backup og meta

កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ឆ្លងអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 18, 2019

កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ឆ្លងអត់?

ទឹក​នោម​ផ្អែម​ពេល​ពពោះ ជា​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​មាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ ភាគ​ច្រើន​ជំងឺ​នេះ​កើត​ឡើង​នៅ​ត្រីមាស​ទី​៣ នៃ​ការ​ពពោះ ហើយ​អាច​បាត់​ទៅ​វិញ​ក្រោយ​ពេលសម្រាល​​កូន។ ក្នុង​ករណី​ដែល​ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ចុះ​កូន​ដែល​កើត​មក​អាច​ឆ្លង​ជំងឺ​នេះ​​អត់?

សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម បកស្រាយ​ថា កូន​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម មិន​ឆ្លង​នោះ​ទេ។ លោក​បាន​បន្ត​ថា កាល​ណា​យើង​​និយាយ​ពី​ជំងឺ​ឆ្លង ជា​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ តែ​ជំងឺ​ទឹកនោម​ផ្អែម​មិន​បង្ក​ឡើង​ដោយ​មេរោគ​នោះ​ទេ តែ​វា​អាច​តពូជ មាន​ន័យ​ថា ម្តាយ​ឪពុក​កើត​ជំងឺ​នោម​ផ្អែម នោះ​កូន​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។

ទោះ​យ៉ាងណា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ថា មិន​មែន​១០០% នៃ​ជីដូន​ជីតា ម្តាយ​ឪពុក​ដែល​មាន​ជំងឺ​ទឹក​នោម កូន​ឬ​ចៅ​កើត​មក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​នោះ​ទេ។ ក្រៅ​ពី​កត្តា​តំណពូជ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ មាន​កត្តា​ប្រឈម​ផ្សេង​ទៀត ដូចជា​ ​ធាត់​លើស​ទម្ងន់ កត្តា​អាយុ (អាយុ​លើស​ពី​៤០ឆ្នាំ) និង​កត្តា​ចំណី​អាហារ​ជា​ដើម។

ហេតុ​អី​ពេល​មាន​ផ្ទៃពោះ ស្រីៗ​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ពន្យល់​ថា ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​មនុស្ស​ស្រី​ចេញ​ច្រើន ធ្វើ​ឲ្យអាំងស៊ុយលីន​​ក្នុង​ខ្លួន​កាន់​តែ​បាត់បង់​ប្រសិទ្ធភាព កម្រិត​ជាតិ​ស្ករ​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន​រួច អ័រម៉ូន​មួយ​ចំនួន​ចាប់​ផ្តើម​ថយ​ចុះ ដូច្នេះ​កម្រិត​ជាតិ​ស្ករ​ក៏​ចុះ​ដែរ រាង​កាយ​ស្ត្រី​នឹង​វិល​ត្រលប់​មក​ធម្មតា​វិញ។

​ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្ងៃ​ណា​មួយ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ទាំង​ម៉ាក់ៗ និង​ទារក ក៏​ប្រឈម​ហានិភ័យ​វិវត្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។ “ក្នុង​ករណី​គាត់​ដឹង គ្រូពេទ្យ​ប្រាប់​គាត់ គាត់​អាច​មាន​វិធានការ​ការពារ​បាន អាច​ពន្យារ​បាន ឧទាហរណ៍​ថា ត្រូវ​២​ឆ្នាំ​ខាង​មុខ​កើត អាច​ពន្យារ​ដល់​១០​ឆ្នាំ​ក្រោយ​បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​អាច​អត់​កើត​តែ​ម្តង’ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រៀប​រាប់។

អត្ថបទពាក់ព័ន្ធ៖ កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?

វេជ្ជបណ្ឌិត សេង សេរី
សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ កូន​ដែល​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ថ្លោស​ខ្លាំង ៣,៥ គីឡូ​ក្រាម​ឡើង​ទៅ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​នោះ​ទេ ទាល់​តែ​សម្រាល​ដោយ​វះកាត់។ “ជួនកាល ២៤ ម៉ោង ក្រោយ​សម្រាល អាច​ស្លាប់ ដោយ​ជាតិ​ស្ក​រចុះ​ទាប​ខ្លាំង ព្រោះ​នៅ​ក្នុង​ពោះ​ម្តាយ ទារកធ្លាប់​មាន​កម្រិត​ជាតិ​ស្ករ​ច្រើន ពេល​សម្រាល​ចេញ​ពី​ផ្ទៃម្តាយ​ដាច់​ជាតិ​ស្ករ ឯ​ការ​បង្កើត​ស្ករ​ខ្លួន​ឯង​មិន​ទាន់​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​កូន​សន្លប់ ឬ​ស្លាប់។ អ៊ីចឹង​ពេទ្យ​ត្រូវ​តាម​ដាន​ជាតិ​ស្ករ​កូន ក្នុង​រយៈពេល​២៤ ម៉ោង ឬ​៤៨​ម៉ោង’

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 18, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម