ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អំឡុងពពោះ រាងកាយស្រីៗផ្លាស់ប្ដូរច្រើន ធ្វើការធ្ងន់ ដើម្បីជួយការពារ និងទ្រទ្រង់ការលូតលាស់គភ៌ក្នុងផ្ទៃ ហើយពេលសម្រាលរួច រាងកាយយើងនឹងប្រែប្រួលម្ដងទៀត ដូចជា ដើមទ្រូងពេញដោយទឹកដោះ ស្បូនរួមទៅវិញ និងមានអាការៈផ្សេងៗជាច្រើនកើតមាន ទាំងផ្នែករាងកាយ និងស្មារតី។ “Hello គ្រូពេទ្យ” នឹងប្រាប់រឿងទាំង ១២ ឧស្សាហ៍កើតមានក្រោយសម្រាលកូនរួច ពិសេសអំឡុងពេល ៦ សប្តាហ៍ក្រោយសម្រាល។
១- ឈឺចាប់ត្រង់តំបន់ទ្វារមាស
– មូលហេតុ៖ រន្ធទ្វារមាស និងរន្ធគូទ អាចត្រូវដាច់រហែកពេលសម្រាល ជាទូទៅធ្វើឲ្យមានការឈឺចាប់ ហើយកាន់តែឈឺខ្លាំង បើពេទ្យ កាត់រន្ធទ្វារមាសបន្ថែម ដើម្បីជួយសម្រួលឲ្យទារកចេញមកក្រៅ។
– ដំណោះស្រាយ៖ ព្យាយាមហាត់ប្រាណ Kegel (ហាត់ពង្រឹងត្រគាក) ព្រោះហាត់ប្រាណបែបនេះ ជួយពង្រឹងសាច់ដុំនៅបរិវេណស្បូន ដោយគ្រាន់តែប្រឹងខ្ជឹបសាច់ដុំគូទ រាប់ដល់ ១០ ចាំប្រលែងវិញ ធ្វើបែបនេះឲ្យបាន ១០ដង គិតមួយជុំ និង ៣ ដង/ថ្ងៃ។
២- ឈឺពោះ/ឈឺស្បូន
– មូលហេតុ៖ ឈឺស្បូន បណ្ដាលមកពីស្បូនត្រឡប់ទៅសភាពដើមវិញក្រោយសម្រាល ស្បូនយើងនឹងឡើងមូល ហើយរឹង មានទម្ងន់ប្រមាណជា ១គីឡូ តែអាការៈនេះ នឹងបាត់ទៅវិញក្នុងរយៈពេល ២-៣ ថ្ងៃ។
– ដំណោះស្រាយ៖ យើងអាចសួរយោបល់គ្រូពេទ្យ ថាតើយើងគួរលេបថ្នាំបន្ថយការឈឺចាប់ ឬទេ។
៣- ធ្លាក់ឈាមក្រោយសម្រាល
– មូលហេតុ៖ បន្ទាប់ពីទារកកើតចេញមកក្រៅ នឹងមានធ្លាក់ឈាមមកតាមក្រោយ។ ប៉ុន្មានថ្ងៃដំបូង មានធ្លាក់ឈាមច្រើន មានពណ៌ក្រហមស្រស់ និងអាចមកជាកំណកឈាមដុំៗ តែយូរៗទៅ នឹងចាប់ផ្ដើមហូរមកតិចៗ ប្រែពណ៌ស្រាលទៅៗ ជាទូទៅ អាការៈធ្លាក់ឈាមនេះកើតមានត្រឹម ២-៣ សប្ដាហ៍ ឬអាចដល់ ១ ខែ។
– ដំណោះស្រាយ៖ ប្រើសំឡីអនាម័យរហូតដល់ឈប់ធ្លាក់ឈាម។
៤- ដោះឡើងតឹង
