ឲ្យតែនិយាយពីរឿងពពោះ ពន្យារកំណើត ពិសេសការប្រើថ្នាំបន្ទាន់ មានស្រីៗជាច្រើន សួរនាំ “Hello គ្រូពេទ្យ’ មិនចេះចប់មិនចេះហើយទេ ដោយសំណួរភាគច្រើន គួរប្រើពេលណា? ប្រើរបៀបម៉េច? មានសុវត្ថិភាពអត់?។ កុំឲ្យស្រីៗគ្នាយើងឆ្ងល់ច្រើនទៀត អត្ថបទនេះ យើងនឹងប្រាប់ឲ្យអស់ហ្មង គួរប្រើពេលណា? មានសុវត្ថិភាព និងផលប៉ះពាល់ម៉េចខ្លះ? ឲ្យបានដឹងទាំងអស់គ្នា។
១- អ្វីជាថ្នាំពន្យារកំណើតបន្ទាន់?
ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើថ្នាំបង្ការកុំឲ្យមេជីវិតឈ្មោល ជួបជាមួយពងមេជីវិតញី ឬពន្យារកុំឲ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ ដោយគ្រាន់តែស្រីៗលេបថ្នាំនេះអំឡុងពេល ៣ ថ្ងៃ នៃការរួមភេទដែលមិនបានការពារ។ ជាធម្មតា ថ្នាំពន្យារកំណើតបន្ទាន់ មានប្រសិទ្ធភាពខ្ពស់ បើយើងប្រើអំឡុងពេលចន្លោះ ៧២ម៉ោង ចាប់ពីពេលរួមភេទរួច។
២- ហេតុអីត្រូវប្រើថ្នាំពន្យារកំណើតបន្ទាន់នេះ?
ហេតុផលចម្បងស្រីៗប្រើត្រូវថ្នាំនេះ ដើម្បីការពារកុំឲ្យមានផ្ទៃពោះ នៅពេលវិធីពន្យារកំណើតផ្សេងទៀតបរាជ័យ ដូចជា៖
– ស្រោមអនាម័យដាច់រហែក ឬបែកពេលរួមភេទ
– របូតធ្លាក់កងពាក់ក្នុងស្បូន (IUD)
– ដាក់ បន្ទះ ឬកងដាក់ក្នុងទ្វាមាស យឺតពេក ឬដកចេញលឿនពេក
– ភ្លេចលេបថ្នាំពន្យារកំណើត ២-៣ ដងជាប់គ្នា
– រួមភេទដោយមិនបានការពារ។
៣- ថ្នាំពន្យារកំណើតបន្ទាន់មានសុវត្ថិភាពអត់?
មិនធ្លាប់មានភ័ស្ដុតាងគ្រោះថ្នាក់រហូតដល់ស្លាប់ បណ្ដាលមកពីថ្នាំនេះទេ។ អ្នកជំនាញបញ្ជាក់ថា គុណប្រយោជន៍ថ្នាំនេះ មានច្រើនជាងគុណវិបត្តិ។
ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង មិនមានហានិភ័យ ឬផលរំខានកើតមានយូរអង្វែងនោះទេ ប៉ុន្តែវាអាចតែមានផលរំខានតិចតួច នៅពេលដែលប្រើថ្នាំនេះ។ ទោះបីស្ថិតក្នុងពេលយើងកំពុងមានបញ្ហាសុខភាពផ្សេងៗ ដូចជា ដាច់សរសៃឈាមខួរក្បាល ដុំឈាមកក ឬជំងឺបេះដូង មិនអាចប្រើថ្នាំពន្យារកំណើតធម្មតាបាន ស្រីៗគ្នាយើង នៅអាចប្រើថ្នាំពន្យារកំណើតបន្ទាន់នេះបានដែរ នឹងមានសុវត្ថិភាពទៀតផងដោយសារតែអ័រម៉ូនក្នុងថ្នាំនេះ គឺជាប្រភេទអ័រម៉ូនអឺស្ត្រូសែន និងប្រូហ្គេស្ទីន មិនបង្កគ្រោះថ្នាក់ ដូចថ្នាំពន្យាកំណើតធម្មតាទេ។
អត្ថបទពាក់ព័ន្ធ៖
- ភ្លាត់អីៗដោយអត់ការពារ ថ្នាំ ៧២ ម៉ោងជួយបាន តែប្រើញឹកប៉ះពាល់ធ្ងន់ធ្ងរ
- ប្រើថ្នាំពន្យារកំណើត បើជួបបញ្ហាទាំងនេះ កុំទាន់ភ័យអី
៤- ថ្នាំពន្យារកំណើតបន្ទាប់មានផលរំខានអ្វីខ្លះ?
