ម៉ាក់ប៉ាមួយចំនួនអាចនឹងជួបបញ្ហាទាក់ទងនឹងការមើលថែទារកទើបនឹងកើត ពិសេសនោះគ្នាយើងដែលក្លាយជាម៉ាក់ប៉ាថ្មីថ្មោង។ ទារកទើបនឹងកើតទាមទារការយកចិត្តទុកដាក់ខ្ពស់មែនទែន ព្រោះបើយើងប្រហែសតែបន្តិច អាចបង្កបញ្ហាធ្ងន់ដល់កូនដូចជា ប្រកាច់ជាដើម។
មូលហេតុអ្វីបានទារកក្រោម២៨ថ្ងៃប្រកាច់?
១. ខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ ការប្រកាច់អាចចេញជារោគសញ្ញាលើទារកនៅអាយុក្រោម ៧២ម៉ោង
២. ហូរឈាមក្នុងខួរក្បាល
៣. ជំងឺមេតាបូលិកមួយចំនួន ដូចជាការថយចុះជាតិស្ករ ការថយចុះកាល់ស្យូម និងការថយចុះម៉ាញ៉េស្យូម ច្រើនកើតមានលើទារកអាយុក្រោម ៧២ម៉ោង ឬក៏នៅអំឡុងពេលចាប់ផ្ដើមបំបៅដោះដំបូង
៤. ឆ្លងមេរោគមួយចំនួនដែលប៉ះពាល់ដល់ខួរក្បាលដូចជា មេរោគ Toxoplasmose, Pneumoniae
៥. ការវិវត្តមិនធម្មតារបស់ខួរក្បាលតាំងពីកំណើត
យើងអាចសន្និដ្ឋានបានពីផលប៉ះពាល់ដល់ការវិវត្តនៃផ្នែកបញ្ញាស្មារតី និងកាយសម្បទាទៅថ្ងៃមុខ។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ទារកអាចប្រកាច់មួយចំហៀងខ្លួន ឬក៏ប្រកាច់ពេញតួខ្លួន។ ការប្រកាច់របស់ទារកមាន ៣ សណ្ឋានដូចជា៖
- Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ចលនាក្នុង ១វិនាទី
- Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន
- Myoclonic៖ ជាការប្រកាច់នៅផ្នែកណាមួយនៃតួខ្លួន
មន្ទីរពេទ្យ កាល់ម៉ែត បន្ថែមទៀតថា ចំពោះរោគសញ្ញាដែលបញ្ជាក់ថាទារកប្រកាច់រួមមាន ចលនាទំពារ ចលនារបៀបធាក់កង់ ចលនាគ្រាប់ភ្នែកមិនធម្មតា (ស្លើភ្នែកឡើងលើ) ជាដើម។ អ្វីដែលគួរកត់សម្គាល់នោះ គឺម៉ាក់ប៉ាកុំច្រឡំ ការប្រកាច់របស់ទារកជាមួយរោគសញ្ញាមួយចំនួនដូចជា ការភ្លឹកៗរបស់ទារកពេលគេង និងការញ័រចុងដៃ ឬក៏ចុងជើងរបស់ទារកជាដើម។