ពិតណាស់ ការពពោះ ជាដំណាក់កាលដ៏រំភើបរីករាយរបស់ស្ត្រីគ្រប់រូប ប៉ុន្តែម៉ាក់ៗក៏ប្រឈមនឹងការប្រែប្រួលច្រើនដូចគ្នា។ បញ្ហាមួយចំនួនដែលតែងតែកើតឡើងអំឡុងពេលពពោះ មានដូចជាឈឺខ្នង ពិបាកគេង ហើយមួយវិញទៀត ម៉ាក់ក៏អាចប្រឈមនឹងបញ្ហាបបូរមាត់ឡើងខ្មៅដោយមិនដឹងខ្លួនផងដែរ។
កត្តាអ្វីខ្លះដែលនាំឲ្យបបូរមាត់ឡើងខ្មៅអំឡុងពេលពពោះ?
ជាក់ស្តែង បបូរមាត់ឡើងខ្មៅ តែងកើតឡើងជារឿយៗអំឡុងពេលពពោះ ហើយមានស្ត្រីប្រមាណជា៥០ ទៅ៧០ភាគរយជួបប្រទះបញ្ហាមួយនេះ។ យ៉ាងណាមិញ អ្នកជំនាញជឿថា បបូរមាត់ខ្មៅនេះ អាចបណ្តាលមកពីការប្រែប្រួលអ័រម៉ូន និងកង្វះសារធាតុចិញ្ចឹមជាក់លាក់អំឡុងពេលពពោះ។
គន្លឹះបញ្ចៀសបញ្ហាបបូរមាត់ខ្មៅអំឡុងពេលពពោះ
ម៉ាក់ៗក៏អាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយឱកាសនៃបញ្ហាបបូរមាត់ខ្មៅអំឡុងពេលពពោះបាន ដោយ៖
១. ប្រើក្រមួនលាបមាត់ ឬ Lip balm
ការការពារបបូរមាត់ពីកម្តៅថ្ងៃខ្លាំង ដោយប្រើក្រមួនលាបមាត់ ឬក្រែមដែលមានSPF គឺជារឿងសំខាន់ ពីព្រោះថាកាំរស្មី UV អាចជំរុញការផលិតសារធាតុ Melanin ដែលនាំឲ្យបបូរមាត់យើងប្រែពណ៌ទៅជាខ្មៅ។
២. របបអាហារតុល្យភាព
បន្ថែមពីនេះ ម៉ាក់ៗក៏មិនអាចខ្វះបាននូវរបបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលរួមមានជាតិដែក អាស៊ីដ Folic វីតាមីន C និង E។ អាហារទាំងនេះ អាចបញ្ចៀសកង្វះសារធាតុចិញ្ចឹមសំខាន់ៗដែលនាំឲ្យបបូរមាត់ឡើងខ្មៅ។
៣. រក្សាជាតិទឹក
យើងធ្លាប់បានឮរួចមកហើយថា ការរក្សាជាតិទឹកក្នុងរាងកាយមានសារៈសំខាន់ណាស់។ នៅពេលដែលស្បែកមានសំណើម នោះម៉ាក់ៗមិនងាយប្រឈមនឹងបញ្ហាបបូរមាត់ខ្មៅឡើយ។
៤. ជៀសវាងស្រ្កាប់បបូរមាត់លើសកម្រិត
ប្រសិនបើយើងឧស្សាហ៍ស្រ្កាប់ ឬត្រដុសបបូរមាត់ញឹកញាប់ នោះស្បែកបបូរមាត់នឹងងាយឡើងពណ៌ខ្មៅ។ ជំនួសមកវិញ យើងគួរសម្អាតបបូរមាត់ដោយប្រើហ្វូមដែលគ្មានជាតិកាត់ ឬកំណាត់ទន់ៗ ទើបជាការប្រសើរ។
៥. ញ៉ាំវីតាមីនរក្សាគភ៌
ជាមួយគ្នានេះដែរ ការញ៉ាំវីតាមីនរក្សាគភ៌ ដែលណែនាំឲ្យគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់បំផុតមួយ ពីព្រោះអាហារបំប៉នទាំងនេះ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ និងជួយអាចទ្រទ្រង់សុខុមាលភាពទាំងមូល ព្រមទាំងបញ្ចៀសបញ្ហាកង្វះសារធាតុចិញ្ចឹមថែមទៀតផង។