ដូចធ្លាប់បានប្រាប់អ៊ីចឹង ថ្នាំនេះ មិនបង្កឲ្យមានផលរំខានធ្ងន់ធ្ងរ ឬយូរអង្វែងនោះទេ ព្រោះត្រូវបានអនុម័តតាមបែបវេជ្ជសាស្ត្រ ដាក់ឲ្យប្រើប្រាស់ជាសកល ពីសំណាក់រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យអាមេរិក FDA ដោយអះអាងមានសុវត្ថិភាពសម្រាប់ស្រីៗគ្រប់រូប។ ប៉ុន្តែថ្នាំនេះ ក៏អាចបង្កឲ្យមានផលរំខានខ្លះៗ ចំពោះស្រីៗគ្នាយើងដូចជា៖
– ចង្អោរ
– ក្អួត
– ចុករមួលពោះផ្នែកខាងក្រោម
– ហូរឈាមខុសធម្មតា
– អស់កម្លាំង
– ឈឺក្បាល
– វិលមុខ
– សុដន់ឈឺជាង អាការៈធ្លាប់ឈឺមុនៗ។
៥- ពេលណាត្រូវលេបថ្នាំពន្យារកំណើតបន្ទាន់?
ថ្នាំពន្យារកំណើតបន្ទាន់ ត្រូវប្រើឲ្យបានលឿន នៅក្រោយពេលរួមភេទដោយមិនបានការពារ ព្រោះនៅពេលលេបកាន់តែលឿន ថ្នាំកាន់តែមានប្រសិទ្ធិភាពការពារកុំឲ្យមានផ្ទៃពោះ។ ថ្នាំនេះ មានប្រភេទខ្លះ អាចមានប្រសិទ្ធិភាពបានរហូត ១២០ម៉ោង បន្ទាប់ពីរួមភេទរួច ខណៈថ្នាំប្រភេទខ្លះទៀត មានប្រសិទ្ធភាពតែ ៣ថ្ងៃ ឬ ៧២ម៉ោង បន្ទាប់ពីរួមភេទប៉ុណ្ណោះ។ ដូចនេះហើយ ទើបត្រូវប្រើថ្នាំនេះ ឲ្យលឿនតាមអាចធ្វើទៅបាន។
៤- ថ្នាំនេះមានប្រសិទ្ធភាពជួយរំលូតកូនបានអត់?
លេបថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង មិនអាចប្រើជាថ្នាំរំលូតកូនបានទេ ព្រោះវាមានប្រសិទ្ធភាពទប់ស្កាត់ការបង្កកំណើតមុនពេលមានផ្ទៃពោះប៉ុណ្ណោះ ដោយពន្យារ ឬបញ្ឈប់ការបញ្ចេញពងមេជីវិតញីនៅក្នុងស្បូនស្រីៗ។ ក្នុងករណី គ្នាយើងមានផ្ទៃពោះរួចហើយ ថ្នាំនេះគឺមិនមានប្រសិទ្ធិភាព ធ្វើឲ្យទារកក្នុងផ្ទៃមានគ្រោះថ្នាក់នោះទេ តែយ៉ាងណា បើយើងមានផ្ទៃពោះ ពេទ្យណែនាំឲ្យឈប់ប្រើថ្នាំនេះ។
[embed-health-tool-ovulation]