វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់?

    វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់?

    ភាគ​ច្រើន​គ្នា​យើង​សុទ្ធ​តែ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ ដែល​គិត​ថា​ចាំបាច់។ ម្នាក់ៗគិត​ត្រឹម​ការ​សម្រេច​ចិត្ត​ដែល​គិត​ថា​សំខាន់ នៅ​មាន​រឿង​រ៉ាវ​អាក្រក់ៗជា​ច្រើន​ទៀត​ដែល​ថ្ងៃ​នេះ “Hello គ្រូពេទ្យ” ចង់​លាត​ត្រដាង។

    មិន​ខុស​អី​ពី​ឱសថ​ផ្សេងៗ​ទេ ការ​ចាក់​ថ្នាំ​បង្ការ​តែងតែ​មាន​ហានិភ័យ និង​ផល​អាក្រក់​ដែល​អាច​ជួបប្រទះ។ ប្រតិកម្ម​ជាមួយ​ថ្នាំ​បង្ការ​គឺ​ជា​ហានិភ័យ​ដែលកម្រ​បំផុត។ ដូចនេះ ប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំ​បង្ការ ច្រើន​ជាង​ហានិភ័យ ព្រោះ​គ្រប់​ថ្នាំ​បង្ការ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ និង​ពិសោធន៍​យ៉ាង​ល្អិតល្អន់​បំផុត ហើយ​ក្រោយ​ចេញ​ចរាចរ ឬ​ប្រើប្រាស់​លើ​ទីផ្សារ​ក៏​ក្រុម​ជំនាញនៅ​បន្ត​តាម​ដាន​ដើម្បី​សុវត្ថិភាព​ជា​ដរាប។

    មុខងារ​របស់​ថ្នាំ​បង្ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ប្រព័ន្ធភាពស៊ាំ​​ការពារ​របស់​មនុស្ស​កាន់​តែ​​ប្រសើរ​ជាង​មុន ដែល​ភាគ​ច្រើន​គេ​ចាក់​វ៉ាក់សាំង​ជំងឺ​អ្វី​មួយ​តាំង​ពី​កុមារភាព។ ផល​អាក្រក់​ថ្នាំ​បង្ការ​ដែល​​តែង​កើត​ក្រោយ​ចាក់ ប៉ុន្តែ​អាការៈ​ទាំង​នេះ អាច​នឹង​បាត់​ទៅ​វិញ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​ថ្នាំ៖
    – ឡើង​កម្ដៅ​លើស ៣៨,៥ អង្សាសេ
    – ឡើង​កន្ទួល​ក្រហម ​ហើម នៅ​កន្លែង​ចាក់​ម្ជុល
    – ឈឺក្បាល ​អស់​កម្លាំង ឬ​ក្អួត​ចង្អោរ
    – រាក ក្អួត ​និង​ ឈឺ​សាច់ដុំ ឬ​សន្លាក់។

    ប្រតិកម្ម​ថ្នាំ​អាច​បាត់​បង់​ជីវិត-ចំណុច​សំខាន់​ត្រូវ​ចាំ៖
    ត្រូវ​ចំណាំ​ថា​មុន​ពេល​យក​កូន​ទៅ​ចាក់​​ថ្នាំ​​បង្ការ សូម​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​បង្ការ​ដែល​ធ្លាប់​ប្រតិកម្ម​នឹង​កូនយើង​ពី​មុន​មក ព្រោះ​ក្មេង​ខ្លះ​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​បង្ការ​មួយ​ចំនួន។ ឧទាហរណ៍៖ ប្រតិកម្ម​ជាមួយ​ធាតុ​ល្អិត​មួយ​ចំនួន​របស់​ប្រូតេអ៊ីន​ស៊ុត​ ដែល​មាន​​ក្នុង​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ ឬ​ ថ្នាំ​ផ្សះ​ខ្លះ​ទៀត​ ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ផលិត​ថ្នាំ​បង្ការ។ ដូច្នេះ​ហើយ​យើង​មាន​ប្រតិកម្ម​​នឹង​ប្រូតេអ៊ីន​ស៊ុត មិន​គួរ​ទទួល​យក​ថ្នាំ​បង្ការ​ណា​ដែល​ផលិត​ពី​ប្រូតេអ៊ីន​នេះ​ទេ។

