ក្រោយសម្រាលកូនហើយ ស្ត្រីបរទេសបានញាំអាហារគ្រប់គ្រាន់មានទាំងសាច់ បន្លែ ផ្លែឈើគ្រប់មុខ ដែលទាំងនោះហើយគឺជាពពួកវីតាមីន សារធាតុចិញ្ចឹម គ្រប់គ្រាន់ជួយថែរក្សាស្បែកឲ្យនៅភ្លឺថ្លា រាងស្អាត។ ចំណែកតិចនិកសំខាន់មួយទៀតវិញ គឺអ្នកទាំងនោះព្យាយាមហាត់ប្រាណទៅតាមបច្ចេកទេស ដែលជួយឲ្យដំណើរការយករាងដើមបានឆាប់។ ជាធម្មតាឃើញនៅបរទេស ក្រោយសម្រាលហើយ អាចធ្វើដំណើរកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ កាត់បន្ថយភាពតានតឹង នាំឲ្យអារម្មណ៍ស្រស់ស្រាយ ដែលវាជាវិធីជំនួយជួយឲ្យមើលទៅស្រស់ស្អាតធម្មតា។
ចំណែកស្ត្រីខ្មែរមួយចំនួននៅប្រកាន់របៀបចាស់បុរាណតាំងពីមានផ្ទៃពោះរហូតដល់សម្រាល ដោយតម្រូវឲ្យតមនេះតមនោះ មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះ សូម្បីងូតទឹកយប់ក៏មិនហ៊ាន ក្រោយសម្រាលហើយដេកលើគ្រែអាំងភ្លើងរាប់ខែ មិនហ៊ានញាំអាហារគ្រប់មុខ និងអ្នកខ្លះញ៉ាំបាយតែជាមួយអំបិលម្រេច មិនហ៊ានញាំសាច់ ញ៉ាំប្រៃ សង្កត់ថ្ម ចុងក្រោយជាំមុខ ស្បែកស្ងួត ស្គមរីងរៃ បែរជាយល់ថាទាស់នេះ ទាស់នោះទៅវិញ។
ចំណែកម៉ាក់ៗខ្លះទៀតវិញ ក្រោយសម្រាលកូនរួច ព្រោះតែញ៉ាំច្រើនលើសលប់ ដោយគិតថាការញ៉ាំច្រើននាំឲ្យសម្បូរទឹកដោះផ្គត់ផ្គង់កូន រហូតធ្វើឲ្យលើសតម្រូវការ ទៅជាធាត់ខ្លាំងវិញក៏មាន។ តែលោកសង្កេតឃើញថា បច្ចុប្បន្នអ្នកដែលបានសិក្សាច្រើនបានស្វែងយល់ពីរបៀបពពោះតាមបរទេស និងអនុវត្តតាមមួយចំនួន ហើយទទួលបានភាពស្រស់ស្អាត ទាំងពេលពពោះ និងក្រោយសម្រាលកូនដែរ រហូតអ្នកខ្លះត្រូវគេសរសើរថាមានកូនកាន់តែស្អាតទៅវិញ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះ បានបន្ថែមថា នៅក្នុងវេជ្ជសាស្ត្រគ្មានទេ ជំងឺទាស់ មានតែប្រតិកម្មជាមួយអ្វីមួយ ហើយសភាពដែលចាស់ៗថាទាស់នោះ គឺបណ្ដាលមកពីការញ៉ាំមិនបានត្រឹមត្រូវ សម្រាកមិនគ្រប់គ្រាន់ និងគ្មានអនាម័យទៅវិញ។