backup og meta

សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Aug 14, 2020

    សញ្ញាទាំង ៦ នេះបង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះមានអារម្មណ៍ស្រឡាញ់ម៉ាក់ប៉ាហើយ

    ទោះ​បីយើង​ប្រាថ្នាចង់ឮពាក្យ​ថា​ស្រឡាញ់ពីមាត់កូន​ ដែលនៅជាទារកនៅឡើយនោះ ខ្លាំង​ប៉ុនណាក៏ដោយ តែធាតុពិត​មិន​អាច​ទៅរួច​នោះ​ឡើយ​ តែប៉ាម៉ាក់​នៅតែ​អាច​ដឹងបាន​ថា​អូនៗ​មាន​ចិត្ត​ស្រឡាញ់​យើង​កម្រិត​ណាបាន​តាម​រយៈសកម្ម​ភាព​មួយ​ចំនួន​ដែរ​។

    ពេល​កូនខំសម្លឹង​ភ្នែក​ប៉ាម៉ាក់

    ទារក​ចូល​ចិត្ត​ចង់​សម្លឹង​មើល​មុខ​ណាស់ ហើយ​មុខយើង​​គឺ​ជា​វត្ថុ​សំណព្វ​របស់​ពួក​គេ​។​ ការសម្លឹង​មិន​ដាក់​ភ្នែក​ប្រកប​ដោយ​អារម្មណ៍​នោះហើយ​​ ដែល​អូនៗ​ប្រើ​ដើម្បី​ទាញ​យក​សេចក្តី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់ពី​ប៉ាម៉ាក់​ឲ្យ​មើល​ថែ​ទាំ​គេ ដែល​នេះ​គឺ​​ជា​សភាវ​គតិ​​របស់​សត្វ​​មាន​ជីវិត ​ដែល​ត្រូវ​​ធ្វើ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ជា​ប្រចាំ​។​ អ្វី​ទាំង​នេះ​ក៏​ជា​ការ​ចាប់​ផ្តើម​នៃ​សេចក្តី​ស្រឡាញ់​របស់​កូន​​ចំពោះ​យើង​ ព្រោះ​ពួក​គេ​កំពុង​តែ​ស្គាល់​នូវ​សារៈ​សំខាន់​របស់​យើង​​នៅ​ក្នុង​ជីវិត​ពួក​គេ​។​

    ពេលទារកអាច​ស្គាល់ក្លិន​របស់យើង​

    ទារក​អាច​ស្គាល់​អ្នក​មើល​ថែទាំ​ពួក​គេ​បានត្រឹម​​ក្នុង​រង្វង់​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​​ ហើយ​អ្នក​មើល​ថែ​ទាំ​ទារក​នោះ​ហើយ ដែល​​​ជា​និច្ច​កាល​ជា​អាទិភាព​កំពូល​របស់​ទារក​​។​ បើ​និយាយ​ចំពោះ​អូនៗវិញ បើ​សិន​ជា​យើង​ឲ្យ​ជម្រើស​ចំពោះ​ក្លិន​កុលាប​មួយ​ចំនួន​ដែល​មាន​ក្លិន​ក្រអូប​​ និង​អាវយឺត​បែក​ញើស​​ប្រឡាក់​ទឹក​ដោះ​របស់ម៉ាក់ៗ​​ ទារក​នឹង​ជ្រើស​រើសអាវ​នោះ​គ្រប់​ពេល​ជា​មិន​ខាន។ សម្រាប់​ទារក​ គ្មាន​អ្វី​មាន​ក្លិន​ល្អ​ប្រសើរ​ជាង​ក្លិន​នៅជាប់​​ម្តាយ​របស់​ពួក​គេ​នោះ​ឡើយ​។​

