របបអាហារសុខភាព ជាប្រភពនៃវីតាមីន និងសារធាតុរ៉ែដែលរាងកាយត្រូវការ។ ប៉ុន្តែ អំឡុងពេលមានគភ៌ ម៉ាក់ៗអាចនឹងជួបបញ្ហាខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូចនេះហើយ ការបំពេញបន្ថែមដោយការញ៉ាំអាហារបំប៉នជាក់លាក់ អាចជួយដោះស្រាយបញ្ហានេះបាន។
ហេតុអ្វីបានជាវីតាមីនសម្រាប់ស្ត្រីពពោះមានសារៈសំខាន់?
អំឡុងពេលពពោះ ម៉ាក់ៗត្រូវការអាស៊ីដហ្វូលិក និងជាតិដែកច្រើនជាងធម្មតា៖
- អាស៊ីដហ្វូលិកជួយការពារការខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទរបស់ទារក។ យើងគួរញ៉ាំអាហារបំប៉នដែលផ្ទុកអាស៊ីដហ្វូលិកយ៉ាងហោចណាស់៣ខែ មុនពេលមានផ្ទៃពោះ។
- ជាតិដែកទ្រទ្រង់ការលូតលាស់របស់សុក និងទារក ដោយជួយឲ្យរាងកាយផលិតឈាម ទៅផ្គត់ផ្គង់អុកស៊ីហ្សែនដល់ទារកក្នុងផ្ទៃ។ បន្ថែមពីនេះ ជាតិដែកក៏ជួយបង្ការជំងឺស្លេកស្លាំងថែមទៀតផង។
វីតាមីនសម្រាប់ស្ត្រីពពោះណាខ្លះដែលល្អបំផុត?
ក្រៅពីអាស៊ីដហ្វូលិកនិងជាតិដែក ម៉ាក់ក៏អាចស្វែងរកពពួកវីតាមីនសម្រាប់ស្ត្រីពពោះ ដែលផ្ទុកជាតិកាល់ស្យូម និងវីតាមីនD ដើម្បីពង្រឹងការលូតលាស់ធ្មេញ និងឆ្អឹងរបស់ទារក។ បន្ថែមពីនេះ ពពួកវីតាមីនសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលផ្ទុកវីតាមីនC, A, E, B ស័ង្កសី និងអ៊ីយ៉ូតក៏ផ្ដល់គុណប្រយោជន៍ច្រើនដែរ។ យ៉ាងណាមិញ ស្ត្រីពពោះគួរជៀសវាងការញ៉ាំវីតាមីនរក្សាគភ៌ ឬវីតាមីនចម្រុះលើសកម្រិត ពីព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។ ប្រឹក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីវិធីប្រើប្រាស់បានត្រឹមត្រូវ។
![ពពោះ](https://cdn.hellokrupet.com/wp-content/uploads/2022/11/ពពោះ៧.jpg)
ពេលណាដែលយើងគួរចាប់ផ្ដើមញ៉ាំវីតាមីនសម្រាប់ស្ត្រីពពោះ?
ជាធម្មតា យើងគួរញ៉ាំវីតាមីនទាំងនេះមុនមានផ្ទៃពោះ ពីព្រោះប្រព័ន្ធប្រសាទរបស់ទារក ដែលនឹងក្លាយទៅជាខួរក្បាល និងខួរឆ្អឹងខ្នងរបស់អាអូន មានការអភិវឌ្ឍតាំងពីខែដំបូងនៃការពពោះមកម្ល៉េះ ដែលអាចមុនពេលដែលម៉ាក់ដឹងថាខ្លួនមានផ្ទៃពោះទៅទៀត។
វីតាមីនសម្រាប់ស្ត្រីពពោះមានផលប៉ះពាល់ឬអត់?
ជួនកាល ជាតិដែកអាចបណ្ដាលឲ្យយើងទល់លាមក ហើយដើម្បីបង្ការបញ្ហានេះ យើងគួរ៖
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ញ៉ាំអាហារដែលមានជាតិសរសៃឲ្យបានច្រើន ដូចជាគ្រាប់ធញ្ញជាតិ ផ្លែឈើក្រៀម ឬផ្លែបឺរ
- ធ្វើលំហាត់ប្រាណជាទៀងទាត់។