– មូលហេតុ៖ ដោះស្រីៗនឹងឡើងតឹង ហើយឈឺ ដោយសារទឹកដោះចាប់ផ្ដើមផលិតសម្រាប់បំបៅកូនទើបកើត ប៉ុន្មានថ្ងៃបន្ទាប់ពីសម្រាល។ យើងនឹងមានអារម្មណ៍ធូរស្បើយ នៅពេលចាប់ផ្តើមបំបៅកូនជាប់លាប់ តែបើម៉ាក់ៗមិនបំបៅកូនដោយទឹកដោះ ការឈឺចាប់នឹងមានរហូតទាល់ទឹកដោះឈប់ផលិតដោយឯកឯង ក្នុងរយៈពេលប៉ុន្មានថ្ងៃ។
– ដំណោះស្រាយ៖ គួរបំបៅកូនដោយទឹកដោះ ហើយកុំរំលងការបំបៅកូនពេលយប់។ មុនពេលបំបៅកូន គួរច្របាច់ទឹកដោះចេញបន្តិចសិន។ ងូតទឹកក្ដៅឧណ្ហៗ ឬស្អំកំណាត់សើមឧណ្ហៗលើដើមទ្រូង ដើម្បីជួយឲ្យទឹកដោះហូរ ហើយបើអាការៈឈឺចាប់ខ្លាំង ឬហើម ត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
អត្ថបទពាក់ព័ន្ធ៖
៥- ខ្លួនប្រាណឡើងហើម
– មូលហេតុ៖ ស្រីៗភាគច្រើននឹងហើមដៃ ជើង មុខ អំឡុងពេលពពោះ នេះបណ្ដាលមកពីសារធាតុទឹកក្នុងខ្លួនកើនឡើង។ ក្រោយសម្រាល បញ្ហានេះនឹងបាត់ទៅវិញ។
– ដំណោះស្រាយ៖ គេងចំហៀង ដាក់ជើងឲ្យខ្ពស់ៗ គួរស្លៀកពាក់រលុងៗ និងត្រជាក់ ហើយផឹកទឹកឲ្យបានច្រើន។
៦- ជំងឺទល់លាមក និងឫសដូងបាត
– មូលហេតុ៖ ជំងឺទល់លាមក កើតមាននៅពេលពោះវៀនយើងមិនធ្វើចលនា ម៉ាក់ៗអាចមិនសូវបត់ជើង ឬពិបាកបត់ជើង អាចនឹងបង្កទៅជាឫសដូងបាតទៀតផង។
– ដំណោះស្រាយ៖ ត្រាំទឹកក្ដៅឧណ្ហៗ ញ៉ាំអាហារសរសៃ ដូចជា ពពួកផ្លែឈើ ឬនំប៉័ងស្រូវសាលីជាដើម រួចផឹកទឹកឲ្យបានច្រើន។
– មូលហេតុ៖ ២-៣ ថ្ងៃក្រោយសម្រាល ម៉ាក់ៗអាចពិបាកនោមមិនចេញ ហើយពេលខ្លះ ហូរនោមដោយមិនដឹងខ្លួន។ អាការៈដោយបញ្ហាស្បូនខ្សោយក្រោយសម្រាល ប៉ុន្តែនឹងបាត់ទៅវិញ នៅពេលសាច់ដុំស្បូនរឹងមាំដូចធម្មតា។
– ដំណោះស្រាយ៖ ផឹកទឹកឲ្យបានច្រើន ត្រាំទឹកក្ដៅឧណ្ហៗ។
៨- បែកញើសច្រើន
– មូលហេតុ៖ ចំណុចនេះ ភាគច្រើនកើតលើស្រីៗកូនដំបូង ពិសេសពេលយប់ ដោយសារការផ្លាស់ប្ដូរអ័រម៉ូនក្នុងរាងកាយ ក្រោយសម្រាលកូន។
– ដំណោះស្រាយ៖ កុំប្រើភួយច្រើន ឬស្លៀកពាក់ក្រាស់ៗនៅពេលយប់។ ប្រើកន្សែងទ្រាប់ អាចជួយមិនឲ្យសើមកម្រាលពូក និងខ្នើយ។
៩- អស់កម្លាំង
– មូលហេតុ៖ នៅពេលសម្រាលកូន ម៉ាក់ៗបាត់បង់ឈាមច្រើន ធ្វើឲ្យរាងកាយយើងចុះខ្សោយ ម្យ៉ាងទៀត អូនតូច ប្រហែលជាធ្វើឲ្យម៉ាក់ៗគេងមិនបានស្រួលទៀតផង។
