ដុំសាច់ស្បូន គឺជាដុំសាច់ដែលវិវត្តន៍នៅក្នុងជញ្ជាំងស្បូន។ ដុំសាច់ប្រភេទនេះ មិនមែនជាដុំមហារីកឡើយ ហើយច្រើនតែកើតឡើងចំពោះស្រីៗនៅវ័យបន្តពូជ ដែលមានទំហំប៉ុនគ្រាប់ផ្លែប៉ោម រហូតដល់ផ្លែក្រូចថ្លុងនៅក្នុងស្បូន។ ជាក់ស្តែង ស្ត្រីមួយចំនួនដែលមានដុំសាច់ស្បូនមិនមានចេញរោគសញ្ញាអ្វីឡើយ ស្របពេលដែលអ្នកខ្លះទៀត ត្រូវប្រឈមនឹងរោគសញ្ញាមួយចំនួនដូចជា មករដូវច្រើនជ្រុល បញ្ហាបន្តពូជ នោមញឹកញាប់ ជំងឺស្លេកស្លាំង និងឈឺពោះ។ ក្នុងករណីដែលគ្នាយើងមានអាការៈឈឺពោះដោយសារដុំសាច់ស្បូន តើគួរដោះស្រាយបែបណា?
ម៉េចបានគ្នាយើងប្រឈមនឹងការឈឺពោះដោយសារមានដុំសាច់ស្បូន?
ដុំសាច់ស្បូនអាចបណ្តាលឲ្យស្រីៗឈឺពោះដោយសារតែមូលហេតុជាច្រើន។ នៅពេលដែលដុំសាច់ស្បូនរីកធំ នោះអាចដាក់សម្ពាធទៅលើសរីរាង្គក្បែរៗ និងបង្កជាការឈឺពោះធ្ងន់ធ្ងរ។ ការឈឺចាប់នេះកាន់តែខ្លាំងឡើង នៅពេលមករដូវ ដែលបណ្តាលឲ្យមានការធ្លាក់ឈាមច្រើន និងឈឺពោះ។
![ដុំស្បូន](https://cdn.hellokrupet.com/wp-content/uploads/2023/05/ដុំស្បូន២.jpg)
គន្លឹះជួយគ្រប់គ្រងការឈឺពោះដោយសារបញ្ហាដុំសាច់ស្បូន
១. ស្អំកំណាត់ក្តៅ
ដុំសាច់ស្បូនបណ្តាលឲ្យមានការរលាក។ ហេតុនេះហើយ ស្រីៗយើងអាចស្អំកំណាត់ក្តៅនៅត្រង់ពោះផ្នែកខាងក្រោម ដើម្បីជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងអាចជួយបន្ធូរការតឹងសាច់ដុំ និងបំបាត់ការចុកពោះ។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. ញ៉ាំអាហារតុល្យភាព
ការញ៉ាំបន្លែ និងផ្លែឈើមួយចំនួន ដូចជាផ្កាខាត់ណាខៀវ ស្ពៃក្តោប ប៉េងប៉ោះ ឬផ្លែប៉ោម អាចជួយកាត់បន្ថយហានិភ័យនៃការកើតដុំស្បូន។ ជាមួយគ្នានេះផងដែរ យើងគួរបង្កើនការញ៉ាំប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ និងវីតាមីនD ព្រមទាំងជៀសវាងពពួកអាហារកែច្នៃ សាច់ក្រហម និងពពួកទឹកដោះគោច្រើនជ្រុល។
៣. បន្ធូរអារម្មណ៍
ទន្ទឹមនឹងនេះដែរ យើងក៏អាចបន្ធូរអារម្មណ៍ដោយការហាត់យូហ្គា ធ្វើសមាធិ ឬម៉ាស្សា។ល។ ដើម្បីជួយកាត់បន្ថយការឈឺចាប់។
៤. ជៀសវាងញ៉ាំគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹង អាចធ្វើឲ្យរោគសញ្ញានៃដុំសាច់ស្បូនកាន់តែធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុន។ ដូច្នេះហើយ គ្នាយើងគួរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ទើបជាការប្រសើរ។