ពិតណាស់ ទារកមានការលូតលាស់ និងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ពួកគេរៀន និងធ្វើរឿងរ៉ាវថ្មីៗជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើអាអូនស្រាប់តែទាញ ឬខ្វាចត្រចៀកខ្លួនឯង ប៉ាម៉ាក់មិនចាំបាច់បារម្ភឡើយ។ ជាក់ស្ដែង មានហេតុផលជាច្រើនដែលនាំឲ្យទារកចាប់ផ្ដើមប៉ះពាល់ត្រចៀកខ្លួនឯង ហើយវាក៏មិនមានគ្រោះថ្នាក់អ្វីដែរ ប្រសិនបើអាអូនមិនមានបង្ហាញរោគសញ្ញាណាមួយ។
មូលហេតុដែលទារកទាញត្រចៀក
១. លេង និងលួងលោមខ្លួនឯង
កូនតូចភាគច្រើនទាញត្រចៀកខ្លួនឯង នៅពេលដែលពួកគេលេង ឬទើបដឹងពីវត្តមានផ្នែកនៃរាងកាយរបស់ខ្លួន។ វាគឺជាការលេង នៅអំឡុងពេលដែលអាអូនអាយុបានប៉ុន្មានខែដំបូង។ មួយវិញទៀត ទារកខ្លះអាចទាញត្រចៀកដើម្បីលួងលោមខ្លួនឯង នៅពេលដែលពួកគេមិនសប្បាយចិត្ត រញ៉ាំរញ៉ូវ ឬព្យាយាមគេង។ ការទាញត្រចៀក ដើម្បីលេង ឬលួងលោមខ្លួនឯងចាប់ផ្ដើមបន្ទាប់ពីក្មេងអាយុបាន៤ខែ និងបញ្ចប់នៅពេលដែលពួកគេអាយុបាន១ឆ្នាំ។
២. ការឆ្លងមេរោគនៅត្រចៀក
ជាមួយគ្នានេះដែរ ទារកអាចទាញ និងប៉ះត្រចៀក ដោយសារតែពួកគេមានការឈឺចាប់ពីការឆ្លងមេរោគនៅត្រចៀក។ ការឆ្លងមេរោគនៅត្រចៀកកើតឡើងជាទូទៅ នៅពេលដែលកូនមានអាយុចន្លោះពី៣ខែដល់៣ឆ្នាំ។ ក្រៅពីការប៉ះ ឬខ្វាចត្រចៀក រោគសញ្ញាដទៃទៀតដែលបញ្ជាក់ថាកូនមានអាការៈឈឺត្រចៀក រួមមាន យំ មិនចង់ញ៉ាំអាហារ ពិបាកគេង គ្រុនក្ដៅ ហៀរសំបោរ រោគសញ្ញាអាលែកហ្ស៊ី ឬក្អួត។
៣. បញ្ហាស្បែក
កូនអាចកំពុងតែព្យាយាមកម្ចាត់បញ្ហារមាស់ នៅពេលដែលពួកគេទាញ ឬត្រដុសត្រចៀក។ ជាទូទៅ កូនជួបប្រទះបញ្ហាស្បែកស្ងួតដោយសារតែហេតុផលជាច្រើន ហើយអាការៈរមាស់នេះ នឹងបាត់ទៅវិញដោយខ្លួនឯង។ ទន្ទឹមនឹងនេះដែរ ត្រអកក៏ជាបញ្ហាស្បែកទូទៅដែលកើតឡើងចំពោះក្មេងដូចគ្នា។ រោគសញ្ញានៃជំងឺត្រអកដែលកើតមានញឹកញាប់ មុនពេលដែលអាអូនអាយុបាន១ឆ្នាំមានដូចជា ស្បែកបែកស្រកា ស្ងួត ក្រហម ហើម កន្ទួលតូចៗនៅលើស្បែក ខ្ទុះ ស្បែកងាយប្រតិកម្ម អាអូនយំ ឬពិបាកគេង ឬមិនចង់ញ៉ាំអាហារ។
៤. ដុះធ្មេញ
កូនតូចអាចទាញត្រចៀកដោយសារតែការរលាកអញ្ចាញធ្មេញ ដែលរាលដាលដល់ថ្គាមខាងក្រោម។ ជាងនេះទៅទៀត ពួកគេអាចបង្ហាញសញ្ញាផ្សេងៗដូចជារលាកអញ្ចាញធ្មេញ ហៀរទឹកមាត់ហួសកម្រិត និងចង់ខាំញឹកញាប់។
ក្រៅពីមូលហេតុទាំងនេះ ទារកមួយចំនួនអាចមានទម្លាប់ទាញត្រចៀកនៅពេលដែលពួកគេរញ៉ាំរញ៉ូវ ហើយនៅក្នុងករណីកម្រខ្លះទៀត អាអូនអាចទាញត្រចៀកដោយសារតែពួកគេរងរបួសជាលិកាមុខ។
ពេលណាគួរនាំកូនទៅជួបនឹងគ្រូពេទ្យ?
ប្រសិនបើទារកបន្តទាញត្រចៀករយៈពេលច្រើនជាង១សប្ដាហ៍ ឬពួកគេតែងតែយំ ឬបញ្ហាពីអាការៈមិនស្រួលខ្លួន ឬឈឺចាប់ខណៈពេលទាញត្រចៀក ចូរនាំកូនទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។ រោគសញ្ញាដទៃទៀត រួមជាមួយនឹងការទាញត្រចៀក ដែលប៉ាម៉ាក់គប្បីយកចិត្តទុកដាក់ រួមមាន៖
- ក្ដៅខ្លួនលើសពី៣៨អង្សាសេ
- មានសារធាតុរាវចេញពីត្រចៀក
- ស្នាមក្រហមនៅចង្អូរត្រចៀក
- មានសម្បោរ ឬហៀរទឹកមាត់ច្រើន
- មានវត្ថុអ្វីមួយនៅក្នុងចង្អូរត្រចៀក
- រោគសញ្ញានៃការឆ្លងមេរោគ ដូចជាក្អួត រាករូស មិនចង់ញ៉ាំអាហារ និងមានបញ្ហាគេង។
[embed-health-tool-vaccination-tool]