– ដំណោះស្រាយ៖ ព្យាយាមគេង នៅពេលកូនគេងលក់ មិនថាពេលថ្ងៃ ឬយប់ ញ៉ាំអាហារសុខភាពឲ្យបានគ្រប់គ្រាន់ ដូចជា បន្លែ ផ្លែឈើ ពពួកស្រូវសាលី និងសាច់មាន់ជាដើម តែកុំញុាំផ្អែមពេក ឬអាហារខ្លាញ់ច្រើន។
១០- ស្បែកឡើងសង្វារ
– មូលហេតុ៖ អំឡុងពេលពពោះ ស្បែកស្រីៗនឹងស្ងួត ងាយប្រេះឡើងសង្វារ ជាពិសេសនៅលើពោះរីកធំទៅតាមទំហំកូន ភ្លៅ ត្រគាក និងគូទ ក៏រីកធំទៅតាមនឹងដែរ។ បើសង្វារកើតមានលើស្បែកហើយ ក៏មិនងាយបាត់ទៅវិញទេ។
– ដំណោះស្រាយ៖ ប្រើឡេការពារសង្វារ ឬលាបប្រេងអូលីវនៅលើស្បែក។
១១- ជ្រុះសក់
– មូលហេតុ៖ នៅពេលពពោះ សក់អាចដុះក្រាស់ពេញក្បាល ដោយសារតែអ័រម៉ូននៅក្នុងរាងកាយកើនដល់កម្រិតខ្ពស់ តែបន្ទាប់ពីសម្រាលរួច សក់ដែលដុះក្រាស់នោះ នឹងចាប់ផ្ដើមជ្រុះទៅវិញយ៉ាងច្រើន។ ជាទូទៅ បញ្ហាជ្រុះសក់អាចនឹងបញ្ចប់ក្រោយសម្រាលបាន ៦ ខែ។
– ដំណោះស្រាយ៖ ញុាំបន្លែផ្លែឈើឲ្យបានច្រើន ជីវជាតិនៅក្នុងបន្លែផ្លែឈើ ជួយការពារសក់ និងធ្វើឲ្យសក់ឆាប់ដុះមកវិញ។ កុំចង់សក់តឹងពេក និងប្រើខ្យល់ត្រជាក់នៅពេលផ្លុំសក់។
១២- ជំងឺបាក់ទឹកចិត្ត
– មូលហេតុ៖ ម៉ាក់ៗទើបសម្រាលកូន ជួនកាលមានអារម្មណ៍សោកសៅ តានតឹង អស់កម្លាំង និងឆាប់មួម៉ៅ។ អារម្មណ៍ទាំងនេះ កើតឡើងដោយឯកឯង ហើយក៏បាត់ទៅវិញដោយឯកឯងដែរ។ ប៉ុន្តែមានករណីខ្លះ អាចធ្ងន់ធ្ងរឈានដល់ជំងឺបាក់ទឹកចិត្ត ហៅថា Postpartum Depression ។
– ដំណោះស្រាយ៖ គេងឲ្យបានច្រើន កុំផឹកគ្រឿងស្រវឹង ឬប្រើថ្នាំមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ពិភាក្សាជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ដិ ចំណាយពេលវេលាសម្រាប់ខ្លួនឯង ជួបមិត្តភក្ដិ ពិសេសស្រីៗទើបសម្រាលកូនដូចគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធទៅវិញទៅមក។ បើយើងមានអាការៈសោកសៅលើសពី ២សប្ដាហ៍ សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូន៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