brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចេះតែ​រមួល​ក្រពើអំឡុងពេលពពោះ គួរដោះស្រាយបែបណា?

រមួល​ក្រពើ​ជា​អាការៈ​ឈឺ​ចាប់​នៅ​ត្រង់​សាច់​ដុំ​ដែល​កន្ត្រាក់​ ហើយ​ជា​ធម្មតា​កើត​មាន​នៅ​ត្រង់​កំភួន​ជើង ឬ​ជើង ឬ​ទាំង​ពីរ​ផ្នែក​នេះ​តែ​ម្ដង​។ ស្រ្តី​ពពោះ​ប្រមាណ​ជា​៣០ ទៅ​៥០​ភាគ​រយ​អាច​ប្រឈម​នឹង​អាការៈ​រមួល​ក្រពើ​ ហើយ​អាការៈ​នេះ​ច្រើន​កើត​នៅ​ពេល​យប់​ និង​អាច​មាន​រយៈ​ពេល​​ពីរ​បី​វិនាទី ដល់​ទៅ​១០​នាទី​​។

ចេះតែ​រមួល​ក្រពើអំឡុងពេលពពោះ គួរដោះស្រាយបែបណា?

​មូល​ហេតុ​នាំ​ឲ្យ​មាន​អាការៈ​រមួល​ក្រពើ​​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ ហើយ​អាការ​នេះ​អាច​កើត​មាន​នៅ​ត្រី​មាស​ទី​២ និង​ទី​៣​។ កត្តា​មួយ​ចំនួន​ត្រូវ​បាន​គេ​គិត​ថា​ទំនង​ជា​អាច​មាន​ទំនាក់​ទំនង​នឹង​អាការៈ​រមួល​ក្រពើ​។ កត្តា​ទាំង​នោះ​មាន​ដូច​ជា​បញ្ហា​មេតាប៉ូលិស​ មិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ ឬ​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ខ្លាំង​ពេក​ បាត់​បង់​លំនឹង​អេឡិចត្រូលីត ឬ​ខ្វះ​វីតាមីន​ជា​ដើម​។

ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ

គណនាថ្ងៃសម្រាលកូន នៅទីនេះ

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ

គន្លឹះ​ការពារ​បញ្ហា​រមួល​ក្រពើ​លើ​ស្រ្តី​ពពោះ​

​​​​​​ហាត់​ប្រាណ​

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​ ឬ​ការ​ធ្វើ​ចលនា​រាង​កាយ​ជា​ប្រចាំ​​ជួយ​ការពារ​បញ្ហា​រមួល​ក្រពើ​អំឡុង​ពេល​ពពោះ​។ យ៉ាងណា​មុន​សម្រេច​ចិត្ត​លើ​ទម្រង់​លំហាត់​ប្រាណ​ណា​មួយ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​សុវត្ថិ​ភាព​។

ញ៉ាំ​ទឹក​

ការ​រក្សា​ជាតិទឹក​បាន​គ្រប់​គ្រាន់​ទំនង​អាច​ជួយ​ការពារ​បញ្ហា​រមួល​ក្រពើ​នេះ​ដែរ​។ ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ឬ​អត់​យើង​អាច​ពិនិត្យ​លើ​ទឹក​នោម។ បើ​ទឹក​នោម​មាន​សភាព​ថ្លា ឬ​ពណ៌​លឿង​ស្រាល​បាន​ន័យ​ថា​យើង​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​។ ដោយ​ឡែក​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់​​នោះ​អាច​បញ្ជាក់​​ថា​​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ​។​

អត្ថបទគួរអាន៖

ញ៉ាំ​កាល់ស្យូម​

ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ថា​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​អំឡុង​ពេល​ពពោះ​ទាប​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​រមួល​ក្រពើ​ដែរ​។ បើ​សិន​ជា​យើង​កំពុង​ពពោះ​ គួរ​​ញ៉ាំ​កាល់ស្យូម​​ឲ្យ​បាន​១ ០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​បរិមាណ​កាល់ស្យូម​ដែល​ត្រូវ​ការ និង​ប្រភព​កាល់ស្យូម​ដែល​គួរ​ញ៉ាំ​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 19/08/2024