    ទោះ​មាន​តែ​មួយ​ភាគ​តូច​​ក្នុង​សារធាតុ​ផ្សំ​ថ្នាំ​បង្ការ​ក៏​ដោយ ពេល​យើង​លេប/ចាក់​ថ្នាំ​បង្ការ អាច​ប្រឈម​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ ដែល​គេ​ហៅថា “ប្រតិកម្ម​ថ្នាំ”។ ប្រតិកម្ម​ថ្នាំជា​បញ្ហា​កម្រ​ជួប​ណាស់ តែ​បើ​​កើត​ឡើង​ហើយ ​គឺ​អាច​ប៉ះពាល់​ដល់​ជីវិត​ ហើយ​ ទាមទារ​ការ​សង្គ្រោះ​បន្ទាន់​ជា​ចាំបាច់។ យ៉ាងណាមិញ​ បន្ទាប់​ពី​ការ​ចាក់​ថ្នាំ​បង្ការ គឺ​មាន​មនុស្ស​តែ​ ១នាក់​ ក្នុង​ ១លាននាក់​ ប៉ុណ្ណោះ​ដែល​អាច​ជួប​បញ្ហា​ដូច្នេះ។

    ចាំបាច់៖ ត្រូវ​ដឹង​ពី​ខ្លួន​ឯង ប្រសិន​បើយើង ឬ​កូន ធ្លាប់​មាន​ប្រតិកម្ម​​ថ្នាំ​បង្ការ​ពី​មុន​មក​ គួរ​ចាំ​ថា​ត្រូវ​ផ្ដល់​ព័ត៌មាន​ទាំង​នេះ​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​​​គ្រូពេទ្យ​ឯកទេស​អាច​តាមដាន​អំពី​អាការៈ​យើង​ឲ្យ​បាន​ដិត​ដល់​បន្ទាប់​ពី​ការ​ចាក់​ថ្នាំ​បង្ការ។

    របៀប​ដោះស្រាយ​ផល​ប៉ះពាល់​ក្រោយ​ចាក់​ថ្នាំ​បង្ការ​កុមារ
    បញ្ហា ឬ​ផល​អាក្រក់​ប៉ះពាល់​ទៅ​លើ​ទារក ឬ​ កុមារ ​​ភាគ​ច្រើន​ដែល​បង្ក​ឡើង​នៅ​កន្លែង​ចាក់​ម្ជុល (ក្រហម ហើម ឡើង​ប៉ោង​រឹង)។ មុខ​ម្ជុល​នេះ​ នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ដោយ​មិន​ចាំបាច់​ព្យាបាល​ទេ។ កុមារ​ភាគ​ច្រើន​អាច​ឡើង​កម្ដៅ។ បើ​កើន​កម្ដៅ ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ស្ដើង ឬ​មិន​ត្រូវ​ដណ្ដប់​ភួយ ហើយ​ ឲ្យយើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ឲ្យ​កូន​ញ៉ាំ​ថ្នាំ ​ប៉ារ៉ាសេតាម៉ុល ​ឬ ​អ៊ីប៊ុយប្រូហ្វេន ​ប្រភេទ​ទឹក​សម្រាប់​កុមារ​ ទៅ​តាម​ការ​ណែនាំ​លើ​សំបក​ដប វេជ្ជបញ្ជា ឬ​សួរ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម សុទ្ធ​តែ​ជា​រឿង​ចាំបាច់ សម្រាប់​បញ្ចុះ​កម្ដៅ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Possible Side-effects from Vaccines. https://www.cdc.gov/vaccines/vac-gen/side-effects.htm.  Accessed May 16, 2017.

    Vaccine side effects. http://www.nhs.uk/Conditions/vaccinations/Pages/reporting-side-effects.aspx. Accessed May 16, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 27/11/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត