ពេលខ្លះ យើងអាចបង្កើតកំហុសឆ្គងនៅអំឡុងពេលងូតទឹកដោយមិនដឹងខ្លួន ដែលជាហេតុនាំឲ្យសក់របស់យើងកាន់តែស្ដើងទៅៗ។ ពិតណាស់ សុខភាពសក់ក៏ជារឿងសំខាន់មួយសម្រាប់ស្រីៗយើងដែរ បើសក់ជ្រុះច្រើនជ្រុល វាអាចធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ដូច្នេះហើយ យើងគួរជៀសវាងទម្លាប់ខុសឆ្គងទាំងនេះ អំឡុងពេលងូតទឹក។
១. មិនពាក់ថង់កៅស៊ូរុំសក់ពេលងូតទឹក (Shower cap)
នៅពេលងូតទឹកម្ដងៗ គ្នាយើងប្រហែលជាចង់កក់សក់ ដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែ ការកក់សក់គ្រប់ពេល អាចធ្វើឲ្យស្បែកក្បាលរលាក និងស្ងួត ហេតុនេះហើយ ការពាក់ថង់កៅស៊ូរុំសក់ ជាជម្រើសដ៏ល្អមួយ ដែលអាចជួយការពារសរសៃសក់យើងឲ្យនៅស្ងួតល្អ ក៏ដូចជាកាត់បន្ថយបញ្ហាសក់ជ្រុះ។
២. ប្រើទឹកក្ដៅជ្រុល
ទន្ទឹមនឹងនេះដែរ ការងូតទឹកក្ដៅជ្រុល អាចបំផ្លាញសរសៃសក់របស់យើងបាន ដោយធ្វើឲ្យសក់ស្រអាប់ និងគ្មានជីវិត។ មួយវិញទៀត ការកក់សក់ដោយប្រើទឹកក្ដៅក៏អាចបំផ្លាញស្រទាប់ការពារធម្មជាតិនៃស្បែកក្បាល ដែលធ្វើឲ្យស្បែកក្បាលរមាស់ និងក្រហម។
៣. មិនបានសិតសក់មុនពេលងូតទឹក
គ្នាយើងអាចនឹងសិតសក់ឲ្យសព្វល្អក្រោយកក់សក់រួច ប៉ុន្តែការសិតសក់មុនពេលងូតទឹកអាចជួយឲ្យសក់របស់យើងមិនស្អិត ហើយក្រោយកក់សក់ យើងគ្រាន់តែជូតថ្នមៗជាការស្រេច។ ផ្ទុយទៅវិញ ក្រោយកក់សក់រួច បើយើងត្រដុសខ្លាំងៗ សក់នឹងជំពាក់ចូលគ្នា ក៏ដូចជាជ្រុះកាន់តែច្រើន។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. កក់សក់រាល់ពេលងូតទឹក
ជាមួយគ្នានេះដែរ បើយើងចង់បានសក់ដែលមានសុខភាពល្អ និងមានទម្ងន់ គួរជៀសវាងកក់សក់ញឹកញាប់ពេក ពីព្រោះការកក់សក់ញឹកញាប់អាចធ្វើឲ្យបាត់បង់ប្រេងធម្មជាតិសំខាន់ សម្រាប់ធ្វើឲ្យសក់ភ្លឺរលោង និងមានសំណើម។
![ងូតទឹក](https://cdn.hellokrupet.com/wp-content/uploads/2022/03/ងូតទឹក៤.jpg)
អត្ថបទគួរអាន៖
៥. ញីស្បែកក្បាលជាមួយនឹងក្រចកដៃ
ថ្វីត្បិតតែការញីស្បែកក្បាលអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយក៏ពិតមែន ប៉ុន្តែបើយើងប្រើក្រចកដៃ វាអាចនឹងធ្វើឲ្យស្បែកក្បាលរបស់យើងក្រហាយ និងបណ្ដាលឲ្យរលាកផងដែរ។ ដូច្នេះហើយ គ្នាយើងគួរម៉ាស្សាស្បែកក្បាលដោយប្រើចុងម្រាមដៃរយៈពេលប្រហែល៣នាទី និងជៀសវាងញីត្រលប់ចុះឡើង ជៀសវាងធ្វើឲ្យសក់ជំពាក់កាន់តែខ្លាំង។
ចំណុចសំខាន់
កំហុសឆ្គងមួយចំនួន អំឡុងពេលងូតទឹក អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពសក់យ៉ាងខ្លាំង ដូចជាធ្វើឲ្យសក់ជ្រុះ ស្រអាប់ និងមិនរស់រវើក។ កំហុសឆ្គងទាំងនេះ មានដូចជា៖
- មិនពាក់ថង់កៅស៊ូរុំសក់ពេលងូតទឹក
- ប្រើទឹកក្តៅជ្រុល
- មិនបានសិតសក់មុនពេលងូតទឹក
- កក់សក់រាល់ពេលងូតទឹក
- ញីស្បែកក្បាលជាមួយនឹងក្រចកដៃ