ការរីកតម្រងនោមសម្តៅទៅលើអាការៈហើមតម្រងនោម នៅពេលដែលមានការប្រមូលផ្ដុំទឹកនោម ដែលមិនអាចឆ្លងទៅកាន់ប្លោកនោម ដោយសារតែការស្ទះបង្ហួរនោម។ ស្ថានភាពនេះ ប៉ះពាល់ដល់ស្ត្រីពពោះប្រមាណជា៩០%ឯណោះ។ ក្នុងករណីដែលម៉ាក់ៗមានរោគសញ្ញានៃការរីកតម្រងនោម គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ទើបជាការប្រសើរ។
រោគសញ្ញានៃការរីកតម្រងនោម
ការរីកតម្រងនោម អាចបង្ហាញរោគសញ្ញាមួយចំនួន ហើយករណីខ្លះ ក៏មិនបញ្ចេញរោគសញ្ញាដូចគ្នា។ ជាធម្មតា រោគសញ្ញាកើតឡើងអាស្រ័យទៅលើថាតើការហើមមានលក្ខណៈស្រួចស្រាល់ ឬសន្សឹមៗ។ រោគសញ្ញានៃការរីកតម្រងនោម រួមមាន៖
- ការឈឺចាប់នៅតំបន់ខ្នង និងពោះ
- ចង្អោរ និងក្អួត
- ការបង្ករោគលើផ្លូវទឹកនោម
- ក្តៅខ្លួន
- នោមឈាម
- ឈឺទ្រូង
- ហើមជើង
- នោមញឹក។
មូលហេតុបង្កនៃការរីកតម្រងនោម
ការរីកតម្រងនោមអំឡុងពេលពពោះ កើតឡើងបណ្តាលមកពីមូលហេតុមួយចំនួន ដូចជា កត្តាអ័រម៉ូន ការកើនឡើងទម្ងន់ស្បូន ក្រួសតម្រងនោម កំណកឈាម សម្លាកនៃតម្រងនោម មហារីកប្លោកនោម។ល។ ដូចគ្នានេះដែរ កត្តាខាងក្រៅដូចជា មហារីកមាត់ស្បូន ជំងឺសរសៃឈាមវ៉ែនអូវែ ជំងឺទឹកនោមផ្អែម ក៏អាចបណ្តាលឲ្យកើតមានបញ្ហាមួយនេះដែរ។
កត្តាហានិភ័យ
ផលវិបាក និងហានិភ័យនៃការរីកតម្រងនោមអំឡុងពេលពពោះនេះ រួមមានការសម្រាលកូនមិនគ្រប់ខែ និងរលាកតម្រងនោម។ ផលវិបាកដ៏កម្រមួយទៀត ប៉ុន្តែអាចគ្រោះថ្នាក់ដល់អាយុជីវិត គឺជាការបែកតម្រងនោមដោយឯងៗ ដោយសារតែការកើនឡើងនៃទឹកដែលប្រមូលផ្ដុំរចនាសម្ព័ន្ធលើសកម្រិតនៅលើសាច់តម្រងនោម។
ពេលណាគួរទៅជួបជាមួយនឹងគ្រូពេទ្យ?
ប្រសិនបើម៉ាក់ៗមានអាការៈគ្រុនក្តៅ ឈឺចាប់ស្រួចស្រាល់នៅក្នុងពោះ នោមមានលាយឈាម ប្លោកនោមមិនដំណើរការ ឬប្រឈមនឹងផលវិបាកប្រព័ន្ធទឹកនោមផ្សេងទៀត គួរតែទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ ការរីកតម្រងនោមនេះ អាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រីពពោះដែលមានតម្រងនោមតែមួយ។ ដូច្នេះហើយ ទោះបីជាការវិវត្តន៍នៃរោគសញ្ញាតិចតួចក្តី ក៏យើងមិនគួរធ្វើប្រហែសដែរ។