backup og meta

គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​ពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2021

    គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​ពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ

    មិន​ថា​យើង​ចង់​មាន​ផ្ទៃពោះ​ ឬ​កំពុង​តែ​មាន​ផ្ទៃពោះ​នោះ​ទេ​ ការ​ថែទាំ​សុខភាព​​ឲ្យ​ល្អ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ ខណៈ ​ដែល​​តម្រូវ​ការ​នៃ​រាងកាយ​​ មាន​ការ​វិវត្តន៍​ទៅ​តាម​វ័យ​ ការ​មាន​ផ្ទៃពោះ​​នៅ​ក្នុង​វ័យ​​ខ្ទង់​២០​ឆ្នាំ​ គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ការ​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​វ័យ​ខ្ទង់​៣០​ឆ្នាំ និង​៤០​ឆ្នាំ​។​ យ៉ាង​ណា​មិញ​ យើង​នៅ​តែ​អាច​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ទោះ​បី​ជា​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ​។​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ ហើយ​ក៏​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ផង​ដែរ​ ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​គន្លឹះ​ថែទាំ​សុខភាព​​ពេល​មាន​ផ្ទៃ​ពោះ​នៅ​​គ្រប់​វ័យ​ឲ្យ​បាន​ដិតដល់​។​

    គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ

    ​​​​​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​​ក្នុង​ការ​មាន​ផ្ទៃពោះ​ ហើយ​​យើង​ក៏​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​​​​នៃ​​​ការ​មាន​កូន​​យ៉ាង​ងាយ​ស្រួល​ផង​ដែរ​​។​ បន្ថែម​ពី​នេះ​ ស្រីៗ​យើង​មាន​ហានិភ័យ​ទាប​នៅ​ក្នុង​ការ​រលូត​កូន​ ដែល​ជា​ក្ដី​ព្រួយបារម្ភ​មួយ​សម្រាប់​អ្នក​ដែល​ចង់​មាន​កូន​។​

    ជាមួយ​គ្នា​នេះ​ដែរ​ រាងកាយ​របស់​យើង​​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ការ​ពពោះ​ រីឯ​ស្បែក​ក៏​មាន​សភាព​ទន់​ល្មម​ ជាមួយ​នឹង​ភាព​យឺត​ ព្រម​ទាំង​សំណើម​ ដែល​អាច​វិល​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ នៅ​ក្នុង​វ័យ​នេះ​ យើង​ក៏​មាន​ហានិភ័យ​តិច​តួច​​ក្នុង​ការ​​កើត​មាន​ជំងឺ​ផ្សេង​ៗ​ ដូចជា​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​​។​ ដោយ​សារ​តែ​យើង​ស្ថិត​ក្នុង​វ័យ​មួយ​ដ៏​ស័ក្ដិសម​ក្នុង​ការ​មាន​កូន​ ​ស្រីៗ​យើង​គ្រាន់​តែ​ញ៉ាំ​អាហារ​ល្អ​ៗ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ​ និង​ដើរ​ជុំវិញ​ផ្ទះ​ ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​នៅ​ពេល​​មាន​ទម្ងន់​ ក៏​គ្រប់គ្រាន់​ហើយ​។​

    ចូរ​ជៀសវាង​ការ​ជក់​បារី​ ញ៉ាំ​ស្រា​ និង​ស្រ្តេស​។​ បន្ថែម​ពី​នេះ​ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​ល្អ​។​

    គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​៣០​ឆ្នាំ

    ការ​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទៀត​ឡើយ​ ហើយ​នៅ​ពេល​ដែល​យើង​​ឈាន​ដល់​អាយុ​៣៥​ឆ្នាំ​ លទ្ធភាព​ក្នុង​ការ​មាន​កូន​របស់​យើង​នឹង​ធ្លាក់​ចុះ​។

    គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​បន្ថែម​​ ពីព្រោះ​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​នឹង​ចាប់ផ្ដើម​កើន​ឡើង​នៅ​វ័យ​នេះ​។​ ពិត​ណាស់​ ជំងឺ​ផ្សេង​ៗ​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ការ​សម្រាល​កូន​ ក៏​អាច​កើន​ឡើង​នៅ​ក្នុង​ដំណាក់កាល​នេះ​ដូចគ្នា​។

    ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​​ អំឡុង​ពេល​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​នេះ​ យើង​គប្បី​ពិភាក្សា​​ជា​មួយ​នឹង​គ្រូពេទ្យ​​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី មុន​ពេល​សម្រេច​ចិត្ត​ថា​យក​កូន​។ ប្រសិនបើ​យើង​អាច​កំណត់​សញ្ញាណ​ដំបូង​នៃ​បញ្ហា​​ ឬ​ជំងឺ​រ៉ាំ​រ៉ៃ​ណាមួយ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ ឬ​សម្ពាធ​ឈាម​ខ្ពស់​ យើង​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ ក៏​ដូចជា​ការ​រលូត​កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    នៅ​ក្នុង​វ័យ​នេះ​ យើង​ចាំបាច់​ត្រូវ​ទទួល​បាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​សកម្មភាព​មួយ​ចំនួន​ ដោយ​សារ​តែ​រាងកាយ​របស់​យើង​​លែង​ឆាប់​ជា​សះ​ស្បើយ​ពី​​ការ​ឈឺ​ចាប់​ ឬ​របួស​​ផ្សេង​ៗ​។

    ​ផ្ទៃពោះ២

    គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​៤០​ឆ្នាំ

    ​​ការ​មាន​កូន​​នៅ​ក្នុង​វ័យ​នេះ​ អាច​ជា​រឿង​ដ៏​ពិបាក​មួយ​ ប៉ុន្តែ​ក៏​មាន​ស្រ្តី​ជា​ច្រើន​បាន​ព្យាយាម​ និង​ទទួល​ជោគជ័យ​ក្នុង​​ការ​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​វ័យ​នេះ​ផង​ដែរ​។​ ជា​ធម្មតា​ ការ​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​វ័យ​៤០​ឆ្នាំ​ឡើង​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ មិន​ថា​យើង​មាន​សុខភាព​ល្អ​​យ៉ាង​ណា​នោះ​ទេ​។​

    ​​គ្រូពេទ្យ​នឹង​ធ្វើ​ការ​តាមដាន​យ៉ាង​ដិត​ដល់​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​​​ ហើយ​ជា​ពិសេស​នោះ​ គឺ​នៅ​ត្រី​មាស​ដំបូង​ ដើម្បី​ស្វែង​រក​បញ្ហា​សុខភាព​ដូច​ខាង​ក្រោម​៖

    • ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌
    • ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ 
    • លទ្ធភាព​នៃ​ការ​រលូត​កូន​
    • កូន​ក្រៅ​ស្បូន
    • កូនមិនគ្រប់គីឡូ​ 
    • សម្ពាធ​ឈាម​ខ្ពស់​
    • លទ្ធភាព​នៃ​ជំងឺ Down Syndrome ឬ​​ពិការភាព​ពី​កំណើត​ផ្សេង​ទៀត​ ។​

    នៅ​ក្នុង​វ័យ​៤០​ឆ្នាំ​ យើង​អាច​​នឹង​មាន​ការ​ឈឺ​ចាប់​ជាង​​ស្ត្រី​ដែល​មាន​​វ័យ​ខ្ទង់​​២០​ឆ្នាំ​ ព្រម​ទាំង​អាច​មាន​ការ​ឈឺ​សន្លាក់​ដោយ​សារ​​ទម្ងន់​ធ្ងន់​នៃ​កូន​ក្នុង​ផ្ទៃ​ ក៏​ដូចជា​ឆាប់​​អស់​កម្លាំង​ថែម​ទៀត​ផង​។

    ក្រៅ​ពី​​ញ៉ាំ​អាហារ​សុខភាព​ អាហារ​បំប៉ន​ និង​ធ្វើ​លំហាត់​ប្រាណ​ យើង​ក៏​​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​​​បញ្ចេញ​សកម្មភាព​រាងកាយ​​ផង​ដែរ​។​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម