វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅថា ស្រីៗផ្ទៃពោះចៀសមិនរួចជួបបញ្ហាធ្លាក់សនោះទេ គ្រាន់តិច ឬច្រើនប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីដែលម៉ាក់ៗមានធ្លាក់សច្រើន ក្នុងសភាពខាប់ៗ ឬដុំ មានពណ៌ខៀវ ប្រផេះ មានក្លិនឆ្អាប និងស្អុយនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញផ្នែករោគស្ត្រី ព្រោះវាជាសញ្ញានៃការធ្លាក់សដោយមានជំងឺ បើទុកយូរអាចប៉ះពាល់ដល់សុខភាពយើងផង កូនកើតមកអាចឈឺភ្នែក ឯស្បែកកូនក៏មានបញ្ហាដូចគ្នា។
ចំពោះមូលហេតុដែលជំរុញឲ្យស្រីៗពពោះធ្លាក់សជាប្រចាំ ក្នុងបរិមាណច្រើនៗ មានក្លិន មានពណ៌ និងរមាស់ខ្លាំងនៅទ្វារមាស ពេលខ្លះស្ទើរតែទ្រាំមិនបាននោះ លោកវេជ្ជបណ្ឌិតថា ការធ្វើអនាម័យខ្លួនប្រាណ និងទ្វារមាសមិនបានល្អ ឬការប្រែប្រួលរាងកាយ ពិបាកក្នុងការធ្វើអនាម័យ ធ្វើឲ្យស្រីងាយឆ្លងបាក់តេរី ផ្សិត ជំងឺកាមរោគ ចំណែកឯការប្រែប្រួលអ័រម៉ូន ធ្វើឲ្យការផលិតសារធាតុរាវកាន់តែច្រើនជាងមុន។