    ពេលទារកញញឹមដាក់យើង​

    មនុស្ស​មួយ​ចំនួន​ស្មាន​​ថា​ការ​ញញឹម​ដំបូង​គេ​បំផុត​របស់​ទារក​គឺ​គ្រាន់​តែ​ជា​ការ​​រេ​ផ្លិច​ដោយ​អចេតនា​ប៉ុណ្ណោះ​។​ តាម​ពិត​​ការ​សិក្សា​​នា​ពេល​ថ្មីៗ​​នេះ​បាន​បង្ហាញ​​ថា​ការ​ញញឹម​របស់​ទារក​អាច​មាន​ន័យ​​ច្រើន​ជាង​នេះ​។​ ការ​ញញឹម​លើក​ទី​មួយ​របស់​ទារក​ប្រហែល​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដ៏​អស្ចារ្យ​បំផុត​។​ វា​គឺ​ជា​របៀប​ផ្ទាល់​របស់​ពួក​គេ​ក្នុង​ការ​និយាយ​ថា​ “កូន​ស្រឡាញ់​ម៉ាក់​”​។​ នៅ​ចន្លោះ​រវាង​អាយុ​ ៦ និង​ ៨ សប្តាហ៍​ យើង​អាច​ចាប់​បាន​ការ​ញញឹម​ពិត​ប្រាកដ​ដែលនោះ​ជា​​​ថ្ងៃដែល​ម៉ាក់ៗ​ប៉ាៗ​គិត​ថា​ជាថ្ងៃ​ដ៏​​ភ្លឺ​ស្រស់​ស្រាយ​មួយ​។​

    ពេលទារកព្យាយាមនិយាយនឹងយើង

    ការ​និយាយ​រហ៊ឹមៗ​​ក្នុង​ដំណាក់​កាល​ដំបូងៗរបស់អូនៗ​ គឺ​សម្ដៅ​មក​លើ​ម៉ាក់ៗ ឬអ្នក​មើល​ថែទាំ​គេ​ហ្នឹង​ឯង ព្រោះអ្នក​ទាំង​នេះជា​មនុស្ស​ដែល​អូនៗ​ទុក​ចិត្ត​។ ភាសា​ដំបូងនេះ​នឹង​ផ្សារ​ភ្ជាប់​អូនៗ​ នឹង​ប៉ាម៉ាក់​ ហេតុ​នេះ​ហើយ​បានជា​យើង​ត្រូវ​ព្យាយាម​និយាយ​ទៅ​កាន់​កូន​វិញ។​ ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ការ​បង្កើត​វេទិកា​សន្ទនា​មួយ​សម្រាប់​យើង និង​អូនៗ​នោះ​ពេល​ក្រោយ​មក​ទៀត​។​

    ពេលទារកមានចំណាប់អារម្មណ៍ដូចយើង​ដែរ

    ប្រសិន​ជា​អ្វីដែល​​យើង​បានធ្វើ​ ហើយ​អូនៗ​បាន​​ព្យាយាមធ្វើ​​ត្រាប់តាម មាន​ន័យ​ថា​​​ទង្វើ​នៃ​ការ​ត្រាប់​តាម​​​នោះ​​ជា​ការ​​យក​ចិត្ត​ទុក​ដាក់លើ​​គ្នា​ទៅ​វិញ​ទៅ​មករវាង​ប៉ាម៉ាក់ និង​អូនៗ​​។​ ការ​យក​ចិត្ត​ទុក​ដាក់លើ​​គ្នា​ទៅ​វិញ​ទៅ​មក​អាច​នឹង​ចាប់ផ្តើម​មាន​ឡើង​គ្រាន់​តែ​អូនៗ​បាន​អាយុ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​​ តែ​វា​ទំនងនឹង​មាន​កាន់តែ​​​ខ្លាំងពេល​អូនៗ​អាយុ​ ៩ ទៅ​១២ខែ​។​ នេះ​​បង្ហាញ​​ថាកូន​យើង​​នៅ​ខាងយើង​​ ហើយ​ចាត់​ទុក​អ្វី​ដែលយើង​​ធ្វើ​ជា​សាច់​ការ​មិន​មែន​ជា​ការ​លេង​សើច​ទេ​។​

    ពេលទារកចេះពួនពីក្រោយយើង​

    កុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេក​ប្រសិន​បើ​អូនៗ​ចេះ​ពួន​ពីក្រោយ​​យើង នៅ​ពេល​នរណា​ម្នាក់​ថ្មី​បង្ហាញ​មុខ​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន​ទាល់​​តែ​សោះ​នោះ​។​ “ភាព​ថប់​បារម្ភ​ដោយ​សារ​មនុស្ស​ចម្លែក​មុខ​” គឺ​ជា​ដំណាក់​កាល​ធម្មតា​។​ ប្រសិន​បើកូន​​ស្វែង​រក​ការ​ការ​ពារ​ពី​យើង​ នោះ​​មាន​ន័យ​ថា​អូនៗ​​ស្រឡាញ់​យើង​​ និង​ជឿ​ជាក់​ថាយើង​​អាចការ​ពារ​​រក្សា​ពួក​គេ​ឲ្យ​មាន​សុវត្ថិ​ភាព​បា​ន​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Aug 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម