backup og meta

កូនអាចមានជំងឺខ្សោយភ្នែក បើឃើញចេញអាការៈទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 21, 2022

    កូនអាចមានជំងឺខ្សោយភ្នែក បើឃើញចេញអាការៈទាំងនេះ

    ជំងឺខ្សោយភ្នែក ឬ ជំងឺភ្នែកខ្ជិល (Amblyopia) ស្ដាប់ទៅហាក់ដូចជា សាមញ្ញ ហើយទំនងដូចជា ជំងឺដែលមិនសូវគួរឲ្យព្រួយបារម្ភ ជាពិសេសទៀតនោះ ដូចជាមិនសូវធ្លាប់បានឮពីមុនមកផង។ ប៉ុន្ដែសម្រាប់ ថ្ងៃ នេះ Hello គ្រូពេទ្យ សូមចែករំលែក អំពីព័ត៌មានខ្លះៗ ទាក់ទងនឹង កត្ដាដ៏គួរឲ្យបារម្ភ និង ចំណុចគួរអនុវត្ដ ដើម្បីជៀសវាងពីជំងឺនេះ។

    ជាក់ស្ដែង ជំងឺខ្សោយភ្នែក ជាប្រភេទជំងឺម្យ៉ាង ដែលកើតមានជាយូរមកហើយ ហើយជាទូទៅ តែងកើតមាន​ចំពោះកុមារ ចាប់​ពី​កើត រហូតដល់អាយុ ៧ឆ្នាំ។ ភាគច្រើន ជំងឺនេះកើតឡើងដំបូង មិនសូវបង្ហាញសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក៏មិនសូវ​បង្កជាបញ្ហាអ្វីដល់កុមានោះដែរ ព្រោះកុមារមិនសូវជាប្រតិកម្មនឹងការលំបាក ជាមួយនឹងជំងឺនេះ ដែលជាហេតុ មានកុមារ ​ប្រហែល​ ៣% ដែល​កើតជំងឺនេះ ត្រូវ​ការពាក់វែនតា​អស់មួយជីវិត។

    ជំងឺភ្នែកខ្សោយ ជាទូទៅ កើតឡើង​លើភ្នែកម្ខាង អាចខាងស្ដាំ ឬ ខាងឆ្វេង។ កុមារដែលកើតជំងឺនេះ គឺ​មិនអាចប្រើប្រាស់ភ្នែកបានទាំងពីរដូចមនុស្សធម្មតា នោះទេ ពោលភ្នែកម្ខាងដែលមានជំងឺបាត់បង់ ភាពមើលឃើញច្បាស់ ប្រែ​ជា​ ព្រិល ស្រអាប់ ហើយសកម្មភាពភ្នែក ក៏មានសភាពមិនត្រឹមត្រូវ ជាមួយនឹងភ្នែកម្ខាងទៀតដែរ អាចទាញ ទៅលើ ទៅក្រោម ពីឆ្វេង ឬ ស្ដាំ ជារូបភាព​អាចច្រឡំទៅនឹងភ្នែកស្រលៀង។ ភ្នែកមានបញ្ហា ត្រូវបាត់បង់ ការគ្រប់គ្រង បាត់បង់ការបញ្ជូនព័ត៌មានច្បាស់លាស់ទៅកាន់ខួរក្បាល ជាហេតុទើបដំណើរការខួរក្បាល​មិនអាចប្រតិកម្មរហ័ស ដូចភ្នែកម្ខាងទៀត។ កុមាដែលមិនបានព្យាបាល បើធ្ងន់ធ្ងរ អាចប្រឈមនឹងការងងឹតភ្នែកម្ខាង តែបើស្រាលអាចត្រឹមតែ​មើលឃើញ​អត់ច្បាស់​ជារៀងរហូត។​

    កត្ដាអ្វីទើប កុមារ ឈានទៅដល់ការកើតជំងឺមួយនេះ?

    ជំងឺ ភ្នែកខ្សោយ ជាទូទៅបង្កឡើងដោយការលូតលាស់​មិនប្រក្រតីនៃភាពមើលឃើញច្បាស់ ពីកំណើតរបស់កែវភ្នែក ដែលដំណើរ​ការនេះ មានទំនាក់ទំនងនឹងស្រទាប់ នៃប្រព័ន្ធសរីរាង្គសំខាន់ៗរបស់ភ្នែក ហើយត្រូវបញ្ជូនទិន្ន័យទៅកាន់ខួរក្បាល។

    ដូច្នេះហើយទើប មានកត្ដាមួយចំនួន ដែលបណ្ដាលឲ្យកុមារជួបនឹងបញ្ហាអាក្រក់នេះគឺ៖

    • ការកើតមិនគ្រប់ខែ
    • ការកើតមិនគ្រប់គីឡូ
    • ការមានប្រវត្ដិគ្រួសារមានធ្លាប់មានជំងឺភ្នែកខ្សោយ
    • ការវិវត្ដរាងកាយ មិនប្រក្រតី
    • ការវិវត្ដពីជំងឺភ្នែកឡើងបាយ

    តើរោគសញ្ញា ជំងឺនេះ មានអ្វីខ្លះ?

