ស្រីៗមានផ្ទៃពោះ ឈឺចង្កេះ ឈឺត្រគាក អាចជារឿងធម្មតាកើតលើសស្រីៗទូទៅ ប៉ុន្តែពេលខ្លះមិនទាន់ពពោះផង ស្រាប់តែមានបញ្ហាឈឺចង្កេះ ត្រគាក ឬកន្លែងណាមួយមានដុំពកនៅក្រលៀន ឬពោះ គ្រាន់តែសើច ដកដង្ហើមវែងក៏ឈឺ ច្បាស់ជាមានបញ្ហាអ្វីមូយទៀត។ មានធ្លាប់ឮចាស់ៗនិយាយពីជំងឺក្លន អត់? អ្នកធ្លាប់ឮ ច្បាស់ជាគិតជាជំងឺប្រុសៗ កើតពេលពងស្វាសមិនប្រក្រតីប៉ុណ្ណោះ តែកុំច្រឡំ ស្រីៗក៏កើតដែរ ពិសេសស្រីៗពពោះ កាន់ងាយកើតថែមទៀត។
១- អ្វីទៅជាជំងឺក្លន?
ជំងឺក្លន ជាភាសាបច្ចេកទេសហៅថា Hernia សំដៅលើជំងឺកើតឡើងនៅពេលផ្នែកណាមួយនៃសរីរាង្គខាងក្នុង មើលឃើញចេញមកក្រៅតាមរយៈចន្លោះសាច់ដុំ ឬជាលិកាដែលរក្សាសរីរាង្គនោះ។ ជំងឺក្លន កើតឡើងញឹកញាប់ នៅត្រង់ផ្នែកពោះ និងក្រលៀន ឬអាចកើតចាប់ពីផ្នែកខាងលើភ្លៅ ដល់រន្ធផ្ចិត។ ជំងឺក្លន កើតនៅអំឡុងពេលពពោះ មិនមែនជាអ្វីគួរឲ្យព្រួយបារម្ភភ្លាមៗនោះទេ លើកលែងតែមានអាការៈឈឺ។ ទោះយ៉ាងណា គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ព្រោះស្ថានភាពជំងឺអាចនឹងធ្ងន់ធ្ងរ អាចឈានទៅដល់គ្រោះថ្នាក់ដល់ជីវិតនៅពេលក្រោយ។ មុន ឬអំឡុងពេលពពោះ ត្រូវឲ្យគ្រូពេទ្យដឹងថា យើងមានជំងឺក្លន ដើម្បីពេទ្យអាចពិនិត្យរកមើលផលវិបាកធ្ងន់ធ្ងរ និងវិធីព្យាបាលសមស្រប។
ចង់គណនា BMR ចុចទីនេះ!
២- មូលហេតុអីខ្លះបណ្ដាលឲ្យកើតជំងឺក្លន?
ជំងឺក្លន បណ្ដាលមកពីភាពទន់ខ្សោយរបស់ជញ្ជាំងសាច់ដុំ ឬសាច់ដុំនោះ មិនអាចលូតលាស់ពេញលេញ។ អ្នកខ្លះ អាចនឹងកើតមកដោយសារជាលិកាខ្សោយ ឬបញ្ហាលូតលាស់របស់ជាលិកា ដោយសារកត្តាសុខភាពមួយចំនួន។ បញ្ហាទាំងនោះ រួមមាន ការលើកធ្ងន់ ទឹកក្នុងពោះ កើនសម្ពាធក្នុងពោះ រមួលសាច់ដុំពេលមានចលនាពោះវៀន ឬពេលនោម ឡើងទម្ងន់ខ្លាំង និងក្រដាសរ៉ាំរ៉ៃ ឬក្អករ៉ាំរ៉ៃ។ ស្រីៗមានផ្ទៃពោះ កាន់ងាយកើតជំងឺក្លន ពីព្រោះសាច់ដុំច្រើនតែតឹង ស្ដើង និងខ្សោយអំឡុងពេលពពោះ។
៣- អ្វីខ្លះជារោគសញ្ញាជំងឺក្លន?
រោគសញ្ញាជំងឺក្លនចំពោះស្រីៗកំពុងពពោះ អាចមិនលេចចេញទាល់តែសោះ ប៉ុន្តែស្រីៗមួយចំនួន អាចឃើញ និងដឹងរោគសញ្ញា មានអារម្មណ៍ថាមានដុំពក នៅពេលដេក ឬពេលប៉ះចំនៅកន្លែងពកនោះ។ ក្នុងស្ថានភាពណាមួយរបស់ជំងឺនេះ យើងអាចឃើញជាដុំពកតូចមួយនៅក្រោមស្បែក មានអាការៈឈឺតិចៗ នៅពេលយើងកម្រើកខ្លួន ឱនចុះ កណ្តាស់ ក្អក ឬសើចខ្លាំង។ ខ្លះអាចមានអារម្មណ៍ពិបាកនៅពេលដែលរើខ្លួន ពិសេសពេលពោះកាន់តែធំទៅ។
![ជំងឺក្លនពេលពពោះ Hello គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/06/shutterstock_1311286412.jpg)
៤- ត្រូវព្យាបាលជំងឺក្លនដោយវិធីណា?
ការវះកាត់ គឺជាវិធីមានប្រសិទ្ធភាពតែមួយគត់ ដើម្បីព្យាបាលជំងឺក្លន។ ទោះយ៉ាងណា ជម្រើសនេះអាចធ្វើឲ្យមានគ្រោះថ្នាក់ ទាំងម៉ាក់ៗ និងកូនក្នុងផ្ទៃ។ បើមានជំងឺក្លន គ្រូពេទ្យអាចនឹងណែនាំ គួរតែរង់ចាំរហូតដល់សម្រាលរួច និងជាសះស្បើយពេញលេញសិន ខណៈពេលព្យាបាលល្អបំផុត គឺចន្លោះពី ៣-៦ ខែក្រោយសម្រាល។ ផ្ទុយទៅវិញ បើមានលក្ខខណ្ឌសុខភាពណាមួយ តម្រូវឲ្យត្រូវតែវះកាត់ ព្យាបាលជំងឺនេះទាំងកំពុងមានផ្ទៃពោះ គ្រូពេទ្យអាចនឹងធ្វើការវះកាត់នៅត្រីមាសទី ២។
៥- ធ្វើម៉េចអាចបង្ការកុំឲ្យកើតជំងឺក្លន?
អាចជារឿងពិបាកមួយ ដើម្បីការពារកុំឲ្យកើតជំងឺក្លន ទោះបីជាការមានផ្ទៃពោះ មិនមែនជាមូលហេតុចម្បងនាំឲ្យជំងឺក្លនរីកធំ ធ្ងន់ធ្ងរក៏ពិតមែន ក៏យើងគួរចៀសវាងកុំធ្វើសកម្មភាពធ្ងន់ៗ។ អាចយកដៃរុញ ឬទប់កន្លែងដែលមានដុំក្លន ពេលកណ្តាស់ ក្អក ឬក៏សើច ព្រោះធ្វើដូចនេះ អាចការពារ កុំឲ្យឈឺ និងមិនស្រួលក្នុងខ្លួននៅថ្ងៃមុខ។
ស្វែងយល់បន្ថែមពី៖