ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនេះបានបន្តទៀតថា ក្រៅពីទម្លាប់ប្រចាំថ្ងៃមានភាពស្វាហាប់ ហើយម៉ាក់ៗត្រូវមានកាយសម្បទារឹងមាំ កម្ពស់បាន និងត្រូវរក្សាទម្ងន់មិនឲ្យឡើងច្រើនលើសលប់។ ការសម្រាលកូនទាក់ទងនឹងសមាសភាព ៣ យ៉ាង ទី១ ទំហំឆ្អឹងអាងត្រគាកម្ដាយ ទី២ ស្បូនរបស់ម្ដាយ និងទី៣ កូននេះឯង។
“ប្រសិនបើម្ដាយកម្ពស់ ១,៦០ ម៉ែត្រ នោះត្រគាកសាយល្អ តែបើកម្ពស់ ១,៥០ ម៉ែត្រ ត្រគាកអាចតូចជាងអ្នកកម្ពស់ ១,៦០ ម៉ែត្របន្តិចមែន តែឆ្អឹងគ្មានភាពប្រែប្រួលទេ។ ស្បូនត្រូវបើកតាមធម្មជាតិហើយ កូនត្រូវចេញពីស្បូនឆ្លងកាត់តាមទ្វារ មកខាងក្រៅ តែបើសិនជាកូនធំពេក ធ្វើឲ្យពិបាកសម្រាល”។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។
ក្រៅពីការរក្សាទម្ងន់ពេលជិតដល់ថ្ងៃសម្រាលកូន លោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ៗឧស្សាហ៍ញ៉ាំចំណីអាហារណាដែលមានរសជាតិផ្អែមៗ ដើម្បីឲ្យមានកម្លាំង និងជួយឲ្យការប្រឹងពេលសម្រាលបានលឿនទៀតផង។ ក្នុងដំណាក់កាលសម្រាលកូន ស្ត្រីអាចញ៉ាំភេសជ្ជៈមួយចំនួនដូចជាទឹកផ្លែឈើជាដើម ព្រោះជួយធ្វើឲ្យមានកម្លាំងឡើងវិញ ដើម្បីបន្តប្រឹងឲ្យកូនឆាប់ចេញមក។