    កុមារ ដែលចាប់ផ្ដើមកើតជំងឺប្រភេទនេះ ប៉ាម៉ាក់ អាច​កត់​សម្គាល់​លើចំណុចសំខាន់ៗមួយចំនួនដូចជា៖

    ភ្នែកកុមារមានសភាព​ទាញម្ខាង (ភ្នែកខ្សោយ)៖ ក្នុងដំណាក់កាលចាប់ផ្ដើម ឬកើតហើយមួយរយៈ ភ្នែករបស់កុមារដែលឈឺ នឹងប្រែប្រួលខុសពីធម្មតា។ តួយ៉ាង ភ្នែកដែលមានជំងឺ នឹងអាចប្រែប្រួលទម្រង់អាចទាញ​ម្ខាង​បើទោះបី កុមារខំប្រឹងសម្លឹងទៅអ្វីមួយក៏ដោយ។ ពោល គឺ​ទ​ម្រង់់ភ្នែកខុសពីប្រក្រតី អាចទាញទៅឆ្វេង ស្ដាំ ឬលើ​ក្រោម។

    ត្របកភ្នែកកុមារធ្លាក់ម្ខាង៖ ត្របកភ្នែកកុមារនឹងធ្លាក់ម្ខាង ជាហេតុកុមារមិនអាច​មើលឃើញអ្វីច្បាស់លាស់នោះទេ កុមារអាចប្រឈមនឹងការ សម្លឹងដោយខិតខំប្រឹងផ្ទៀងផ្ទាត់ ប្រឹងបើកភ្នែក ប្រឹងញីភ្នែក​។ កុមារក្នុងដំណាក់កាលនេះអាចនឹងមិនសូវប្រើប្រាស់ភ្នែកពួក គេទាំងសងខាង ពោលប្រើតែភ្នែក ម្ខាង បិទម្ខាង ឬបើកភ្នែកព្រឹមៗ។

    ខ្សោយភ្នែក

    ឧស្សាហ៍ព្រិចភ្នែក ញីភ្នែក៖ កុមារអាចនឹងព្រិចភ្នែកជាញឹកញាប់ ជាពិសេសពេលពួកគេខំប្រឹងសម្លឹងអ្វីមួយដោយយកចិត្តទុកដាក់។ ជារួម កុមារដែលចាប់ផ្ដើមមានបញ្ហានេះ មិនសូវបង្ហាញពីអាការៈ ឲ្យ​អ្នក​ជុំវិញ​ខ្លួនបាន​ដឹង​នោះទេ​។

    គួរបន្ថែមផងដែរថា ជាទូទៅ កុមារដែលមានវ័យចន្លោះពី ២ទៅ ៣ឆ្នាំ គួរ​ពិនិត្យ តាមដានសុខភាពភ្នែក ជៀសវាងមានជំងឺអ្វីមួយ ដែលមិនបាន​បង្ហាញពីរោគសញ្ញាច្បាស់ បង្កជាផលប៉ះពាល់ដល់ថ្ងៃអនាគត។

    ប្រភេទអាហារកុមារគួរញ៉ាំ

    ជាការចូលរួមចំណែក​ ការពារ និងព្យាបាល ពីជំងឺខ្សោយភ្នែក កុមារ គួតែញ៉ាំជារៀងរាលថ្ងៃ នូវ​ប្រភេទ​អាហារដែលមានផ្ទុកទៅដោយ ជាតិប្រូតេអ៊ីន ជាតិកាល់ស្យូម វីតាមីន beta-carotene និង​ជាតិខ្លាញ់ត្រី ដែលប្រភេទទាំងនោះមានតួនាទីយ៉ាងសំខាន់ ជួយចិញ្ចឹម​សរីរាង្គភ្នែក ឲ្យមានសុខភាពល្អប្រសើរ។ ប្រភេទអាហារទាំងនោះ មានដូចជា នៅក្នុងសាច់ ប្រភេទបន្លែបៃតង មើមការរ៉ុត ស៊ុត និងត្រីសាលម៉ុនជាដើម។​

    ចំណុចសំខាន់

    ជាការព្រួយបារម្ភ អំពីជំងឺមួយនេះ រាល់ឪពុកម្ដាយទាំងអស់ ត្រូវតែយកចិត្ដទុកដាក់ ទៅលើបម្រែបម្រួល សំខាន់ៗដែលកើតមានទៅលើកូនតូចមាន ដូចជា៖
    • ភ្នែកកុមារមានសភាព ទាញម្ខាង
    • ត្របកភ្នែកកុមារធ្លាក់ម្ខាង
    • ឧស្សាហ៍ព្រិចភ្នែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម