និយមន័យ
១- អ្វីជាជំងឺសរសៃឈាមបេះដូងខុសប្រក្រតី?
ជំងឺសរសៃឈាមបេះដូងខុសប្រក្រតី កើតឡើងពេលមានការប្រែប្រួលទំហំ និងរូបរាងនៃសរសៃឈាមអាក់ទែតូចៗ ដែលមានតួនាទីនាំឈាមទៅចិញ្ចឹមបេះដូង។ ភាគច្រើនតែងកើតលើអ្នកមានវិបត្តិអវយវៈ និងជំងឺបេះដូងពីកំណើត។
២- កើតញឺកញាប់ដែរទេ?
បើមានចម្ងល់ពាក់ព័ន្ធជំងឺនេះ សូមសាកសួរវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ទោះជាជំងឺសរសៃឈាមបេះដូងខុសប្រក្រតីមានច្រើនប្រភេទក៏ពិតមែន ប៉ុន្តែមានតែប៉ុន្មានប្រភេទប៉ុណ្ណោះអាចបង្កចេញជារោគសញ្ញា អ្នកជំងឺខ្លះមានតាំងពីក្មេង ខ្លះទៀតទាល់តែពេញវ័យទើបលេចចេញរោគសញ្ញា ហើយករណីខ្លះមិនមានសញ្ញាអ្វីទាំងអស់រហូតពេលគាំងបេះដូងស្លាប់ ទើបដឹងពីមូលហេតុ។
រោគសញ្ញាកើតមានលើបេប៊ី និងក្មេងៗ មានដូចជា៖
– ស្បែកស្លេក
– បែកញើស
– មិនព្រមបៅដោះ
– ពិបាកដកដង្ហើម។
ឯរោគសញ្ញាលើក្មេងជំទង់ មនុស្សពេញវ័យ និងចាស់ៗ មាន៖
– ល្ហិតល្ហៃ
– ហត់ពេលហាត់ប្រាណ ឬសម្រាក
– សន្លប់បាត់ស្មារតីពេលកំពុងហាត់កីឡា
– ឈឺទ្រូងពេលហាត់ប្រាណ ឬក្រោយហាត់ប្រាណ។
ករណីគាំងបេះដូងស្លាប់ភ្លាមៗ ជាមូលហេតុគួរឲ្យភ័យខ្លាចជាងគេ ដោយសារតែពេលហាត់ប្រាណសរសៃឈាម អាចនឹងវេញចូលគ្នា ជាមួយសរសៃឈាមផ្សេងទៀតបង្កឲ្យស្ទះលំហូរឈាមរត់ទៅចិញ្ចឹមបេះដូង។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនជាយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
មកទល់នឹងពេលនេះ គ្រូពេទ្យមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ដោយសារការវិវត្តនៃសរសៃឈាមតូចៗទាំងនេះ មានតាំងពីអំឡុងពេលបង្កកំណើតម្ល៉េះ តែមានអំណះអំណាង បង្ហាញថា អ្នកមានវិបត្តិបេះដូងពីកំណើត ឧស្សាហ៍ជួបបញ្ហានេះជាងគេ ខណៈវិបត្តិបេះដូងទាំងនោះរួមមាន៖
– រោគចតុសញ្ញាហ្វាឡូត (Tetralogy of Fallot )
– ជំងឺបេះដូងចំហថតរួមគ្នា (Truncus Arteriosus)
– ជំងឺរបត់សរសៃឈាមធំនៃបេះដូង (Transposition of The great arteries)
– ជំងឺក្រិនប្រឹសបេះដូងនាំឈាមទៅសួត (Pulmonary Valve Atresia)
– ជំងឺតំណលើសដែលនាំឈាមចេញពីថតបេះដូងក្រោមខាងស្ដាំ (DORV)
ការសិក្សាខ្លះសន្និដ្ឋានថា អាចជាជំងឺតំណពូជ ប៉ុន្តែមិនមានភស្តុតាងណាមួយបញ្ជាក់ឲ្យពិតប្រាកដនោះទេ។ លើសពីនេះ គេអាចរកឃើញថា ៥ភាគរយ នៃអ្នកជំងឺធ្លាប់ស៊កបំពង់តូចៗចូលតាមសរសៃឈាមដើម្បីរកមូលហេតុឈឺបេះដូង ប្រឈមនឹងវិបត្តិនេះ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កីឡាករអាជីព មនុស្សចូលចិត្តហាត់ប្រាណជាច្រើនម៉ោងជាប្រចាំ គឺសុទ្ធតែប្រឈមគ្រោះថ្នាក់នេះជាងគេ អាចគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង។ ១៥-៣៤ ភាគរយនៃកីឡាករ កីឡាករនីវ័យក្មេង ស្លាប់ដោយគាំងបេះដូង ត្រូវក្រុមគ្រូពេទ្យរកឃើញថាមានវិបត្តិសរសៃឈាមបេះដូង។
រោគវិនិច្ឆ័យ និងការព្យបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ពិនិត្យរាងកាយ ស្ដាប់សួត និងបេះដូង ត្រូវធ្វើជាបន្តបន្ទាប់ដើម្បីកំណត់រោគវិនិច្ឆ័យ ហើយការអង្កេតវិភាគបន្តទៀតដូចជា៖
– ថតអេកូបេះដូង
– វាស់ចង្វាក់បេះដូង
– ថតកាំរស្មីអ៊ិចប្រអប់ទ្រូង
– ថតស៊ីធីសរសៃឈាមបេះដូង (CTA Scan)
– ថតអឹមរ៉ាយបេះដូង (Magnetic Resonance Imaging)
– ថតអឹមរ៉ាយសរសៃឈាមបេះដូង (Magnetic Resonance Imaging)
– ស៊កបំពង់តូចចូលក្នុងសរសៃឈាមទៅបេះដូង (Catherization) រកមើលមូលហេតុ។
អត្ថបទគួរអាន៖
- ប្រយ័ត្នផង! ឧស្សាហ៍ឡើងឈាម អាចគាំងបេះដូង
- អ្នកជំងឺទឹកនោមផ្អែម តិចនិកការពារខ្លួនពីបញ្ហាគាំងបេះដូង
- គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?
- ប្រុសៗអាចរួមភេទបានវិញនៅពេលណា ក្រោយជួបបញ្ហាគាំងបេះដូង?
- កុំប្រហែសឲ្យសោះ ! បញ្ហាសុខភាពធម្មតាទាំងនេះ តាមពិតអាចជាសញ្ញាជំងឺបេះដូង
៨- ព្យាបាលដោយវិធីណា?
វិធីព្យាបាលរួមមាន លេបថ្នាំ ថែទាំខ្លួនប្រាណ និងការវះកាត់។ សម្រាប់ការពារករណីគាំងបេះដូង នៅពេលយើងមានអាការៈកម្រិតមធ្យម គឺតម្រូវព្យាបាលដោយថ្នាំ ដូចជា៖
– ថ្នាំ beta blockers
– ថ្នាំបញ្ចុះទឹកនោម
– ថ្នាំចង្វាក់បេះដូង
– ករណីខ្លះអាចដាក់ Stent
– ការបន្ថែមអុកស៊ីហ្សែនជាដើម។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន និងអាចកាត់បន្ថយហានិភ័យគាំងបេះដូងស្លាប់ទាំងវ័យក្មេងផងដែរ។
[embed-health-tool-heart-rate]