ការថែទាំសុខភាពទ្វារមាស មានសារៈសំខាន់ណាស់ចំពោះស្រីៗគ្នាយើង ជាពិសេស អ្នកដែលមានជំងឺទឹកនោមផ្អែម។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមអាចបង្កឲ្យកើតមានបញ្ហាសុខភាពជាច្រើន រួមទាំងការកើនឡើងផលវិបាកចំពោះសុខភាពទ្វារមាស។ ប៉ុន្តែ មានគ្នាយើងភាគច្រើន នៅមិនទាន់បានដឹងច្បាស់ពីទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែម និងសុខភាពទ្វារមាសនៅឡើយ។
បញ្ហាសុខភាពទ្វារមាសទូទៅចំពោះស្ត្រីដែលកើតជំងឺទឹកនោមផ្អែម
ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម ធ្វើឲ្យមានការរំញោចដល់ទ្វារមាស ដោយបង្កើនហានិភ័យនៃការឆ្លងមេរោគតាមរយៈការរួមភេទ។ លើសពីនេះ ជំងឺទឹកនោមផ្អែម អាចបណ្តាលឲ្យមានការធ្លាក់ចុះនូវចំណង់ផ្លូវភេទចំពោះស្ត្រី។ ម្យ៉ាងវិញទៀត ការឆ្លងមេរោគផ្សិតក្នុងទ្វារមាស និងការឆ្លងមេរោគទ្វារមាសប្រភេទផ្សេងទៀត ក៏អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ស្ត្រីដែលកើតជំងឺទឹកនោមផ្អែមផងដែរ។ ជាមួយគ្នានេះដែរ អ្នកជំងឺទឹកនោមផ្អែមទំនងជាប្រឈមនឹងបញ្ហាស្ងួតទ្វារមាស ដែលបង្កឲ្យមានការឈឺចាប់អំឡុងពេលរួមភេទ ក៏ដូចជាការមករដូវច្រើនជ្រុល។
គន្លឹះថែទាំសុខភាពទ្វារមាសសម្រាប់អ្នកជំងឺទឹកនោមផ្អែម
១. ពិនិត្យសុខភាពជាទៀងទាត់
ការពិនិត្យសុខភាពជាប្រចាំ គឺជារឿងដែលមិនអាចខ្វះបានសម្រាប់គ្នាយើងដែលមានជំងឺទឹកនោមផ្អែម។ ក្រៅពីធ្វើតេស្ដជាតិស្ករក្នុងឈាម យើងក៏គប្បីពិគ្រោះសុខភាពទ្វារមាស ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីអាចរកឃើញរោគសញ្ញាដំបូងនៃការឆ្លងមេរោគ ឬបញ្ហាផ្សេងៗ។
២. រក្សាជាតិទឹកក្នុងរាងកាយ
ភាគច្រើន ស្រីៗយើងតែងតែមិនសូវញ៉ាំទឹកច្រើន ដោយសារតែខ្លាចនោមញឹកញាប់ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។ កត្តានេះ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទ្វារមាស និងស្បែកដូចគ្នា។ ដូច្នេះ យើងគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាជាតិរម្អិលធម្មជាតិនៃរាងកាយ និងកាត់បន្ថយហានិភ័យនៃការស្ងួតទ្វារមាស។
៣. ថែទាំអនាម័យទ្វារមាស
ទន្ទឹមនឹងនេះ យើងគួរថែទាំបរិវេណទ្វារមាសឲ្យបានស្ងួត និងស្អាតល្អ។ ជាក់ស្តែង បាក់តេរី និងផ្សិតលូតលាស់កាន់តែច្រើន នៅពេលមានសំណើម។ ហេតុនេះហើយ យើងគួរប្រើទឹកអនាម័យដែលគ្មានជាតិកាត់ ឬសារធាតុបន្ថែមក្លិន ដើម្បីសម្អាតបរិវេណទ្វារមាសផ្នែកខាងក្រៅ ក៏ដូចជាជូតសម្អាតទ្វារមាសឲ្យស្ងួត ក្រោយពេលនោមរួច។
![បញ្ហាទ្វារមាស](https://cdn.hellokrupet.com/wp-content/uploads/2023/08/បញ្ហាទ្វារមាស២.jpg)
៤. ជ្រើសរើសខោទ្រនាប់ដែលធ្វើពីកប្បាស
ខោទ្រនាប់ដែលធ្វើពីកប្បាស អាចជួយឲ្យខ្យល់ចេញចូលបានល្អ ដែលអាចកាត់បន្ថយហានិភ័យនៃការលូតលាស់នៃពពួកផ្សិត ឬបាក់តេរី។ សំខាន់ជាងនេះទៅទៀត យើងគួរជៀសវាងស្លៀកខោទ្រនាប់យូរជាង១៦ម៉ោង។
៥. ជូតសម្អាតពីផ្នែកខាងមុខទៅក្រោយ
បន្ទាប់ពីនោមរួច យើងគួរជូតសម្អាតទ្វារមាសដោយប្រើក្រដាសអនាម័យពីខាងមុខទៅខាងក្រោយ។ ធ្វើបែបនេះ អាចកាត់បន្ថយហានិភ័យនៃការចម្លងបាក់តេរីពីរន្ធគូទ ទៅកាន់តំបន់ពិសេស។ មួយវិញទៀត យើងគួរតែលាងសម្អាតដៃ ក្រោយពេលសម្អាតទ្វារមាសរួច ទើបជាការប្រសើរ។