ព័ន្ធ៖
៤- អាហារហឹរ
ទោះជាអាហារហឹរអាចជួយបង្កើនរសជាតិរបស់យើងឲ្យឆ្ងាញ់ខ្លាំងក៏ពិតមែន ប៉ុន្តែក៏មានឥទ្ធិពលអវិជ្ជមានទៅលើក្រពះរបស់យើងដូចគ្នា ហើយបញ្ហាឧស្សាហ៍កើតមានបំផុតគឺធ្វើឲ្យយើងក្រហាយទ្រូង ដែលជាមូលហេតុនាំឲ្យពិបាកឈានដល់ងងុយគេង ឬគេងឲ្យបានស្កប់ស្កល់។
អត្ថបទពាក់ព័ន្ធ៖
៥- ទឹកក្រូច
រវាងជាតិហ្គាស (ពពុះ) និងជាតិកាហ្វេអ៊ីនអាចមានក្នុងទឹកក្រូចមួយចំនួន ពពួកភេសជ្ជៈប្រភេទនេះក៏មិនល្អសម្រាប់ផឹកមុនចូលគេងដូចគ្នា។ ពិសេសបើទឹកក្រូចនោះមានជាតិស្ករច្រើនទៀត រាងកាយយើងនឹងពោរពេញទៅដោយជាតិស្ករ ខណៈជាតិស្ករអាចរំញោចខ្លាំងនាំឲ្យជាប់ទាក់ទងនឹងបញ្ហាគេងភ្ញាក់ៗ ឬគេងមិនស្កប់ស្កល់។
៦- គ្រឿងស្រវឹង
ពិតណាស់ ស្រាមួយកែវ ឬពីរកែវ ប្រហែលជាអាចជួយឲ្យឆាប់ងងុយគេងក៏ពិតមែន ប៉ុន្តែជាតិអាល់កុលនឹងទៅរំខានដល់នាឡិកាធម្មជាតិក្នុងរាងកាយរបស់យើង។ ជាធម្មតាការផឹកស្រាមុនពេលចូលគេងអាចនឹងធ្វើឲ្យគុណភាពដំណេករបស់យើង កាន់តែធ្លាក់ចុះក្នុងកម្រិតអាក្រក់ខ្លាំង ហើយក៏អាចជាកត្តានាំឲ្យយើងឧស្សាហ៍ក្រោកបត់ជើងតូចនៅពាក់កណ្តាលយប់ និងនៅពេលព្រលឹមស្រាងៗជាដើម។
អត្ថបទពាក់ព័ន្ធ៖
៧- ទឹកក្រូចស្រស់
ដូចធ្លាប់លើកឡើងហើយ ទឹកក្រូចស្រស់ ជាភេសជ្ជៈអស្ចារ្យមិនត្រឹមតែឆ្ងាញ់ទេ ថែមជួយសុខភាពបានច្រើនទៀត ប៉ុន្តែត្រូវចាំថា ទឹកក្រូចស្រស់មិនមែនសម្រាប់ផឹកមុនចូលគេងនោះទេ។ ទឹកក្រូចស្រស់ គឺសម្បូរទៅដោយជាតិអាស៊ីដ ដែលជះឥទ្ធិពលភ្លាមៗ បើសិនជាយើងមានបញ្ហាក្រពះ និងបញ្ហាប្លោកនោមស្រាប់។ ហេតុនេះ មុនចូលគេងគួរតែព្យាយាមញ៉ាំផ្លែឈើស្រស់ជំនួសវិញ ដូចជាផ្លែប៉ោម ព្រោះជាតិកាបូអ៊ីដ្រាតក្នុងផ្លែឈើទាំងនោះ អាចជួយជំរុញគុណភាពដំណេកយើងកាន់តែប្រសើរ ខណៈជាតិកាកសរសៃរបស់ផ្លែប៉ោម អាចជួយរាងកាយយើងស្រូបយកជាតិស្ករយឺតជាងមុន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