គ្នាយើងជាច្រើនយល់ថា ជំងឺផ្ដាសាយធំគ្រាន់តែជាបញ្ហាសុខភាពតូចតាចប៉ុណ្ណោះ ហើយយើងអាចនឹងជាសះស្បើយក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ។ ប៉ុន្តែ ជំងឺមួយនេះបានបណ្ដាលឲ្យមានមនុស្សរាប់ម៉ឺននាក់ត្រូវធ្លាក់ខ្លួនឈឺចូលសម្រាកនៅមន្ទីរពេទ្យ និងបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ នៅចន្លោះឆ្នាំ២០១០ និង២០២០ អ្នកស្លាប់ដោយជំងឺផ្ដាសាយធំនៅសហរដ្ឋអាមេរិកកើនឡើងដល់៣៤២ ០០០នាក់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង ហៅកាត់ថា CDC របស់អាមេរិក។
លោកMark Slifka អ្នកជំនាញខាងប្រព័ន្ធភាពស៊ាំនៃមជ្ឈមណ្ឌលស្រាវជ្រាវជាតិOregon បានឲ្យដឹងថា ជំងឺផ្ដាសាយធំនេះ មិនអាចរលាយបាត់ជារៀងរហូតទេ។ ជាក់ស្ដែង នៅអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ យើងទាំងអស់គ្នាចាប់ផ្ដើមពាក់ម៉ាស និងនៅដាច់ដោយឡែកដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដែលកត្តានេះនាំឲ្យករណីជំងឺផ្ដាសាយធំធ្លាក់ចុះមកត្រឹម១៥០ ០០០ករណីប៉ុណ្ណោះ កាលឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ទិន្នន័យនៃជំងឺផ្ដាសាយធំមានចំនួនដល់ទៅ ៣៩លាននាក់ឯណោះ។ យ៉ាងណាមិញ ក្រោយស្ថានភាពកូវីដ-១៩បានធូរស្រាល ហើយយើងត្រលប់មកធ្វើការ និងចូលរៀនដូចធម្មតា ជំងឺផ្ដាសាយធំក៏វិលត្រលប់មកវិញដូចគ្នា។
វីរុសInfluenza ដែលបង្កជាជំងឺគ្រុនផ្ដាសាយធំអាចបំប្លែងខ្លួនរាប់ពាន់ប្រភេទ ហើយនៅពេលដែលវ៉ារ្យង់ណាមួយបាត់ទៅ វ៉ារ្យង់ថ្មីក៏លេចរូបរាងឡើង។ មូលហេតុនេះហើយ ទើបអ្នកជំនាញមានការលំបាកក្នុងការផលិតវ៉ាក់សាំង។

នៅឆ្នាំខ្លះ វីរុសផ្ដាសាយធំបម្លែងខ្លួនយ៉ាងឆាប់រហ័សជាងការផលិតវ៉ាក់សាំងទៅទៀត ហើយជួនកាល វីរុសដែលប្រើប្រាស់ក្នុងវ៉ាក់សាំងបំប្លែងខ្លួននៅក្នុងដំណើរការផលិតតែម្ដង។ ជាលទ្ធផល ប្រសិទ្ធភាពនៃវ៉ាក់សាំងផ្ដាសាយធំ គឺចាប់ពី១០% ទៅ៦០%ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានប្រសិទ្ធភាពខ្ពស់នៅរយៈពេល១ខែដំបូង និងធ្លាក់ចុះចំនួន១០%ជារៀងរាល់ខែ។