៤ចំណុច ម៉ាក់ៗត្រូវពិគ្រោះជាមួយអ្នកជំនាញឲ្យច្បាស់មុនសម្រេចចិត្តយកកូន

    ៤ចំណុច ម៉ាក់ៗត្រូវពិគ្រោះជាមួយអ្នកជំនាញឲ្យច្បាស់មុនសម្រេចចិត្តយកកូន

    សុភមង្គល​មួយ ក្នុង​ចំណោម​សុភមង្គល​ជា​ច្រើន​របស់​ស្រី គឺ​បង្កើត​គ្រួសារ​មួយ​ពោរពេញ​ដោយ​ភាព​កក់​ក្ដៅ និង​មាន​តែ​ភាព​រីករាយ។ មុន​នឹង​អាច​បង្កើត​គ្រួសារ​មួយ​បាន ស្ត្រី​ស្ទើរ​តែ​ទាំង​អស់​គ្នា សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ការ​ពពោះ​ជាមុន​សិន ដែល​គេច​វេស​មិន​បាន។

    និយាយ​ដល់​រឿង​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស ​ផ្នែក​សម្ភព និង​រោគស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​មាន​កូន បង្កើត​គ្រួសារ​មួយ​ជា​រឿង​ធម្មជាតិ ដើម្បី​បន្ត​វង្ស​ត្រកូល​ត​ៗ​គ្នា ប៉ុន្តែ​មិន​មែន​ចេះ​តែ​ចង់​យក យក​បាន​ទាំង​មិន​មាន​ការ​ពិនិត្យ​នោះ​ទេ។ សម្រាប់​ស្ត្រី​ដែល​ចង់​បាន​កូន គួរ​តែ​ទៅ​ពិគ្រោះ​ពី​បញ្ហា​សុខភាព​មុន​ពេល​យក​កូន ជាមួយ​អ្នក​ជំនាញ​ជាមុន​សិន​ទើប​ល្អ។

    ការពិគ្រោះ​មុន​ពេល​យក​គភ៌

    ១.​ ពិនិត្យ​សុខភាព​ស្ត្រី និង​លទ្ធភាព​នៃ​ការ​មាន​កូន
    ២.​ កត្តា​ប្រឈម​នៃ​ការ​មាន​គភ៌ និង​ហានិភ័យ​ផ្សេងៗ ជំងឺ​ប្រចាំ​កាយ ជំងឺ​តំណពូជ ជំងឺ​ដែល​កើត​មាន​ពេល​មាន​គភ៌​ពី​មុន ថ្នាំ​ដែល​កំពុង​ប្រើ​ប្រាស់ (ថ្នាំ​មួយ​ចំនួន មាន​ផល​ប៉ះពាល់​លើ​ទារក ឬ​ការ​លូតលាស់​របស់​គភ៌) កង្វល់​ផ្សេងៗ
    ៣. ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មួយ​ចំនួន (វ៉ាក់សាំង​អុតស្វាយ វ៉ាក់សាំង​កញ្ជ្រឹល ស្អូច​ជាដើម…)
    ៤. ការ​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​ជំងឺ​មួយ​ចំនួន ដែល​បង្ក​ហានិភ័យ​ពី​ម៉ាក់ៗ និង​ទារក។ល។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រៅ​ពី​នេះ នៅ​មាន​ការ​ពិនិត្យ​ផ្ទៃពោះ​ដែរ ដោយ​ផ្ដោត​លើ​ចំណុច​ដូចជា៖

    ១. យ៉ាង​ហោច​ណាស់ ៨ដង តែ​គួរ​តែ​ពិនិត្យ​រៀង​រាល់​ខែ ដែល​ចាប់​ពី​បាត់​រដូវ​ភ្លាម ជា​ពេល​សម្រាប់​ពិភាក្សា និង​ទទួល​បាន​ការ​ណែ​នាំ​ផ្សេងៗ​ជុំ​វិញ​ការ មាន​គភ៌ ស្វែង​យល់​ពី​កង្វល់ និង​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេងៗ ត្រៀម​ចិត្ត​ទទួល​ជីវិត​ថ្មី​មួយ​ទៀត
    ២. ពិនិត្យ​ស្ថានភាព​ទូទៅ (ស្លេកស្លាំង ហើម…) និង​សញ្ញាណ​ជីវិត(សម្ពាធ​ឈាម ចង្វាក់​បេះ​ដូង ចង្វាក់​ដង្ហើម កម្ដៅ…)
    ៣. កំណត់​អាយុ​គភ៌ ថ្ងៃ​សម្រាល​រំពឹង​ទុក និង​ផែន​ការ​សម្រាល
    ៤. ការ​ពិនិត្យ​ឈាម ទឹក​នោម អេកូ​ចង្វាក់​បេះ​ដូង ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មួយ​ចំនួន​ដែល​អាច​ចម្លង​ទៅ​ទារក ឬ​អាច​បង្ការ ឬ​កាត់​បន្ថយ​ការ​ចម្លង​ពេល​ពពោះ
    ៥. ការ​ផ្ដល់​ថ្នាំ​វីតាមីន កាល់ស្យូម បន្ថយ​អាការៈ​ចាញ់​កូន បន្ទន់​លាមក។ល។

    បន្ថែម​ពី​លើនេះ លោក​បន្ត​ថា បន្ទាប់​ពី​ប្រឹក្សា​មុន​ពេល​មាន​គភ៌ និង​ពិនិត្យ​ផ្ទៃ​ពោះ ម៉ាក់​ៗ​នៅ​ត្រូវ​ពិនិត្យ​មើល​អេកូ មាន​របៀប​រស់​នៅ​ត្រឹម​ត្រូវ ក៏​ដូច​ជា​មាន​របប​អាហារ​ត្រឹម​ត្រូវ នៅ​ពេល​ដែល​ម៉ាក់​ៗ​ពពោះ។ មួយ​វិញ​ទៀត បើ​អំឡុង​ពេល​ពពោះ មាន​បញ្ហា ឬ​ចម្ងល់​ណា​មួយ ម៉ាក់ៗ​គួរ​តែ​សួរ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​ដំណោះ​ស្រាយ​ដែល​ជឿ​ទុក​ចិត្ត​បាន។

    ពពោះ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 26/07/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត